ប្រភពពី Thairath
ដោយ សាវុឌ្ឍ
ទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍នៅថ្ងៃទី 8 ខែសីហាថា ផ្នែកសន្តិសុខអ៊ុយក្រែន (SBU) បាននិយាយថា ខ្លួនបានចាប់ខ្លួនស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ តាមការចោទប្រកាន់ថា នាងជាចារកម្មរុស្ស៊ី និងជាប់ពាក់ព័ន្ធនឹងផែនការធ្វើឃាតប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ សេលេនស្គី (Volodymyr Zelensky) នៅពេលធ្វើដំណើរទៅតំបន់រងគ្រោះនាពេលកន្លងមក ។
SBU បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ត្រីម្នាក់នេះត្រូវបានចាប់បាន ក្នុងពេលអ្នកស្រីនេះ ព្យាយាមបញ្ជូនព័ត៌មានសម្ងាត់ទៅប្រទេសរុស្ស៊ី ។ ទីភ្នាក់ងារនេះបាននិយាយទៀតថា អ្នកស្រីបានព្យាយាមប្រមូលព័ត៌មានស៊ើបការណ៍អំពីការធ្វើដំណើររបស់លោក សេលេនស្គី មុនពេលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ស្រុកមីកូឡាយីវ ដែលមានទីតាំងនៅភាគខាងត្បូងនៃប្រទេស ដែលរងគ្រោះដោយទឹកជំនន់កាលពីខែមិថុនា ។
SBU ក៏បានផ្សព្វផ្សាយរូបភាពមិនច្បាស់នៃជនសង្ស័យ ដែលត្រូវបានចាប់ខ្លួននៅក្នុងផ្ទះបាយ ដោយបានបិទមុខ ។ ជនសង្ស័យរស់នៅក្នុងទីក្រុងតូចមួយនៃ អូចាគីវ ជាកន្លែងដែលលោក សេលេនស្គី បានធ្វើដំណើរទៅកាលពីខែកក្កដា គាត់ធ្វើការនៅក្នុងហាងមួយនៅឯមូលដ្ឋានយោធាក្នុងទីក្រុង ។
លោក សេលេនស្គី បានបញ្ជាក់ថា គាត់ត្រូវបានជូនដំណឹងអំពីការចាប់ខ្លួន រួចនិយាយថា ប្រធាន SBU បានជូនដំណឹងអំពីវឌ្ឍនភាពលើការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម ។
កន្លងមក សេលេនស្គី បានធ្វើដំណើរទៅតំបន់មីខៃលូវក្នុងខែមិថុនា ដើម្បីពិនិត្យមើលការខូចខាតដែលបណ្ដាលមកពីការបាក់ទំនប់នៅកូហ្វកា បន្ទាប់ពីរុស្ស៊ីបានវាយប្រហារទីក្រុង។
SBU បាននិយាយថា ខ្លួនដឹងពីផែនការធ្វើឃាតមុនការចាកចេញរបស់លោក សេលេនស្គី ទៅមីកូឡាយីវ ។ ដូច្នេះវិធានការសន្តិសុខបន្ថែមត្រូវបានដាក់ចេញ និងបានចោទប្រកាន់រុស្ស៊ីពីបទរៀបចំផែនការវាយប្រហារតាមអាកាសដ៏ធំនៅក្នុងតំបន់មីកូឡៃ ខណៈពេលដែលជនសង្ស័យព្យាយាមបញ្ជូនព័ត៌មានអំពីទីតាំងនៃប្រព័ន្ធថាមពល និងឃ្លាំងរំសេវរបស់អ៊ុយក្រែន ដែលអាចត្រូវបានកំណត់គោលដៅដោយយោធារុស្ស៊ី ។
ទោះយ៉ាងណាក៏ដោយ រឿងត្រូវបានគេយល់ថា SBU មិនបានចាប់ខ្លួនជនសង្ស័យនៅពេលដំណើរទស្សនកិច្ចរបស់ របស់លោក សេលេនស្គី ទៅ មីកូឡៃ ទេ តែជំនួសមកវិញបានប្រើវិធានការសន្តិសុខបន្ថែម ដើម្បីការពារការវាយប្រហារលើប្រធានាធិបតីអ៊ុយក្រែន ។ ក្រោយមកសមត្ថកិច្ចបានតាមដានជនសង្ស័យ ហើយរកឃើញផែនការ រួមទាំងការងារដែលទទួលបានពីប្រទេសរុស្ស៊ី ។
ជាលទ្ធផល នាងត្រូវបានគេរំពឹងថា នឹងត្រូវចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានអំពីចលនាអាវុធនិងកងទ័ពអ៊ុយក្រែនដោយគ្មានការអនុញ្ញាត ហើយប្រសិនបើរកឃើញថាមានទោស នាងអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១២ឆ្នាំ ។
អ៊ុយក្រែន ជារឿយៗបានចោទប្រកាន់អ្នកស្រុកដែលគាំទ្ររុស្ស៊ីក្នុងមូលដ្ឋានថា បានធ្វើចារកម្មលើការបញ្ជូនព័ត៌មានដើម្បីជួយដល់យោធាម៉ូស្គូ ៕