ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អធិបតីក្នុងមហោស្រពវប្បធម៌អន្តរជាតិ-កម្ពុជា ២០២៤ ក្រោមមូលបទ៖ «វប្បធម៌ពិភពលោករបស់យើងទាំងអស់គ្នា»

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី05 ខែមិីនា ឆ្នាំ2024 ម៉ោង 8:52 នាទី ព្រឹក

 

អត្ថបទ សូរ្យសែង៖

ព្រឹត្តិការណ៍មហោស្រពនេះ រៀបចំឡើងដោយ ក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក ដោយបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏អស្ចារ្យក្នុងបេះដូងអ្នកចូលរួមទស្សនាទាំងអស់ សរុបជាង ៧.០០០ នាក់ និងបានកៀរគរការអញ្ជើញចូលរួមរបស់តំណាងបណ្ដាប្រទេសនានាសរុប ៤១ ប្រទេស ក្នុងស្មារតីអបអរការបង្ហាញវប្បធម៌ និងលើកស្ទួយការយល់ពីគ្នាទៅវិញទៅមក នៅថ្ងៃទី ២ មីនា ឆ្នាំ ២០២៤ ។

តាមការអញ្ជើញរបស់ក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក កម្ពុជាមាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ដែលមានឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ជាអធិបតី រួមគ្នាផ្ដល់ការគាំទ្រដ៏ខ្ពង់ខ្ពស់ និងជួយឱ្យព្រឹត្តិការណ៍នេះទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏មានស្ថានទូតនៃបណ្ដាប្រទេសនានា និងអ្នកឧបត្ថម្ភកម្មវិធី លោកគ្រូ អ្នកគ្រូ បុគ្គលិក មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស សិល្បករ-ការិនី ដែលបានចូលរួមលើកស្ទួយការយល់ដឹងអំពីវប្បធម៌ទៅវិញទៅមក ។

ក្នុងឱកាសនោះ មានការសម្ដែងសិល្បៈ ទស្សនីយភាពវប្បធម៌ចម្រុះ និងភ្លក្សរសជាតិនំចំណីម្ហូបអាហារប្លែកៗពីជុំវិញពិភពលោក ។ តាមរយៈព្រឹតិ្តការណ៍នេះ បានផ្ដល់នូវបទពិសោធស្វែងយល់អំពីវប្បធម៌ពិភពលោកយ៉ាងពិតប្រាកដ និងនឹកស្មានមិនដល់ !  

ស្របនឹងទិវានេះផងដែរ ថ្ងៃ ៣ មីនា ក៏ជាទិវារំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។ ឆ្នាំ២០២៤ នេះ ទិវាវប្បធម៌ជាតិ នឹងត្រូវធ្វើឡើងជាលើកទី២៦ ក្រោមប្រធានបទដូចមុនដដែលគឺ «យុវជនដើម្បីវប្បធម៌ជាតិ»។

ទិវាវប្បធម៌ ឆ្នាំ ២០២៤ ប្រមុខ​រដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យស្ថាប័នរបស់​រដ្ឋរួមគ្នាធ្វើសកម្មភាពឱ្យផុលផុសពាក់ព័ន្ធនឹងវប្បធម៌ជាតិ ចាប់ពី​ខែមីនា រហូតដល់ពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីលើកកម្ពស់តម្លៃវប្បធម៌ជាតិ។ ការជំរុញនេះធ្វើឡើង​តាម​រយៈសារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម