ដោយ សូរ្យរិទ្ធ៖
លោកស្រីនាយករដ្ឋមន្ត្រី សៀក ហាស៊ីណា (Sheikh Hasina) នៅបន្តដឹកនាំប្រទេសបង់ក្លាដែស ក្រោយពី ឈ្នះការបោះឆ្នោតជាតិ «ដូចការរំពឹងទុក» បន្ទាប់គណបក្សជាតិនិយម(BNP) ជាគណបក្សប្រឆាំងធំមិនដាក់បេក្ខជន។
លោកស្រី ហាស៊ីណា មានតួនាទីសំខាន់ក្នុងការធ្វើឲ្យសេដ្ឋកិច្ចលូតលាស់របស់ប្រទេសបង់ក្លាដែស ដោយធ្លាប់ធ្លាក់ក្នុងភាពក្រីក្រ ប៉ុន្តែរដ្ឋាភិបាលរបស់គាត់ត្រូវបានចោទថាល្មើសសិទ្ធិមនុស្ស និងបង្ក្រាបសមាជិកក្រុមប្រឆាំងយ៉ាងធ្ងន់ធ្ងរ ។
ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងដាកា ប្រទេសបង់ក្លាដែស នៅថ្ងៃទី៨ ខែមករានេះថា លទ្ធផលមិនផ្លូវការនៃការបោះឆ្នោតសកលនៅប្រទេសបង់ក្លាដែស ធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី ៧ មករាកន្លង ដែលជាការបោះឆ្នោតថ្មីសម្រាប់សមាជិកសភាតំណាងរាស្រ្ត 300 រូប ដោយប្រាកដថា គណបក្សរបស់នាយករដ្ឋមន្ត្រី សៀក ហាស៊ីណា ត្រូវបានទទួលយ៉ាងតិច 222 អាសនៈ បើទោះបីជាធ្លាក់ចុះ 35 អាសនៈពីការបោះឆ្នោតឆ្នាំ 2018 ប៉ុន្តែនៅតែរក្សាបានភាគច្រើនដាច់ខាត ។
សមាមាត្រនៃប្រជាពលរដ្ឋដែលចេញមកអនុវត្តសិទ្ធិមានប្រមាណ ៤០% និងបរិយាកាសនៃការបោះឆ្នោតមានសភាពស្ងប់ស្ងាត់ ដោយមានទាហាន និងប៉ូលីសជាង 800,000 នាក់ត្រូវបានដាក់ពង្រាយដើម្បីផ្តល់សន្តិសុខនៅទូទាំងប្រទេស ។ ប៉ុន្តែមានសេចក្តីរាយការណ៍ថា មានការតវ៉ាតូចតាចនៅក្នុងក្រុងជិតាកង និងការទប់ស្កាត់ការចូលទៅកាន់គេហទំព័ររបស់ទីភ្នាក់ងារព័ត៌មានមួយចំនួន នៅថ្ងៃបោះឆ្នោត ។
ពេញមួយឆ្នាំ ស្ថានការណ៍នយោបាយក្នុងប្រទេសបង់ក្លាដែស ហាក់មានបរិយាកាសតានតឹង និងការបែងចែក រវាងអ្នកគាំទ្ររបស់លោកស្រី ហាស៊ីណា និងលោកស្រី ខាឡេដា ហ្សៀ (Khaleda Zia) អាយុ 78 ឆ្នាំ ដែលជាស្ត្រីដំបូងគេបង្អស់នៃមេដឹកនាំប្រទេសបង់ក្លាដែស ហើយឥឡូវគាត់កំពុងស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះពីបទពុករលួយ ។ លោកស្រី ហ្សៀ គឺជាមេដឹកនាំដ៏សំខាន់នៃគណបក្សជាតិនិយមបង់ក្លាដែស (BNP) ហើយធ្វើពហិការបោះឆ្នោតលើកនេះ មានន័យថា ការបោះឆ្នោតនេះ «ផ្តល់ជ័យជម្នះយ៉ាងងាយស្រួល» ដល់លោកស្រី ហាស៊ីណា អាយុ 76 ឆ្នាំដែលបានកាន់អំណាចតាំងពីឆ្នាំ 2009 ។
ទោះជាយ៉ាងណាក៏ដោយ គណបក្សសម្ព័ន្ធ របស់លោកស្រី ហាស៊ីណា បានបញ្ចៀសការចុះឈ្មោះបេក្ខជននៅតាមមណ្ឌលមួយចំនួន ដែលអ្នកវិភាគចាត់ទុកថាជា «ចេតនា» និងត្រៀមថ្កោលទោសសភាបង់ក្លាដែស ថាវាជាស្ថាប័ននីតិប្បញ្ញត្តិដែលផ្តាច់មុខដោយគណបក្សនយោបាយតែមួយ ។
លោកស្រី ហាស៊ីណា ជារបស់លោក Sheikh Mujibur Rahman ដែលជាបិតាជាតិ និងជាប្រធានាធិបតីទីមួយនៃប្រទេសបង់ក្លាដែស គាត់ឡើងកាន់អំណាចជាគណបក្សរដ្ឋាភិបាលចាប់តាំងពីឆ្នាំ ២០០៩ ជារយៈពេលយូរបំផុតក្នុងប្រវត្តិសាស្ត្រនយោបាយជាតិ ប៉ុន្តែពេលវេលាបានកន្លងផុតទៅ មនុស្សជាច្រើនបាន ចោទប្រកាន់ថាមានការរំលោភសិទ្ធិមនុស្ស អំពើពុករលួយ និងរបបផ្តាច់ការ រហូតដល់មានការទាមទារជាបន្តបន្ទាប់ ហើយឱ្យលោកស្រី ហាស៊ីណា លាលែងពីតំណែង និងរៀបចំការបោះឆ្នោតថ្មី «ដែលមានឯករាជ្យ និងសេរីថ្លៃ»។
ប្រភព AFP