វិទ្យុ VOD សរសេរមួលបង្កាច់ដោយចេតនា​ សម្តេចតេជោឲ្យសុំទោសជាកំហិត

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី11 ខែកុម្ភៈ ឆ្នាំ2023 ម៉ោង 7:58 នាទី ល្ងាច

នៅល្ងាចថ្ងៃសៅរ៍ ទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន បានសរសេរសារលើផេកហ្វេសប៊ុករបស់សម្តេច អំពីការផ្សាយមួលបង្កាច់ដោយចេតនារបស់វិទ្យុ VOD មកលើរាជរដ្ឋាភិបាល និង ឯកឧត្តម ហ៊ុន ម៉ាណែត ដូចមានសេចក្តីទាំងស្រុងនៅខាងក្រោម ៖

«ដើម្បីបញ្ចប់នូវការភាន់ច្រឡំឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុ VOD មិនត្រឹមតែ លើ ហ៊ុន ម៉ាណែតប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិបាលទាំងមូលលើការគ្រប់គ្រងថវិកាជាតិ ខ្ញុំសូមចែករំលែកនូវរបៀបគ្រប់គ្រងថវិកានិយាយជារួម និងនិយាយដោយឡែកលើការផ្តល់ជំនួយចំពោះប្រទេសទួរគី។

ច្បាប់និងការអនុវត្តនៅប្រទេសយើងគឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់មានសិទ្ធិបញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិដែលជាអគ្គបញ្ជាការកំពូល។ ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុគឺជានាយអគ្គសេនាធិការសម្រាប់ដឹកនាំអនុវត្ត ឯថ្នាក់ដឹកនាំផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រីមិនមានសិទ្ធិឬមកលូកលាន់កិច្ចការនេះឡើយលើកលែងតែការបញ្ជាចំណាយក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់ថវិកាផ្តល់ជូន។

សម្រាប់ជំនួយទៅប្រទេសទួរគីយោបល់ទីមួយគឺរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ព្រឹកថ្ងៃ8កុម្ភៈ ម៉ោង6.56នាទី។

បញ្ជាខ្ញុំឲ្យប្រកាស់10 ម៉ឺនដុល្លារម៉ោង 7.12នាទី និងបញ្ជូនសំណេរទាំងពីរជូនឯកឧត្តមអូន ពន្ធមុនីរ័ត្ន ដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង7.18នៅព្រឹកថ្ងៃ 8 កុម្ភៈ 2023 ដូចគ្នា។

តើការចោទលើហ៊ុន ម៉ាណែតជាការវាយប្រហារខាងនយោបាយឬជាការភាន់ច្រឡំ? ខ្ញុំទុកពេលឲ្យសូមទោសជាសាធារណៈរយៈពេល 72ម៉ោងដោយសុំទោសរាជរដ្ឋាភិបាលផង និងសុំទោស ហ៊ុន ម៉ាណែត ផង។

ក្រសួងព័ត៌មានត្រូវធ្វើការជាមួយ VOD ព្រមជាមួយគ្នាឯកឧត្តមគី តិច ប្រធានមេធាវីរាជរដ្ឋាភិបាលត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសុំទោស។ យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំនិង ត្រឹមត្រូវរបស់យើងនោះឡើយ។ សូមកុំថាយើងគំរាមឱ្យសោះ(សិទ្ធិរបស់ អ្នកមានព្រំដែនជាមួយសិទ្ធិរបស់អ្នកដទៃ)។

មិត្តភក្តិបរទេស ឬសង្គមស៊ីវិលមុនបញ្ចេញមតិ សូមស្រាវជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុនិងអង្គច្បាប់។

 ចុងក្រោយខ្ញុំសូមរំលឹកនូវពាក្យដាស់តឿនរបស់ខ្ញុំសម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ 14 មករា 2023 កន្លងទៅគឺ«អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត»។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម