ឥទ្ធិពលនៃបណ្តាញសង្គម! ពីក្មេងសុំទាន ប្រែជីវិតជាតារាម៉ូដែល

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី01 ខែមករា ឆ្នាំ2024 ម៉ោង 7:54 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

សូមងាកត្រលប់ទៅឆ្នាំ 2016 ក្មេងស្រីអាយុ 13 ឆ្នាំមកពី Lucban ប្រទេសហ្វីលីពីន ឈ្មោះ រីតា ហ្គាវីយ៉ូឡា (Rita Gaviola) ជារៀងរាល់ថ្ងៃនាងចេញដើរសុំទាននៅតាមដងផ្លូវ ឪពុករបស់នាងជាអ្នកប្រមូលសំរាម ​ម្ដាយ​ជា​ស្ត្រី​មេផ្ទះ​មើល​ថែ ​រីតា និង​បង​ប្អូន​ទាំង​៥ ​នាក់​គ្មាន​អ្នក​ណាបាន​រៀនម្នាក់​ទេ ដោយសារតែជីវភាព រកលុយទិញម្ហូបសឹងមិនគ្រប់ ចាត់ទុកថាពិបាកពេកណាស់ទៅហើយ ។

កាលណោះ អ្នកថតរូបម្នាក់ឈ្មោះ Tofer Quinto Burgos បានមកពិធីបុណ្យ Pahiyas ក្នុងទីក្រុង Lucban គាត់​បានក្រឡេកឃើញ​សម្រស់​ធម្មជាតិ​របស់​ក្មេងស្រីស្អាត​ម្នាក់​នេះ ក៏​បាន​ថត​រូប​នាង ហើយ​បង្ហោះ​តាម​អ៊ីនធឺណិត។ ឈុត​រូបភាព​នោះ​បាន​ផ្ទុះកក្រើក​ភ្លាមៗពេញបណ្តាញសង្គម ។

ក្រៅ​ពី​អ្នក​លេង​អ៊ីនធឺណិត​ធម្មតា រីតា ត្រូវបាន​ចាប់​អារម្មណ៍​ពី​តារា​ហ្វីលីពីន​ជា​ច្រើន ជាពិសេស មហាជនក្នុងពិភពសម្រស់ដូចជា Hillary Danielle Parangao, Miss World Philippines 2015, Bianca Guidotti, Miss International Philippines 2014, និង Angelia Ong, Miss Earth 2015 ត្រូវបានយល់ស្របថា រីតា មានវង់ភ័ក្រ្តស្រស់ស្អាតបែបធម្មជាតិ សឹងតែមិនជឿថា នាងត្រឹមតែជាស្រីសុំទានប៉ុណ្ណោះ ។

 

ក្រោយ​មក​ រីតា កាន់តែមានការចាប់អាមរ្មណ៍ពីមជ្ឈដ្ឋានទូទាំងប្រទេស​ខ្លាំងឡើង មានកម្មវិធីទូរទស្សន៍ជាច្រើនស្នើសុំសម្ភាសន៍។ ជា​លទ្ធផល នាង​មាន​ឱកាស​ដើរ​ម៉ូដ​ឲ្យ​ម៉ាក​ល្បីៗ​ជា​ច្រើន រួម​ទាំង​ទទួល​បានធ្វើជា​តារាសម្តែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍ ហើយបានក្លាយជាបេក្ខនារីវ័យក្មេងបំផុតក្នុងកម្មវិធីពិតដ៏ល្បីល្បាញ Big Brother ។

នារីវ័យក្មេងដ៏ស្រស់ស្អាតរូបនេះបានទទួលជំនួយពីអ្នកជុំវិញខ្លួន ពីអ្នកគាំទ្រតាមអ៊ីនធឺណិតដូចជា Instagram itsritagaviola ។ បច្ចុប្បន្ន​មាន​អ្នក​តាមដាន​ជិត​ ២០​ម៉ឺន​នាក់ រួម​ទាំង​អ្នក​គាំទ្រ​ជា​ច្រើន​ដែល​បាន​ជួយ​ដល់​គ្រួសារ​នាង​ផ្នែក​ហិរញ្ញវត្ថុ​ផង​ដែរ ហើយ​ក្នុង​ឆ្នាំ​២០១៨ Rita អាច​ទិញ​ផ្ទះ​ថ្មី​ឱ្យ​គ្រួសារ​បាន​ដោយ​ជោគជ័យ ។

ទោះបីជានិន្នាការរបស់ រីតា មានការថយចុះជាបណ្តើរៗ ទៅតាមយន្តការនៃពិភពប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែនាងនៅតែជាតារាដែលប្រជាជនហ្វីលីពីនស្គាល់ មានការទទួលយកការងារធ្វើម៉ូដែលជាបន្តបន្ទាប់។ ប្រាក់ដែលរកបាន នាងបានយកមកវិនិយោគក្នុងការសិក្សា ហើយអ្វីដែលសំខាន់បំផុតនោះគឺការមានគ្រួសារ ជាមួយនឹងកូនស្រីអាយុ ១ ឆ្នាំដ៏គួរឱ្យស្រឡាញ់ ។

ដូច្នេះ អ្វីដែលសំខាន់ក្នុងអត្ថបទនេះ គឺជីវិតមនុស្សប្រែប្រួលមិនទៀង អ្នកខ្លះធ្លាប់រុងរឿង ក៏អាចធ្លាក់ដល់សូន្យបាន ឯខ្លះទៀត រស់នៅតោកយ៉ាកលំបាកវេទនា ក៏អាចក្លាយជាមនុស្សជោគជ័យបាន ដូចយ៉ាង នាង រីតា ជាដដើម ហើយក៏ចង់បញ្ជាក់ថា សម័យបច្ចេកវិទ្យា ធ្វើឲ្យបណ្តាញសង្គមមានឥទ្ធិពលខ្លាំងទៅលើសង្គមមនុស្ស ល្អ អាក្រក់មកពីបណ្តាញសង្គមដែលត្រូវប្រើវាឲ្យបានត្រឹមត្រូវ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម