Krungsri Research វិភាគពីសេដ្ឋកិច្ចកម្ពុជា ក្នុងពេលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត  និង គណៈរដ្ឋមន្ត្រីថ្មី កាន់តំណែង

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី03 ខែកញ្ញា ឆ្នាំ2023 ម៉ោង 12:34 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

ពីវេបសាយ prachacha

វេបសាយ ប្រឆាឆាតធុរកិច្ច របស់ថៃ បានសរសេរអត្ថបទមួយ វិភាគទៅលើនិន្នាការសេដ្ឋកិច្ចរបស់កម្ពុជា ក្រោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី នៃមនុស្សជំនាន់ថ្មីកាន់តំណែង ។ ខាងក្រោមជាការវិភាគរបស់ ស្ថាប័ន Krungsri Research ដូចមានអត្ថន័យខាងក្រោម ។

ឆ្នាំ​នេះ​ជា​ឆ្នាំ​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​របស់កម្ពុជា នៅពេលដែលសម្តេចតេជោ ហ៊ុន សែន ប្រគល់តំណែងនាយករដ្ឋមន្ត្រីទៅកូនប្រុសច្បង រួមទាំងសហការីជិតស្និទ្ធរបស់គាត់បានផ្ទេរតំណែងនៅក្នុងគណៈរដ្ឋមន្ត្រី ទៅមនុស្សជំនាន់ថ្មី ។ តើការ​ផ្លាស់​ប្តូរ​ដែល​បាន​កើត​ឡើង​ជា​របត់​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា វានឹងផ្តល់លទ្ធផលគួរឱ្យកត់សម្គាល់យ៉ាងដូចម្តេច?

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ថ្លែង​ទៅ​កាន់​រដ្ឋសភា​ក្នុង​កិច្ច​ប្រជុំ​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២២ ខែ​សីហាថា រដ្ឋាភិបាលរបស់លោកនឹងផ្តោតលើការការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងអធិបតេយ្យភាព ។ ទន្ទឹមនឹងនោះ នឹងជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បង្កើននិរន្តរភាពសង្គម ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ហើយនឹងមានគោលនយោបាយវិនិយោគបៃតង ។

គួរឱ្យចាប់អារម្មណ៍ក្នុងការក្រឡេកមើលថា តើសេដ្ឋកិច្ចកម្ពុជាទំនងជានឹងទៅជាយ៉ាងណាក្នុងឆ្នាំដែលមាននាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីថ្មី ?

ថ្មីៗ​នេះ​មាន​ការ​វិភាគ​ពី​ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជាពី «Krungsri Research» ចេញផ្សាយនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣ ថា សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញយ៉ាងក្រែងរ៉ែង ជាមួយនឹងកត្តាជំរុញកំណើនផ្លាស់ប្តូរពីវិស័យផលិតកម្ម ទៅវិស័យសេវាកម្ម ។

Krungsri Research បរិយាយថា នៅឆមាសទីមួយនៃឆ្នាំ ២០២៣ ការងើបឡើងវិញរបស់កម្ពុជា ត្រូវបានរារាំងដោយការធ្លាក់ចុះនៃការនាំចេញទំនិញ ដោយសារតែការថយចុះតម្រូវការខាងក្រៅ ជាពិសេសពីសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលស្មើនឹងជាងពាក់កណ្តាលនៃការនាំចេញសរុប ។

ពេញមួយឆ្នាំ ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថា នឹងកើនឡើង ៥,៨% ហើយនឹងនៅតែរឹងមាំនៅឆ្នាំ ២០២៤ ដែលជំរុញភាគច្រើនដោយវិស័យទេសចរណ៍ និងការប្រើប្រាស់គ្រួសារដ៏រឹងមាំ នេះនឹងជួយកាត់បន្ថយផលប៉ះពាល់នៃតម្រូវការសកលដែលចុះខ្សោយ ។

«យោងតាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund=IMF) ថា កំណើន និងនិន្នាការអតិផរណាបានត្រឡប់ទៅកម្រិតមុនការរាតត្បាតកូវីដ-១៩ ប៉ុន្តែស្ថិរភាពហិរញ្ញវត្ថុនៅតែផុយស្រួយ ដោយ​សារ​តែ​កំណើន​ឥណទាន​ខ្ពស់​ដែល​ប្រមូល​ផ្តុំ​នៅ​ក្នុង​វិស័យ​មួយ​ចំនួន»។

«ការងើបឡើងវិញត្រូវបានជំរុញដោយវិស័យទេសចរណ៍ ខណៈដែលការ​នាំ​ចេញ​ទំនិញ​ជា​កត្តាទប់ទល់»។ ការនាំចេញរបស់កម្ពុជាបានកើនឡើងនៅឆ្នាំ 2022 ដែលនាំមុខដោយការនាំចេញវាយនភណ្ឌ និងផលិតផលពាក់ព័ន្ធ តែទោះជាយ៉ាងណាក៏ដោយ តម្រូវការធ្លាក់ចុះពីសហរដ្ឋអាមេរិក និងអឺរ៉ុបមានចំនួន 70% នៃការនាំចេញទំនិញសរុបក្នុងឆ្នាំ 2023 (ពីកម្រិតខ្ពស់បំផុតក្នុងខែមិថុនា ឆ្នាំ 2022 ដល់ទាបបំផុតក្នុងខែមេសា ឆ្នាំ 2023)។

ការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​របស់​កម្ពុជា​បច្ចុប្បន្ន​ កំពុង​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ស្ទុះ​ងើប​ឡើង​វិញ​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​សេវាកម្ម នេះត្រូវបានគាំទ្រដោយការត្រឡប់មកវិញនៃភ្ញៀវទេសចរបរទេស និងតម្រូវការកើនឡើងក្នុងចំណោមប្រជាជននៅក្នុងប្រទេសយ៉ាងឆាប់រហ័ស បន្ទាប់ពីការបង្អាក់ដោយជំងឺកូវីដ-១៩ (pent-up demand) ដែលបានធ្លាក់ចុះនៃអតិផរណា ជាលទ្ធផលសម្ពាធលើប្រាក់ចំណូលពិតប្រាកដត្រូវបានធ្លាក់ចុះ ។

«Krungsri Research» ដកស្រង់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ឱនភាពគណនីចរន្តរបស់កម្ពុជានឹងថយចុះពី ២៧% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២២ មក ១២% នៅឆ្នាំ ២០២៣ ដោយសារវិស័យសេវាកម្មស្ទុះងើបឡើងវិញ និងការធ្លាក់ចុះនៃតម្លៃទំនិញ ។

លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ចូល​មក​កម្ពុជា​បាន​កើន​ឡើង​ក្នុង​មួយ​ទសវត្សរ៍​កន្លង​ទៅ និងបន្តងើបឡើងវិញសូម្បីតែឆ្លងកាត់រយៈពេលនៃការរីករាលដាល ពាក់កណ្តាលនៃលំហូរ FDI មកពីប្រទេសចិន និងផ្តោតលើផ្នែកស្នាក់នៅ សំណង់ អចលនទ្រព្យ និងហិរញ្ញវត្ថុ។

ការធ្វើពិពិធកម្មទាប ទាំងការនាំចេញទំនិញ និង FDI ធ្វើឱ្យកម្ពុជាងាយរងគ្រោះទៅនឹងការប៉ះទង្គិចពីខាងក្រៅ និងឥណទានក្នុងស្រុកប្រមូលផ្តុំនៅក្នុងវិស័យសំណង់ វាជាហានិភ័យចម្បងចំពោះស្ថិរភាពហិរញ្ញវត្ថុនៅក្នុងប្រទេស ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម