លាវខឹងប្រព័ន្ធផ្សព្វផ្សាយថៃ ! ថា «ហ្លួងព្រះបាង» ត្រូវដកចេញពីមរតកពិភពលោក?

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី23 ខែធ្នូ ឆ្នាំ2023 ម៉ោង 10:44 នាទី ព្រឹក

ដោយ សូរ្យសែងៈ

កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៣ សារព័ត៌មាន «Lao News» ដែល​ជា​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​រដ្ឋាភិបាល​លាវ បាន​ផ្សព្វផ្សាយ​ឃ្លីប​ ១.៤០ នាទី បដិសេធ​ព័ត៌មាន​ដែល​កំពុង​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ ​អនឡាញ​ក្នុង​ប្រទេស​ថៃថា អង្គការ​យូណេស្កូ​រៀប​នឹង​ដក​ហ្លួងព្រះបាង​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។

នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រៅ​ផ្លូវ​ការ​ពី​ប្រទេស​ថៃ បានផ្សាយ​ព័ត៌មាន​ដែល​អះអាង​ពីប្រភព​ ដែលត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ឡាវ ឬ K.P.L. ថា ​អង្គការ​យូណេស្កូ ត្រៀមដក ឬដោះលែងហ្លួងព្រះបាង ចេញពីបញ្ជីទីក្រុងបេតិកភណ្ឌពិភពលោក ដោយសារ​អាជ្ញាធរ​ឡាវ​បាន​អនុញ្ញាត​ឲ្យ​ជនបរទេស​ធ្វើ​អាជីវកម្ម​ក្នុង​ទីក្រុង​ចាស់ ឬទីក្រុងបេតិកភណ្ឌពិភពលោក ។ ព័ត៌មាននេះ ត្រូវបានទីភ្នាក់ងារព័ត៌មានឡាវថាមិនពិត និងបដិសេធ ហើយថាខ្លួនមិនធ្លាប់ដែល​ចេញព័ត៌មានបែប​នេះឡើយ ។

លាវថា ដំណឹងបែប​ត្រូវ​បាន​គេ​បំភ្លៃ បង្កើតភាពវឹកវរ ធ្វើឱ្យអ្នកប្រើប្រាស់ព័ត៌មាន ទាំងនៅឡាវ និងក្រៅប្រទេស មានការយល់ច្រឡំ ។ មានមតិជាច្រើនបានបញ្ចេញ និងចែករំលែកនៅលើបណ្តាញទំនាក់ទំនងសង្គម រួមមាន Facebook, TikTok, YouTube និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ បង្កឲ្យមានភាពចលាចល ។

ទោះ​យ៉ាង​ណា​ទាក់​ទង​នឹង​បញ្ហា​នេះ ទីភ្នាក់ងារ​ព័ត៌មាន​ឡាវ ត្រៀម​សាកសួរ​ព័ត៌មាន​ទៅ​ផ្នែក​ពាក់ព័ន្ធ ជាពិសេស នាយកដ្ឋានបេតិកភណ្ឌពិភពលោក សន្និសីទសារព័ត៌មានរបស់ក្រសួងវប្បធម៌ និងទេសចរណ៍ និងហ្លួងព្រះបាង ដើម្បីបញ្ជាក់ការពិតនៃទីក្រុងបេតិកភណ្ឌពិភពលោកនេះ។ គេរំពឹងថា ចម្លើយនឹងត្រូវបានផ្តល់ឱ្យក្នុងពេលឆាប់ៗនេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម