ផ្ទុះបាតុកម្មទូទាំងអាមេរិក! សម្រែកជនជាតិអាស៊ី «មិនត្រូវយកអំពើភេរវកម្មរើសអើងជាតិសាសន៍ ប្រឆាំងនឹងប្រជាជនអាស៊ីទេ»

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី28 ខែមិីនា ឆ្នាំ2021 ម៉ោង 4:33 នាទី ល្ងាច

បាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅឯសង្កាត់ឃ្វីន នៃទីក្រុងញូយ៉កកាលពីថ្ងៃសៅរ៍ ទី២៧ មីនា ជាផ្នែកមួយនៃការប្រមូលផ្តុំទូទាំងប្រទេស ដើម្បីអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាប្រឆាំងជនជាតិអាស៊ី បន្ទាប់ពីការបាញ់ប្រហារនៅហាងស្ប៉ាជាច្រើនកន្លែង ដែលមានជនជាតិអាស៊ីជាម្ចាស់នៅទីក្រុងអាត្លង់តា បណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើន ។

អ្នករៀបចំបានប្រមូលផ្តុំគ្នានៅតាមទីក្រុងចំនួន ៦០ ក្នុងនោះរួមមាន ទីក្រុងចចចៀរ សាន់ហ្វ្រាន់ស៊ីស្កូ ឡូសអេនជឺលេស ឈីកាហ្គោ ឌីត្រយ និង ផតលែនដ៍ ។

លោក ជុឌី ចាង (Judy Chang) តំណាងឲ្យក្រុម ANSWER ដែលជាសម្ព័ន្ធមិត្តប្រឆាំងសង្គ្រាម និងប្រឆាំងការរើសអើងជាតិសាសន៍នៅពីក្រោយបាតុកម្មបានមានប្រសាសន៍ថា «យើងបានឆ្លងរោគរាតត្បាតអស់រយៈពេលមួយឆ្នាំហើយ ប៉ុន្តែអំពើហឹង្សាប្រឆាំងនឹងជនជាតិអាស៊ីបានកើនឡើង», «ប្រជាជនអាស៊ីគ្រប់រូបដែលខ្ញុំស្គាល់ សុទ្ធតែជាអ្នករងគ្រោះដោយសារការយារយី ឬការរំលោភបំពាន», «យើងត្រូវបានគេស្តោះទឹកមាត់ដាក់ គេវាយធ្វើបាបយើង និងត្រូវគេស្រែកជេរ...»។

ងាកមក ការបាញ់ប្រហារនៅថ្ងៃទី ១៦ ខែមីនាកន្លងទៅ បណ្តាលឱ្យមនុស្សស្លាប់ ៨ នាក់ ក្នុងនោះ ៦ នាក់ជាស្ត្រីជនជាតិអាស៊ី បង្កការកង្វល់ និងសោកសៅនៅទូទាំងប្រទេស ដូចគ្នានេះដែរកំពុងតែមានការកើនឡើងនូវការភ័យខ្លាចចំពោះឧក្រិដ្ឋកម្មស្អប់ខ្ពើម ចំពេលមានការផ្ទុះឡើងនៃមេរោគថ្មី ។

«ឈប់មើលចិន និងប្រជាជនចិនថាជាបិសាចអាក្រក់!»​​ នេះជាផ្ទាំងបដាដែលត្រូវបានសរសេរដោយក្រុមអ្នកតវ៉ានៅអាត្លង់តា ស្របពេលដែលអ្នកផ្សេងទៀតបង្ហាញនិមិត្តសញ្ញា និងខ្លឹមសារផ្សេងៗគ្នា រួមមាន «មិនត្រូវយកអំពើភេរវកម្មរើសអើងជាតិសាសន៍ ប្រឆាំងនឹងប្រជាជនអាស៊ីទេ!» ។

មានបដាជាច្រើនទៀត សរសេរថា «ខ្ញុំមិនមែនជាវីរុស ខ្ញុំមិនមែនជាសត្រូវ ខ្ញុំជាមនុស្សអាមេរិកាំងកាត់ចិន ខ្ញុំស្រឡាញ់អ្វីដែលខ្ញុំរស់នៅ...!» ។

អេវីលី អ្នកតវ៉ានៅតំបន់ឃ្វីន បានហៅអំពើហឹង្សាទៅលើប្រជាជនអាស៊ីថាជាផលអវិជ្ជមាននៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ។

កាលកូវីដ-១៩ ចាប់ផ្តើមរាតត្បាតក្នុងសហរដ្ឋអាមេរិកនៅដើមឆ្នាំ ២០២០ អ្នកនយោបាយមួយចំនួន ក្នុងនោះរួមទាំងលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី បានហៅថា «វីរុសអ៊ូហាន់» ឬ «វីរុសចិន» ដែលលោក លី និយាយថា ពាក្យនេះ វាបានផ្តល់ផលប៉ះពាល់យ៉ាងអាក្រក់ដល់ជនជាតិអាស៊ី តួយ៉ាងចិននេះជាដើម ។ «ពួកគេមិនហ៊ានចេញទៅខាងក្រៅទេ ដោយសារអំពើហិង្សាកំពុងផ្ទុះឡើង» ៕

ប្រភព AFP

ដោយ ចាន់ធឿន

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម