ព្រឺសម្បុរ បារមីរូបចម្លាក់បដិមាខ្មែរ! នារីថៃ ជាកូនអ្នកជំនួញវត្ថុបុរាណ បានបញ្ជូនរូបចម្លាក់មកកម្ពុជា ហើយលាតត្រដាងកាលពីនៅក្មេង ឃើញរូបចម្លាក់ខ្មែរអាចដើរបាន!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី19 ខែធ្នូ ឆ្នាំ2023 ម៉ោង 8:20 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

សារព័ត៌មានថៃបានចុះផ្សាយព្រោងព្រាតនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ នេះថា រូបចម្លាក់បុរាណរបស់ខ្មែរ ដែលអ្នកជំនួញវត្ថុរាណដ៏ល្បីម្នាក់បានប្រមូលទុកនៅក្នុងផ្ទះរបស់គាត់ ហើយត្រូវបានកូនស្រីឃើញដើរនៅពេលកណ្តាលអធ្រាត្រ ។

មិនជឿកុំប្រមាថ ! ព្រលឹងវត្ថុបុរាណខ្មែរ ដែលចោរលួចទៅលក់ក្រៅប្រទេសទាំងអម្បាលមាណ សុទ្ធតែមានបារមីស័ក្តិសិទ្ធិ ជនណាដែលលួចទៅ តែងរស់នៅមិនបានសេចក្តី​សុខទេ រូបចម្លាក់ទាំងនោះ បានព្រាត់ប្រាសពីទីកំណើតរបស់ខ្លួនគឺប្រទេសកម្ពុជា ទៅនៅក្រៅប្រទេស​រាប់រយឆ្នាំ សុទ្ធតែមានដួងព្រលឹងដូនតាខ្មែរនៅតាមថែរក្សាជាប់ជានិច្ច ។

សារមន្ទីរសិល្បៈ Metropolitan Musuem of Art នៃទីក្រុងញូវយ៉ក បានរៀបចំ​ប្រគល់​រូប​បដិមា​បុរាណ​ ២ ដុំ​ពី​ប្រទេស​ថៃ និងរបស់កម្ពុជា ១៤ ដុំ ​សងមក​កម្ពុជាជា​ប្រទេស​ដើម​វិញ ដែលវត្ថុទាំងនេះមានតម្លៃប្រវត្តិសាស្ត្រ ពាក់ព័ន្ធ​នឹង​ឈ្មួញ​លក់​វត្ថុ​បុរាណ​ម្នាក់​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​វត្ថុ​ ​ដោយ​ខុស​ច្បាប់ ។

ឈ្មួញនោះមានឈ្មោះថា ឌូក្លាស ឡាតហ្វដ (Douglas Latchford) ឬឈ្មោះថៃ ផាក់ភុង ក្រៀងស័ក្តិ ដែលល្បីល្បាញក្នុងពិភពប្រមូលទិញវត្ថុបុរាណ ​ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី ​៤​ឆ្នាំ​មុន នៅ​ពេល​ដែល​លោក​ត្រូវ​បាន​គេ​សង្ស័យ​ពី​បទ​លក់​វត្ថុ​បុរាណ​ដែល​លួច​ពី​ប្រទេស​កម្ពុជា​ជា​ប្រព័ន្ធ​ ទៅ​ឲ្យ​អ្នក​ទិញ​នៅ​ក្រៅ​ប្រទេស ។ បុរស​រូប​នេះ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ ​ហើយ​បាន​ស្លាប់​មួយ​ឆ្នាំ​បន្ទាប់​ពី​ត្រូវ​បាន​ចោទ​ប្រកាន់ ។

ក្នុងចំណោមវត្ថុបុរាណដែលនឹងត្រូវបញ្ជូនមកកម្ពុជាវិញ មានរូបសំណាកសំរឹទ្ធិមួយឈ្មោះថា «ព្រះពោធិសត្វ អវៈលោគិតេស្វរៈ គង់ក្នុងព្រះរាជសុខ (សរសេរជាភាសាអង់គ្លេស "The Bodhisattva Avalokiteshvara Seated in Royal Ease"» ដែលមានអាយុកាលចុងសតវត្សទី១០ ដល់ដើមសតវត្សន៍ទី ១១ ហើយក៏មានព្រះកេសបដិមាព្រះពុទ្ធសតវត្សទី ៧ផងដែរ ។

រូបចម្លាក់ទាំងពីរនេះ ស្ថិតក្នុងចំណោមវត្ថុបុរាណចំនួន ១០ ដែលមានអ្នកចូលទស្សនានៅសារមន្ទីរ Metropolitan Museum of Art ក្នុងទីក្រុងញូវយ៉កបានឃើញ ខណៈពេលដែលកំពុងត្រៀមបញ្ជូនត្រឡប់មកប្រទេសដើមវិញ ។

គ្រួសារលោក ក្រៀងស័ក្តិ ធ្លាប់មានគ្រឿងអលង្ការបុរាណជាច្រើនដែលមានអាយុកាលរាប់រយឆ្នាំពីប្រទេសកម្ពុជា ដែលរួមមានមកុដផងដែរ ​បាន​បញ្ជូន​វត្ថុ​ទាំង​នោះ​មក​កម្ពុជា​ខ្លះផងដែរ ។

ជាមួយនេះ តាមរយៈបណ្ដាញសង្គម នៅរសៀលថ្ងៃទី១៦ធ្នូនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍នូវរតនវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជាមកកាន់មាតុភូមិវិញ។ ការនាំយកវត្ថុបុរាណខ្មែរ ចំនួន ១៤រូបនេះ គឺជាការនាំយកព្រលឹងដូនតារបស់ខ្មែរ ដែលបានឃ្លាតចាកចេញពីមាតុប្រទេសដោយសារភាពរ់ាំរ៉ៃញាំញីដោយសង្គ្រាម មកពូនជ្រំនូវមរតកវប្បធម៌លើដែនដីសុវណ្ណភូមិឡើងវិញ អំឡុងពេលប្រទេសមានសន្តិភាពពេញលេញ។

សេចក្តីរាយការណ៍របស់កាសែត New York Times បានយោងបទសម្ភាសន៍ជាមួយលោកស្រី ណាវ៉ាផាន ក្រៀងស័ក្តិ កូនស្រីរបស់លោក ផាក់ភុង ក្រៀងស័ក្តិ ជនជាតិថៃ ដោយរំលឹកអនុស្សាវរីយ៍កាលពីកុមារភាពថា «ឪពុក​របស់​នាង​ហាម​រត់លេង​ក្នុង​លំនៅឋាន ដែលពោរពេញទៅរូបចម្លាក់ និងវត្ថុបុរាណ​រចនាបថខ្មែរនៅគ្រប់ជ្រុងនៃផ្ទះល្វែងនាទីក្រុងបាងកក ដែលមានតម្លៃហួសពីការប្រថុយប្រថានសម្រាប់ឲ្យក្មេងលេង» ។

អនុស្សាវរីយ៍កាលពីកុមារភាពនោះ នៅពេលនាងចូលគេង លោកស្រីមើលឃើញទឹកមុខក្រៀមក្រំរបស់រូបសំណាកបុរាណខ្មែរដ៏គួរឱ្យខ្លាចសម្រាប់នាង ។ នាងធ្លាប់បាននិយាយទៅកាន់ឪពុករបស់នាងថា «នាងបានឃើញរូបសំណាក ដើរនៅពេលយប់កណ្តាលអធ្រាត្រ» ទៀតផង ។

លោកស្រី ណាវ៉ាផាន ក៏បានផ្តល់ព័ត៌មានដល់ភ្នាក់ងារសារព័ត៌មានល្បីៗថា ការប្រមូលទុកវត្ថុបុរាណ របស់ឪពុកនាង មានអត្តសញ្ញាណ និងតម្លៃមហាសាល ហើយបញ្ហា​ចាប់​ផ្តើម​លេច​ឡើងនៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​រក្សា​ទុក ដូច្នេះ​នៅ​ពេល​ដែល​អាជ្ញាធរ​កម្ពុជា​ទទួល​យក ពិតជាមាន​សេចក្តី​រីករាយ​ជា​ខ្លាំង ដូច្នេះហើយទើបនាងសម្រេចចិត្តប្រគល់វត្ថុបុរាណទាំងអស់របស់ឪពុកនាងមកកម្ពុជាវិញ។ នេះ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​សិក្សា​ អាច​សិក្សា​និង​ដាក់​បង្ហាញ​វា​នៅ​ក្នុង​សារមន្ទីរ​ថ្មី​មួយ​ក្នុង​រាជធានី​ភ្នំពេញ ។

កាសែត New York Times រាយការណ៍តាំងពីឆ្នាំ ២០១១ ថា ណាវ៉ាផាន កាលនោះមានអាយុ 49 ឆ្នាំ និងជាមេធាវី បាន​បដិសេធ​​ការ​ចោទ​ប្រកាន់​ទៅលើ​ឪពុក​លោកស្រី ប៉ុន្តែនាងមើលការប្រមូលទុកវត្ថុបុរាណរបស់ឪពុកនាងតាមទស្សនៈគួរឱ្យគោរព មិនមែនជាការលោភលន់។ នាងចង់បានអ្វីដែលឪពុករក្សាទុកនៅកន្លែងដែលមនុស្សជុំវិញពិភពលោកអាចជួបប្រទះ និងយល់ពីវា។ គ្មានកន្លែងណាល្អជាងកម្ពុជាទេ កន្លែងដែលមនុស្សគោរពបូជាវត្ថុទាំងនេះ មិនត្រឹមតែសម្រាប់សិល្បៈ និងប្រវត្តិសាស្រ្តរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សារសំខាន់ខាងសាសនារបស់ពួកគេ(កម្ពុជា)ផងដែរ» ។

ជាមួយនឹងទឹកចិត្តស្មោះត្រង់ សន្តានចិត្តប្រពៃរបស់លោកស្រី ណាវ៉ាផាន ក្នុងការប្រគល់វត្ថុបុរាណ​មកខ្មែរវិញ Admin មតិអ្នក ជួសមុខឲ្យប្រជាជនខ្មែរ យើងសូមថ្លែងអំណរគុណជាអនេកកប្បកា ក្នុងនាមលោកស្រីយល់ដឹងខ្ពស់ពីវប្បធម៌ និងអរិយធម៌របស់ដូនតាខ្មែរដែលបាន​សាងទុកសម្រាប់ប្រជាជាតិខ្មែរ និងសម្រាប់មនុស្សពិភពលោកទាំងមូល ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម