សមាជិកព្រឹទ្ធសភា ២៥០ រូបរបស់ថៃ មានសិទ្ធិអ្វីខ្លះ?

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី07 ខែកក្កដា ឆ្នាំ2023 ម៉ោង 6:51 នាទី ល្ងាច

ដោយ សូរ្យសែង៖

ការប្រជុំសភា ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី នឹងកើតឡើងនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង 9:30 ព្រឹក ។ នេះបើយោងតាមលោក វ៉ាន់ មូហាំម៉ាត់ ន័រ ម៉ាថា ប្រធានសភាថ្មី ដែល​បាន​ពិភាក្សា​រួចហើយជាមួយ​លោក ផនផេច វីចិត្រឈុនឆ័យ ប្រធាន​ព្រឹទ្ធសភាអំពីរើសនាយករដ្ឋមន្ត្រី ភីថា ប៉ុន្តែ​បើ​សម្លេង​ឆ្នោត​ជុំ​ទី​មួយ​ឆ្លងមិនរួច គេនឹងត្រៀម​បោះឆ្នោត​យ៉ាងតិច ​២​ដង​ទៀត ​នៅ​ថ្ងៃ​ទី​១៩ កក្កដា និង​២០ កក្កដា ។

បើទោះជាមេដឹកនាំគណបក្សកាវក្លៃបានបញ្ជាក់ថា «មានសញ្ញាវិជ្ជមាន» «មានទិសដៅល្អ» និង «នៅតែសម្លឹងឃើញឱកាស» ក្នុងការរកសម្លេងឆ្នោតគាំទ្រពីសមាជិកព្រឹទ្ធសភា ឲ្យអនុម័តលោក ភីថា លឹម ចារើនរ៉ាត់ សមាជិកសភា ជាមេដឹកនាំគណបក្សកាវក្លៃ គឺជានាយករដ្ឋមន្ត្រីទី 30 ប៉ុន្តែគ្មាននរណាម្នាក់បានបញ្ជាក់ច្បាស់អំពីចំនួនសមាជិកព្រឹទ្ធសភានោះទេ។

ការបង្កើតរដ្ឋាភិបាល ក្រោយការបោះឆ្នោតខែឧសភា ឆ្នាំ 2023 នេះ មុនទទួលបានជានាយករដ្ឋមន្ត្រី ត្រូវពឹងផ្អែកលើការប្រមូលផ្តុំសមាជិកសភាឲ្យបានច្រើន ប្រសិនមិនគ្រប់ ត្រូវខ្ចីដៃសមាជិកព្រឹទ្ធសភា ដែលមានអំណាចក្នុងការរួមសម្លេងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដែលអនុលោមតាមអន្តរកាលនៃរដ្ឋធម្មនុញ្ញឆ្នាំ 2017 ។

ការផ្តល់អំណាច «សមាជិកព្រឹទ្ធសភា» ចំនួន 250 រូប រួមជាមួយសមាជិកសភាចំនួន 500 នាក់ ក្នុងការអនុម័តបុគ្គលដែលតែងតាំងជានាយករដ្ឋមន្ត្រី ។ យោងតាមបទប្បញ្ញត្តិបណ្តោះអាសន្ននៃរដ្ឋធម្មនុញ្ញឆ្នាំ 2017 «ការអនុម័ត» តម្រូវឱ្យមានច្រើនជាងពាក់កណ្តាលនៃសមាជិកដែលមានស្រាប់នៃសភាទាំងពីរ ឬ 376 លើ 750 សម្លេង។

បច្ចុប្បន្ន​គណបក្ស​នយោបាយ​ចំនួន ៨ បាន​ប្រកាស​បង្កើត​រដ្ឋាភិបាលចម្រុះ និង​គាំទ្រ​លោក ភីថា ជានាយករដ្ឋុមន្ត្រី មានសម្លេងសរុបចំនួន 312 នៅក្នុងសភាជាន់ទាប ដែលមានន័យថា គណបក្សកាវក្លៃ និងសម្ព័ន្ធមិត្តត្រូវតែមានសម្លេងយ៉ាងតិច 64 បន្ថែមទៀតពីសមាជិកព្រឹទ្ធសភា ឬ 65 សម្លេង ប្រសិនបើកាត់ចេញពីប្រធានសភា ដែលត្រូវតែ «អនុគ្រោះ» សម្រាប់អព្យាក្រឹតភាពនៅក្នុងសភា ដែលនាំឲ្យ​លោក ភីថា បានជានាយករដ្ឋមន្ត្រី ។

ការបោះឆ្នោតនាយករដ្ឋមន្ត្រីរបស់រដ្ឋសភា ដែលជាការអនុម័តរួមគ្នាលើកដំបូងរវាងសមាជិកព្រឹទ្ធសភា និងសមាជិក​សភា គឺក្រោយការបោះឆ្នោតកាលពីឆ្នាំ 2019 សមាជិកព្រឹទ្ធសភាដែលរើសមកពីក្រុមប្រឹក្សាសន្តិសុខជាតិ បានរួមគ្នាបោះឆ្នោតឲ្យលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា ប្រមុខរដ្ឋប្រហារយោធាជានាយករដ្ឋមន្ត្រី ។ ក្នុងចំណោមសមាជិកព្រឹទ្ធសភា ២៥០ សម្លេងង មាន ២៤៩ បោះឆ្នោតឲ្យឧត្តមសេនីយ៍ ប្រាយុទ្ធ ។ ចំណែក​លោក ផនផេច វិចិត្រឈុនឆ័យ សមាជិក​ព្រឹទ្ធ​សភា​ ជា​អនុប្រធាន​រដ្ឋសភា ​បាន​អវត្តមាន​ក្នុង​ការ​បោះឆ្នោត ។

អំណាចរបស់សមាជិកព្រឹទ្ធសភាបច្ចុប្បន្ន គឺមានទាំងដូចគ្នា និងខុសគ្នាពីសមាជិកព្រឹទ្ធសភានៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ 1997 និង 2007 ប៉ុន្តែផ្នែកខ្លះត្រូវបានបន្ថែមទៅតាមបទប្បញ្ញត្តិដោយឡែកនៃរដ្ឋធម្មនុញ្ញ ពោលគឺ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​យ៉ាងតិច ​២​អាណត្តិ បន្ទាប់ពី​ទទួលបានការតែងតាំងកាលពីថ្ងៃទី 14 ខែឧសភាឆ្នាំ 2019 ។

សមាជិកព្រឹទ្ធសភាក្រោមរដ្ឋធម្មនុញ្ញឆ្នាំ 1997 និង 2007 ដែលកើតចេញពីការបោះឆ្នោត និងការជ្រើសរើស មានអំណាចពិចារណា និងអនុម័តលើការតែងតាំងបុគ្គលឱ្យបំពេញមុខងារក្នុងស្ថាប័នឯករាជ្យមួយស្របតាមរដ្ឋធម្មនុញ្ញ ។ តាម​គោលការណ៍​ដែល​សមាជិក​ព្រឹទ្ធសភា​ពិនិត្យ ​និង​ថ្លឹងថ្លែង​ក្នុង​ការ​គ្រប់គ្រង ក៏មាន​អំណាច​ដក​អ្នក​កាន់​មុខ​តំណែង​ក្នុង​ស្ថាប័ន​ផ្សេងៗបាន ។

ចំណែកសមាជិកព្រឹទ្ធសភាបច្ចុប្បន្ន ដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសន្តិសុខជាតិ (NCPO) មានអំណាចពិចារណា និងអនុម័តលើការតែងតាំងបុគ្គលឱ្យបម្រើការងារក្នុងស្ថាប័នឯករាជ្យ និងនីតិបុគ្គលផ្សេងទៀត ដូចក្នុងរដ្ឋធម្មនុញ្ញមុន ប៉ុន្តែ​គ្មាន​អំណាច​ដក​បុគ្គលស​ចេញ​ពី​មុខ​តំណែង​ផ្សេង​ៗ​នោះ​ទេ ។

យោងតាមរដ្ឋធម្មនុញ្ញឆ្នាំ 2017 អំណាចរបស់សមាជិកព្រឹទ្ធសភាក្នុងការអនុម័តឲ្យបុគ្គលដែលកាន់តំណែងរបស់អង្គការឯករាជ្យស្របតាមរដ្ឋធម្មនុញ្ញ និងមុខតំណែងសំខាន់ៗដែលត្រូវសរសេរក្នុងច្បាប់ផ្សេងទៀតនៃស្ថាប័ននីមួយៗ មានដូចជា តុលាការ អគ្គមេធាវី អង្គការឯករាជ្យ សរុបចំនួន 13 ស្ថាប័នគឺ ៖

អង្គការឯករាជ្យរដ្ឋធម្មនុញ្ញ

1. តុលាការធម្មនុញ្ញ

2. គណៈកម្មការរៀបចំការបោះឆ្នោត (EC)

3. ការិយាល័យប្រជាពលរដ្ឋ

4. គណៈកម្មាធិការការពារ និងប្រឆាំងអំពើពុករលួយ (NACC)

5. គណៈកម្មការសវនកម្មរដ្ឋ និងអគ្គសវនករ

6.គណៈកម្មាធិការសិទ្ធិមនុស្ស

អង្គការផ្សេងទៀតនៅក្រោមច្បាប់

7. អគ្គមេធាវី

8. គណៈកម្មាធិការផ្សព្វផ្សាយ អាជីវកម្មទូរទស្សន៍ និងគណៈកម្មការទូរគមនាគមន៍ជាតិ (NBTC)

9. អគ្គលេខាធិការ​គណៈកម្មការ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់ (AMLO)

10. អគ្គលេខាធិការនៃគណៈកម្មាធិការប្រឆាំងអំពើពុករលួយវិស័យសាធារណៈ (PACC)

11. ប្រធានតុលាការកំពូល

12. តុលាការកំពូល

13. អគ្គលេខាធិការក្រុមប្រឹក្សារដ្ឋ

ក្នុងរយៈពេល 4 ឆ្នាំកន្លងមកនេះ ព្រឹទ្ធសភាបានអនុម័តតំណែងក្នុងស្ថាប័នផ្សេងៗឲ្យបុគ្គលចំនួន 68 នាក់ ហើយ 15 នាក់បានបដិសេធ ទោះបីជាមនុស្សទាំងនោះបានឆ្លងកាត់គណៈកម្មាធិការតែងតាំងដែលមានចែងក្នុងច្បាប់ក៏ដោយ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម