អ្នកកាសែតថៃម្នាក់បានសរសេរកំណត់ត្រាទុក ហើយប្រៀបធៀបវិបត្តិអ៊ុយក្រែនដូចប្រទេសថៃ ជាមេរៀនត្រូវចងចាំដែលផ្តល់មូលដ្ឋានទ័ពអាមេរិក ហោះទៅទម្លាក់គ្រាប់លើប្រទេសវៀតណាម និងលាវ

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី20 ខែមិីនា ឆ្នាំ2022 ម៉ោង 8:45 នាទី ល្ងាច

ប្រែសម្រួលដោយ សូរ្យសែង៖

វេបសាយរបស់ថៃ mgronline  សរសេររឿងរ៉ាវរបស់អ្នកកាសែតជាន់ខ្ពស់ជំនាន់មុនរបស់ថៃ ឈ្មោះ សៈឡាក់ លិខិតកុន ដែលបានកំណត់ត្រាប្រវត្តិខ្លះៗអំពីមេដឹកនាថៃពីអតីតកាល ដែលផ្តល់មូលដ្ឋានទ័ពអាមេរិកនៅក្នុងទឹកដីថៃ ។

ត្រូវបានគេស្គាល់ថា ហេតុអ្វី​អ៊ុយក្រែន​ឥឡូវ​ត្រូវ​រុស្ស៊ី​វាយ​ប្រហារ? នេះគឺដោយសារតែបន្ទាប់ពីការដួលរលំនៃសហភាពសូវៀត ក្រោមការដឹកនាំរបស់ប្រធានាធិបតី មីខាអ៊ីល ហ្គោបាឆូវ (Mikhail Gorbachev) ដែលបានបំបែកទៅជា ១៥ រដ្ឋតូចៗ ភាគច្រើនបានងាកទៅរកលោកខាងលិច ដោយសង្ឃឹមថានឹងជួយការពារពី ណាតូ ដែលបាន​ពង្រីក​ជា​បណ្តើរៗ​ទៅ​ជុំវិញ​រុស្ស៊ី រហូត​ដល់​អ៊ុយក្រែន ​ដែល​រុស្ស៊ី​សង្ឃឹម​ថា​ជា​ការ​រារាំង ពេល​ដែល​ប្រធានាធិបតី​បច្ចុប្បន្ន​ដែល​មក​ពី​តារាត្លុក​ល្បី ប៉ុន្តែ​​គ្មាន​បទពិសោធន៍​ក្នុង​រឿង​នយោបាយ ក៏ចង់នឹងក្លាយជាសមាជិកនៃអង្គការណាតូផងដែរ, រុស្ស៊ី​មិន​អាច​អនុញ្ញាត​ឲ្យ​អង្គការ​ណាតូ​បង្កើតហ្គេម ​ដើម្បី​វាយប្រហារ​រុស្ស៊ី​ទេ ។

ប្រទេសថៃស្ទើរតែដូចអ៊ុយក្រែន នៅពេលដែលរដ្ឋាភិបាលក្នុងសម័យមួយបានប្រើគោលនយោបាយជា «កូនជឹងអាមេរិក» ដោយបញ្ជូនទាហានទៅធ្វើសង្រ្គាមនៅវៀតណាម ដែលពេលនោះអនុញ្ញាតឱ្យសហរដ្ឋអាមេរិកបង្កើតមូលដ្ឋានយោធានៅ ខេត្តតៈផៅ, ឧត្តរថានី, ណៈខនភ្នំ, អ៊ូប៊ុន, កូរ៉ាច, និង តាកលី រួមទាំងអាកាសយានដ្ឋានដនមឿងផងដែរ បានបញ្ជូនអ្នកប្រយុទ្ធដ៏មានឥទ្ធិពលបំផុត មានការដឹកជញ្ជូនគ្រាប់បែកទៅទម្លាក់នៅវៀតណាមខាងជើង និងលាវ ប្រមាណ ៨៧៥ ទៅ ១.៥០០ ជើងក្នុងមួយសប្តាហ៍ ។ យន្តហោះទម្លាក់គ្រាប់បែក B-52 មួយជើងអាចផ្ទុកបាន ៣២ តោន ប្រយុទ្ធអស់រយៈពេល ១៩ឆ្នាំ ៦ខែ មិនដឹងទម្លាក់គ្រាប់បែកប៉ុន្មានលានតោនទេ តែនៅតែបរាជ័យត្រូវដកទ័ពទៅវិញ ។

ប៉ុន្តែនៅពេលដែលអាមេរិកត្រូវដកទ័ពចេញពីវៀតណាមខាងត្បូងក្នុងខែមេសា ឆ្នាំ១៩៧៥ មុនប៉ុន្មានថ្ងៃ ប្រទេសថៃមាននាយករដ្ឋមន្ត្រីទី ១៣ គឺលោក ឃឹគ្រិត ប្រាម៉ូត ដែលជាទស្សនវិទូដ៏ជ្រាលជ្រៅទាំងផ្នែកប្រវត្តិសាស្ត្រ និងនយោបាយ ​បន្ត​ធ្វើ​ការ​ជាមួយ​នឹង​អាមេរិក ។

នៅក្នុងសេចក្តីថ្លែងការណ៍គោលនយោបាយទៅកាន់សភានៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ១៩៧៥ នាយករដ្ឋមន្ត្រីបានប្រកាស​ពីបំណងចង់បង្កើតបេសកកម្មការទូតថ្មីរវាងប្រទេសថៃ និងចិន ដែលជាសញ្ញាមួយដល់ប្រទេសចិនដំបូង។

ជា​បន្ត​បន្ទាប់​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា លោក​នាយក​រដ្ឋមន្ត្រី រួម​ជាមួយ​ឧត្តម​សេនីយ៍ ឆាតឆៃ ឈុនហាវ៉ាន់ (Chatchai Choonhavan) រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសថៃ ​បាន​ហោះទៅ​ដោយ​ស្ងៀមស្ងាត់​​ ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​ចិន ដែលធ្វើឲ្យពិភពសេរីភ្ញាក់ផ្អើល ។

ពិធីទទួលបដិសណ្ឋារកិច្ចចំពោះនាយករដ្ឋមន្ត្រីថៃ ជាការស្វាគមន៍ដ៏ធំធេងមិនធ្លាប់មានពីមុន ដែលប្រទេសចិនបានទទួល មិន​ថា​ជា​ប្រធានាធិបតី​ប្រទេស​មហាអំណាច ឬ​ជារដ្ឋ​បុរស​នៃ​ប្រទេស​ណា​មួយ​ឡើយ ក្រៅ​ពី​និយាយ​ជាមួយ​នាយក​រដ្ឋមន្ត្រី ចូវ អេនឡាយ និងឧបនាយករដ្ឋមន្ត្រី តេង ស៊ាវពីង ហើយលោកប្រធាន ម៉ៅ សេទុង ក្នុងវ័យចាស់ជរា ក៏បន្ថែមកម្មពិធីពិសេសដែលមិននឹកស្មានដល់ ។

ក្រោយពេលហេតុការណ៍ទៅជួបចិនមក ព្រឹត្តិការណ៍សំខាន់មួយបានកើតឡើង ដែលផ្តល់ឱកាសឱ្យប្រទេសថៃប្រកាសពីការផ្លាស់ប្តូរគោលនយោបាយ ។

នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ១៩៧៥ បន្ទាប់ពីលោក ឃឹគ្រិត បានធ្វើសេចក្តីថ្លែងការណ៍គោលនយោបាយរបស់គាត់ទៅកាន់សភានៅថ្ងៃទី ១៩ ខែមីនា «ករណី Mayaquez» បានកើតឡើងនៅពេលដែលកប៉ាល់ពាណិជ្ជករអាមេរិក កំពុងដឹកគ្រឿងបរិក្ខារពេទ្យ និងស្បៀងមកដល់កំពង់ផែ សាត់ហ៊ិប ពេលឆ្លងកាត់ជិតឆ្នេរសមុទ្រកម្ពុជា តែត្រូវ​បាន​រឹបអូស​ដោយ​នាវា​ចម្បាំងរបស់ខ្មែរ​ក្រហម និងចាប់​នាវិកជាចំណាប់ខ្មាំង ។ បន្ទាប់មក សហរដ្ឋអាមេរិកបានបញ្ជូនទាហានម៉ារីនចំនួន ១.០០០ នាក់ពីអូគីណាវ៉ាទៅកាន់មូលដ្ឋានទ័ព តៈភៅ ប្រទេសថៃ ហើយបានចូលទៅរំដោះយកនាវិកដែលត្រូវបានឃុំខ្លួននៅលើកោះមួយ ដោយចូលរួមពីយន្តហោះមកពីមូលដ្ឋាន ឧត្តរថានី និង ណៈខនរ៉ាចសីមា ។ បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល ៣ថ្ងៃ នាវិកបានត្រឡប់មកវិញ ប៉ុន្តែទាហានអាមេរិក ៤០នាក់បានស្លាប់ និងបាត់ខ្លួនមួយចំនួន ។

រឿងនេះជាព័ត៌មានល្បីខ្ទខ្ទាជុំវិញពិភពលោក ។ រដ្ឋាភិបាល​ថៃ​ចាត់​ទុក​អាមេរិក​ប្រើ​ទឹក​ដី​ថៃធ្វើ​ប្រតិបត្តិការ​នេះ​ គឺជារឿងខុស ។ លោក ឃឹគ្រិត ក៏​បានកោះហៅឯកអគ្គរដ្ឋទូត​អាមេរិក​មក​ជួប ហើយតវ៉ាជាផ្លូវការប្រឆាំងនឹងទង្វើរបស់សហរដ្ឋអាមេរិក និង​បាន​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​ដក​កងកម្លាំង​ទាំងនេះចេញ​ជាបន្ទាន់​ ។

ក្រោយ​មក​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា លោក​ ឆាតឆៃ ឈុនហាវ៉ាន់ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ក៏​បាន​អញ្ជើញ​ឯកអគ្គរដ្ឋទូត​អាមេរិក​មក​ជួប​ដែរ ដើម្បី​ជូន​ដំណឹងជាផ្លូវការថា រដ្ឋាភិបាលថៃនឹងពិនិត្យរាល់កិច្ចសហប្រតិបត្តិការ រវាងប្រទេសថៃ និងសហរដ្ឋអាមេរិក ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ឯកអគ្គរដ្ឋទូត​ថៃ​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន ក៏​ត្រូវ​បាន​បញ្ជា​ឲ្យ​ត្រឡប់​មកទីក្រុងបាងកក​វិញ សម្តែងការមិនពេញចិត្តចំពោះសកម្មភាពនេះ ។

កាលពីថ្ងៃទី ២២ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក ចឺរ៉ាល់ ហ្វដ (Gerald Ford) បានរាយការណ៍ទៅសភាអំពីតម្រូវការចាំបាច់ជាបន្ទាន់ និងស្វែងយល់ពីបញ្ហាដែលកើតឡើងសម្រាប់រដ្ឋាភិបាលថៃ និងនៅតែគោរពអធិបតេយ្យភាព និងឯករាជ្យរបស់ប្រទេសថៃ ព្រម​ទាំងផ្តល់ជំនឿ​ថា​ រឿង​បែប​នេះ​នឹង​មិន​កើត​ឡើង​ទៀត​ទេ ។

កំឡុង​ពេលនោះ និន្នាការសង្គមថៃ ទាំងនិស្សិត សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ ទាំង​អស់​បាន​ដើរ​ក្នុង​ទិស​ដៅ​តែ​មួយ​ដើម្បី​ឲ្យ​អាមេរិក​ដក​ទ័ព​ចេញ​ពី​ប្រទេស​ថៃ ។ ទីបំផុត​ដល់​ពេល​កំណត់ អាមេរិក​ត្រូវ​ដក​ទ័ព ​២៨.០០០​នាក់ និង​យន្តហោះ​ ៣០០​គ្រឿង​ចេញពី​ប្រទេស​ថៃ​។

ទោះយ៉ាងណាក៏ដោយ សព្វ​ថ្ងៃ​នេះ សហរដ្ឋ​អាមេរិក​នៅ​តែ​ចាប់​អារម្មណ៍ ហើយ​នៅ​តែ​ចង់​បាន​អាកាសយានដ្ឋាន តៈផៅ ដដែល ព្រោះវាជាមជ្ឈមណ្ឌលដែលគ្រប់គ្រងចំណុចយុទ្ធសាស្ត្រនៅក្នុងតំបន់នេះ ជាពិសេសការឡោមព័ទ្ធរបស់ចិន ប៉ុន្តែ​ថៃ​នៅ​តែប្រកាស​អព្យាក្រឹតភាពរបស់ខ្លួន មិនមែនជាឧបករណ៍សម្រាប់នរណាម្នាក់ទេ បើទោះជាអះអាងថាជាមជ្ឈមណ្ឌលសម្រាប់ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយក៏ដោយ ឬស្ថានីយ៍ស្រាវជ្រាវ ដែលរដ្ឋាភិបាលមួយបាន «លេស»ធ្វើជាទទួលយក ប៉ុន្តែ​វា​បាន​ទទួល​ការប្រឆាំង​យ៉ាង​ខ្លាំង​ពី​ប្រជាជន។

ករណីនេះបង្ហាញយ៉ាងច្បាស់ពីសារសំខាន់នៃការដឹកនាំប្រទេស បើ​យក​អ្នក​ដែល​គ្មាន​ចំណេះដឹង និង​គ្មាន​បទពិសោធន៍ អ្នកណា​ពូកែ​និយាយ ហើយ​អាច​សើច​បាន​នៅ​ដំណាក់កាល​ឃោសនាបោះឆ្នោត​ វា​នឹង​នាំ​ប្រទេស​ជាតិ​ទៅ​វិនាស​ដូច​អ៊ុយក្រែន​សព្វ​ថ្ងៃ ដូច្នេះតើការបោះឆ្នោតនៅពេលណា? ត្រូវចេះគិតគូរ អំពីវិបត្តិអ៊ុយក្រែនថ្ងៃនេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម