វៀតណាមពិន័យអ្នកមានឥទ្ធិពលម្នាក់ ដែលសរសេរខ្លឹមសារថា «ប្រាសាទអង្គរវត្តស្ថិតនៅក្នុងប្រទេសថៃ»!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី05 ខែមករា ឆ្នាំ2024 ម៉ោង 9:37 នាទី ព្រឹក

ដោយ សូរ្យរិទ្ធ៖

គេហទំព័រ prachachat របស់ថៃ បានចេញផ្សាយអត្ថបទមួយនៅថ្ងៃទី 4 ខែមករា ឆ្នាំ 2024 សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា ប្រទេសវៀតណាមបានពិន័យអ្នកមានឥទ្ធិពលវៀតណាមម្នាក់ឈ្មោះ ហូ កុក អាញ់ (Hua Quoc Anh) ចំនួន 300 ដុល្លារ ព្រមទាំងកោះហៅមកប្រជុំ ស្តីបន្ទោសចំពោះការបង្ហោះវីដេអូនៅលើវេទិកា TikTok ដោយបង្ហាញខ្លឹមសារថា ប្រាសាទអង្គរវត្តស្ថិតនៅក្នុងប្រទេសថៃ ។

វីដេអូ TikTok មានចំនួន ៩០ វិនាទី ​ត្រូវ​បាន​លុប​ចេញ ហើយ​មាន​រូបភាព​ប្រាសាទ​អង្គរវត្ត​គ្រប​ដណ្ដប់​ដោយ​ទង់​ជាតិ​ថៃ អមដោយ​រូបភាព​នៃ​ព្រះរាជវង្សានុវង្ស​ថៃ ​ដែល​មាន​ពាក្យ​ស្វាគមន៍​ថា «សួស្តី​ប្រទេស​ថៃ» អម​ជាមួយ​រូបភាព​នៃ​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ដែលជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់របស់ប្រទេសកម្ពុជា ក្នុងខេត្តសៀមរាប។

ទីភ្នាក់ងារផ្សាយសំឡេង នៃក្រសួងព័ត៌មានវៀតណាមបាននិយាយថា វីដេអូ «មានចេតនាបង្ហាញព័ត៌មានមិនពិត» ក្នុងគោលបំណងទាក់ទាញអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលនឹងជជែកវែកញែកអំពីខ្លឹមសារនៃវីដេអូនោះ។

ទីភ្នាក់ងារនោះនិយាយទៀតថា គាត់គួរតែ «សិក្សាឱ្យបានហ្មត់ចត់» ពីការផុសខ្លឹមសារខុសបែបនេះ ដែលជា «ការមិនគោរពដល់វប្បធម៌ និងអធិបតេយ្យភាពរបស់ប្រទេសជិតខាង»។

TikTok មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម ដែលរដ្ឋគ្រប់គ្រង និងគណបក្សតែមួយ (បក្សកុម្មុយ​និស្តវៀតណាម) ហើយមានការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងតឹងរ៉ឹង។ ថ្វីត្បិតតែវីដេអូប្រាសាទអង្គរវត្តមិនមែនជាការផាកពិន័យជាលើកទីមួយទេ ដែលជាប់ពាក់ព័ន្ធនឹងមាតិកាអនឡាញ ប៉ុន្តែវាក៏បង្ហាញផងដែរថា តើវាពិបាកប៉ុណ្ណាក្នុងការដឹងថា ខ្លឹមសារស្របច្បាប់ឬខុសច្បាប់នៅក្នុងប្រទេសវៀតណាម។ កន្លែងដែលការចាប់ពិរុទ្ធលើ​អ៊ីនធឺណិតជារឿយៗទាក់ទងនឹងបញ្ហាក្នុងស្រុកដ៏រសើប ដូចជានយោបាយ ឬសិទ្ធិមនុស្ស។

អ្វីដែលសំខាន់ប្រជាជនខ្មែរចហ់ដឹងថា ទង្វើ «ចេតនា» ឬ អចេតនា» របស់អ្នកមានឥទ្ធិពលនោះ ប្រសិននិយាយថា អចេតនា ពិតជាមនុស្សកម្លៅ ងងឹតងងល់គ្មានដឹងប្រវត្តិសាសស្ត្រប្រទេសជិតខាង តែបើជាទង្វើ «ចេតនា» វាជារឿងមួយ ដែលខ្មែរមិនអត់ឱនឲ្យឡើយ  ទោសទណ្ឌត្រឹមពិន័យត្រឹម ៣០០ ដុល្លារវាស្ទើរពេក គួរតែពេលឃើញមុខ កុំឲ្យជាន់ដីស្រុកខ្មែរដាច់ខាត ។

អ្នកមានឥទ្ធិពលរូបនេះបានបង្ហោះរូបថតខ្លួនគាត់នៅខាងក្រៅបន្ទប់ប្រជុំជាមួយមន្ត្រី នៅលើហ្វេសប៊ុកអមដោយខ្លឹមសារថា «ពេលនេះ Quoc Anh មានមនោសញ្ចេតនាច្រើនពេកក្នុងចិត្តរបស់គាត់ដើម្បីពណ៌នា។ វាអាចជាអត្ថបទពីរបីបន្ទាត់» រួមជាមួយនឹងការថ្លែងអំណរគុណដល់ 250,000 ​Follow ។

Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Watch) ប្រចាំតំបន់អាស៊ី និយាយជាមួយ Nikkei Asia ថា «នេះមិនមានសារសំខាន់» ។ គាត់​ថា រដ្ឋាភិបាល​វៀតណាម​គួរ​ការពារ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ជំនួស​ឱ្យ​ការ​ព្រួយ​បារម្ភ​ថា ​រដ្ឋាភិបាល​កម្ពុជា​នឹង​ត្រូវ​អាក់អន់ចិត្ត ។

គាត់ថា «គ្មាននរណាម្នាក់ជឿថា ខេត្តសៀមរាបជារបស់ប្រទេសថៃទេ... ដូច្នេះអ្វីដែលសមរម្យគឺការសើចចំអកចំពោះភាពល្ងង់ខ្លៅរបស់អ្នកមានឥទ្ធិពលម្នាក់នេះ ជំនួសឱ្យការប្រើទោសព្រហ្មទណ្ឌ» .

រឿងនេះ យើងមិនដឹងថា មន្ត្រីក្រសួងវប្បធម៌ខ្មែរ បានដឹង ឬឃើញវីដេអូ TikTok នោះដែរទេ មុនអាជ្ញាធរវៀតណាម​លុប​វីដេអូ​នោះចោល!


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម