សម្ដេចតេជោ ៖ បញ្ហាសុខទុក្ខរបស់ស្ត្រីមានផ្ទៃពោះ គឺជាបញ្ហាធំណាស់សម្រាប់សម្ដេច

ព័ត៌មានសង្គមថ្ងៃសុក្រ ទី09 ខែមិថុនា ឆ្នាំ2023 ម៉ោង 10:00 នាទី ព្រឹក

ដោយ តារារិទ្ធ៖

សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បញ្ហាសុខមាលភាពរបស់ស្ត្រីមានផ្ទៃពោះគឺជាបញ្ហាធំណាស់សម្រាប់សម្ដេច ជារឿងមនុស្សម្នាក់ ជីវិតពីរ ដែលយើងត្រូវយកចិត្តទុកដាក់ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បញ្ហាស្នើឲ្យស្រ្តីមានផ្ទៃពោះចេញមុនម៉ោង គឺជារឿងធំសម្រាប់សម្តេចក៏ប៉ុន្តែអ្នកខ្លះបែរជាចាត់ទុកថាជារឿងតូចតាច ។

សម្តេចតេជោ ហ៊ុន សែន បន្តថា «សម្រាប់ពូៗចាត់ទុកថាគឺជាបញ្ហាធំព្រោះពេលចេញជាមួយគ្នាត្រូវប្រជ្រៀតគ្នា ។ គ្រាន់តែខ្ញុំសែលហ្វីជាមួយនឹងស្ត្រីមានផ្ទៃពោះអម្បាញ់មិញនេះ គឺខ្ញុំខ្លាចណាស់ទៅហើយ ។ មានចៅស្រីម្នាក់បានយកដៃខ្ញុំទៅស្ទាបពោះរបស់ខ្លួនដើម្បីឲ្យកូនដែលកើតមកឆ្លាត ព្រោះយើងបារម្ភអំពីការប៉ះទាំងទង្គិចមួយដែលកើតឡើងចំពោះស្ត្រីមានផ្ទៃពោះ។ អ្នកខ្លះចាត់ទុកថាជារឿងតូច ប៉ុន្តែសម្រាប់ពូគឺជារឿង មនុស្សម្នាក់ជីវិតពីរ នៅទីនេះ។ដូច្នេះហើយបានជាយើងខិតខំបង្កើតឡើងនៅកន្លែងបំបៅកូន កន្លែងទទួលទានអាហារ មជ្ឈមណ្ឌលការពារសុខភាពរបស់ស្ត្រីកម្មការិនីនៅតាមរោងចក្រ។ រឿងទាំងអស់នេះគឺជារឿងដើម្បីផលប្រយោជន៍របស់កម្មករ កម្មការិនី។

សម្តេចតេជោបានអរគុណចំពោះរោងចក្រសហគ្រាសទាំងអស់ បន្ទាប់ពីដំណាក់កាលទីមួយនៃការចុះត្រួតពិនិត្យហើយដែលបានដោះស្រាយបញ្ហាជាច្រើនរបស់កម្មករ កម្មការិនីនៅតាមរោងចក្រ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងឱកាសសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបជិត ២ម៉ឺននាក់មកពីរោងចក្រសហគ្រាសចំនួន ១១ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម