គូប្រជែងប្រធានាធិបតីតៃវ៉ាន់ ៣ រូប មួយណាវិជ្ជមាន មួយណាអវិជ្ជមាន ជាមួយចិន?

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី08 ខែមករា ឆ្នាំ2024 ម៉ោង 6:58 នាទី ល្ងាច

មកស្គាល់បេក្ខភាព ៣រូបដែលកំពុងឈរឈ្មោះជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ ដែលនឹងកំណត់ទិសដៅទំនាក់ទំនងជាមួយចិនចាប់ពីពេលនេះតទៅ ។ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៤ នឹងមានការបោះឆ្នោតរើសប្រធានាធិបតី​ថ្មី ​ជំនួស​លោកស្រី ឆៃ អ៊ីងវើន ដែលផុត​អាណត្តិ ។ តើ​មេដឹកនាំ​ថ្មី​នឹង​កំណត់​ទិសដៅ​ទំនាក់ទំនង​រវាង​តៃវ៉ាន់ និង​ចិន មួយណាវិជ្ជមាន មួយណាអវិជ្ជមាន?

កន្លង​មក ចិន​ដីគោក​បាន​អះអាង​ថា តៃវ៉ាន់ចាត់ទុកថាជាផ្នែកមួយនៃប្រទេសចិនរៀងរហូតមក ប៉ុន្តែ​មានការ​ប៉ុនប៉ង​បំបែក​ទឹកដីដោយ​សហរដ្ឋអាមេរិក​ ជា​អ្នកគាំទ្រ​ដ៏​សំខាន់​មួយ ស្របពេលតៃវ៉ាន់ខ្លួនឯង នៅមានគណបក្សដែលគាំទ្រចិន និង​ប្រឆាំង​នឹង​ភាគី​ប្រជាធិបតេយ្យ ។

មានបេក្ខជន ៣រូប ដែលប្រជែងស្លាប់រស់ក្នុងអាណត្តិបោះឆ្នោតថ្មី ។

១. វិល្លៀម - ឡៃ ឈិងទឺ អនុប្រធានាធិបតី ពីគណបក្សរដ្ឋាភិបាល

បេក្ខភាព​ទី​មួយនេះ​ គឺ​ជា​តំណាង​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ឈានមុខ (DPP) ដែល​កំពុង​កាន់​អំណាច​បច្ចុប្បន្ន ​គឺ​លោក ឡៃ ឈិងទឺ ឬ​ វីល្លៀម ឡៃ (William Lai) ដែល​បច្ចុប្បន្ន​ជា​អនុប្រធានាធិបតី ។

លោក វីល្លៀម ​បច្ចុប្បន្ន​មាន​អាយុ 64 ឆ្នាំ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បុរស​ដែល​និយាយ​ទន់​ភ្លន់ ប៉ុន្តែ​បាន​តស៊ូយ៉ាង​សកម្ម​ដើម្បី​សិទ្ធិ​គ្រប់គ្រង​ខ្លួនឯង​របស់​តៃវ៉ាន់យ៉ាងដាច់ខាត គាត់ធ្លាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិននិយាយ​ថា​ ​គាត់​ត្រូវ​កាត់ទោស​ក្រោម​ច្បាប់​ប្រឆាំង​ការ​បំបែក​ខ្លួន​ ។

វីលៀម ធ្លាប់បានពណ៌នាអំពីខ្លួនគាត់ថាជា «អ្នកដែលធ្វើការដើម្បីឯករាជ្យភាពរបស់តៃវ៉ាន់» ។ គាត់និយាយ​ថា ឪពុករបស់គាត់បានស្លាប់ដោយគ្រោះថ្នាក់នៅពេលគាត់មានអាយុ 2 ឆ្នាំ ហើយម្តាយរបស់គាត់ចិញ្ចឹមកូនប្រាំមួយនាក់ ដោយខ្លួនឯងបានជំរុញឱ្យមានក្រមសីលធម៌ ការងាររឹងមាំនៅក្នុងជីវិតរបស់គាត់។

លោក វីល្លៀម បានទទួលការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្តនៅសាកលវិទ្យាល័យ Harvard ហើយបានធ្វើការជាអ្នកជំនាញខាងសរសៃប្រសាទ មុនពេលចូលបម្រើការងាររដ្ឋាភិបាលនៅតៃវ៉ាន់នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ 1990 ។

ការបោះជំហានចូលទៅក្នុងពិភពនយោបាយជាលើកដំបូង គាត់បានបម្រើការជាអ្នកតំណាងនៃទីក្រុង តៃណាន ភាគខាងត្បូង។ គាត់ត្រូវបានជាប់ឆ្នោតជាអភិបាលក្រុងក្នុងឆ្នាំ 2010 ហើយបានឈរឈ្មោះសម្រាប់អាណត្តិមួយទៀតក្នុងឆ្នាំ 2014 ជាមួយនឹងសម្លេងឆ្នោតឈ្នះលើសលប់ 73% ។

យោងតាមការស្ទង់មតិថ្មីៗនេះដោយមូលនិធិទស្សនៈសាធារណៈតៃវ៉ាន់ (TPOF) ឃើញថា ពិន្ទុនិយម របស់គាត់ឥឡូវនេះ បាននាំមុខគូប្រជែងដ៏សំខាន់ គឺលោក ហ៊ូ យូវអ៊ី (Hou Youyi) ចាញ់ប្រផិតប្រផើយតែមួយសំឡេងប៉ុណ្ណោះ គឺ វីល្លៀម 38% ហ៊ូ 37% ។

នៅក្នុងយុទ្ធនាការប្រធានាធិបតី វីលៀម បាននិយាយម្តងហើយម្តងទៀតថា តៃវ៉ាន់​សង្ឃឹម​ថា ​នឹង​ជា​មិត្ត​ជាមួយ​ចិន។ «យើង​មិន​ចង់​ក្លាយ​ជា​សត្រូវ​ទេ យើងអាចធ្វើជាមិត្ត ហើយ​យើង​ចង់​ឃើញ​ប្រទេស​ចិន​រីករាយ​នឹង​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​ដូច​យើង​ដែរ»។

ហ៊ូ យូវអ៊ី មកពីគណបក្ស កុកមីងតាំង

គណបក្សកុកមីងតាំង (KMT) ឬគណបក្សជាតិនិយមចិន ជា​គណបក្ស​នយោបាយ​អភិរក្ស​និយម​របស់​ចិន​ដែល​មាន​ឫសគល់​រឹងមាំ​នៅ​តៃវ៉ាន់ មានគោលនយោបាយខិតទៅជិតចិន ក្នុងយុគសម័យបន្ទាប់ពីចាញ់ការបោះឆ្នោតក្នុងឆ្នាំ 2000 ហើយនៅពេលដែល ម៉ា យីងជូ (Ma Yingjiu) មកពីកុកមីងតាំង បានឈ្នះការបោះឆ្នោតឆ្នាំ 2008 ក៏មានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយរដ្ឋាភិបាលចិនដីគោកផងដែរ។

ចំណែក​លោក ហ៊ូ យូវអ៊ី ដែល​ជា​តំណាង​បក្ស​កុកមីងតាំង ​មក​ប្រកួតប្រជែង​ប្រធានាធិបតី​តៃវ៉ាន់​លើក​នេះ កាលនៅពីក្មេង គាត់ធ្លាប់ជួយកិច្ចការផ្ទះ រកស៊ីលក់ជ្រូកនៅផ្សារ ក្រោយមកបានបម្រើការជាប៉ូលីស ហើយ​​បាន​ឡើង​ឋានន្តរស័ក្តិ​ជា​មេ​ប៉ូលិស ។

ការងារ​ដ៏​ឆ្នើម​របស់ ហ៊ូ ក្នុង​នាម​ជា​ប៉ូលិស ​គឺ​ការ​ចាប់​ឃាតក​ដ៏​ល្បី​ៗ​ជា​ច្រើន​នាក់ គាត់ក៏ជាអ្នកស៊ើបអង្កេតដ៏សំខាន់មួយនៅក្នុងការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតី ឈើន ស៊ូបៀន ឆ្នាំ 2004 ។

អតីត​មេ​ប៉ូលិស​រូប​នេះ ​បាន​ងាក​មក​ចាប់​អារម្មណ៍​លើ​នយោបាយ​ក្នុង​ឆ្នាំ ២០១០ ហើយ​បាន​ក្លាយ​ជា​អភិបាល​ក្រុង ញូវ តៃប៉ិ ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​របស់​តៃវ៉ាន់​ក្នុង​ឆ្នាំ 2018 ហើយ​គាត់​បាន​ជាប់​ឆ្នោត​ជា​ថ្មី​ក្នុង​ឆ្នាំ 2022 ។

កំណត់ត្រារបស់លោក ហ៊ូ ក្នុងនាមជាមន្ត្រីប៉ូលីសដែលមានសមត្ថភាព និងជាអភិបាលក្រុងដ៏មានប្រជាប្រិយ ធ្វើឱ្យគាត់ក្លាយជាជម្រើសកំពូលរបស់បក្សកុកមីងតាំង ដើម្បីដណ្តើមយកការដឹកនាំរបស់តៃវ៉ាន់ឡើងវិញពីគណបក្សប្រជាធិបតេយ្យឈានមុខ (Democratic Progressive Party) ក្រោមការដឹកនាំរបស់លោកស្រី ឆៃ អ៊ីងវើន ជាប្រធានាធិបតីអស់រយៈពេល 8 ឆ្នាំ។

ទោះបីជាលោក ហ៊ូ ប្រឆាំងនឹងការអំពាវនាវរបស់តៃវ៉ាន់ឱ្យទាមទារឯករាជ្យក៏ដោយ ប៉ុន្តែ​លោក​ភាគច្រើន​បាន​ចៀសវាង​ការ​ប្រកាន់​ជំហរ​លើ​ប្រទេស​ចិន​ក្នុង​យុទ្ធនាការ​នេះ។ ការខ្វះភាពច្បាស់លាស់នេះបាននាំឱ្យមានការរិះគន់។

គាត់ក៏បានគេចពីសំណួរអំពីគោលនយោបាយ «ចិនតែមួយ» ដែលទទួលស្គាល់ទីក្រុងប៉េកាំងជារដ្ឋាភិបាលតែមួយគត់របស់ប្រទេសចិន ដោយនិយាយថា «ទំនាក់ទំនងរវាងភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់គឺច្បាស់លាស់ យើងមិនចាំបាច់ច្រឡំទេ... វា​មាន​មូលដ្ឋាន​ទាំងស្រុង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​សាធារណរដ្ឋ​ចិន​»​។

ឃើ វេនជឺ (Ke Wenze) នៃគណបក្សប្រជាជនតៃវ៉ាន់

 

 

វេជ្ជបណ្ឌិត ក្លាយមកជាអ្នកនយោបាយ ដែលប្រកាសខ្លួនឯងថាជា «ជម្រើសទីបី» សម្រាប់អ្នកបោះឆ្នោត ដែល​ប្រហែល​ជា​មិន​ចង់​បង្ក​ការ​ប្រឆាំង​នឹង​ចិន ឬ​មាន​ឆន្ទៈ​ធ្វើ​សម្បទាន​ទៅ​ឲ្យ​ចិន ។

ឃើ អាយុ 64 ឆ្នាំ ជាប្រធានគណបក្សប្រជាជនតៃវ៉ាន់ (TPP) មានប្រជាប្រិយភាពក្នុងចំណោមអ្នកបោះឆ្នោតវ័យក្មេងពីមុន ថែមទាំងបានលើសសំឡេងប្រជាប្រិយភាពរបស់ វីល្លៀម ឡៃ ប៉ុន្តែឥឡូវនេះប្រជាប្រិយភាពរបស់គាត់ ប្រហែល 25% នៅពីក្រោយ វីល្លៀម និង ហ៊ូ ។

គាត់ធ្លាប់ជាគ្រូពេទ្យវះកាត់ដ៏ល្បីល្បាញ ប៉ុន្តែគាត់បានបោះបង់ចោលអាវក្នុងមន្ទីរពិសោធន៍ ដើម្បីចូលរួមនយោបាយកាលពី 10 ឆ្នាំមុន ភាពល្បីល្បាញបានកើនឡើងបន្តិចម្តងៗ បន្ទាប់ពីបានគាំទ្រចលនាផ្កាឈូករ័ត្នក្នុងឆ្នាំ 2014 នៅពេលដែលនិស្សិតតវ៉ាប្រឆាំងនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន។

ក្រោយមកនៅឆ្នាំនោះ គាត់ត្រូវបានជ្រើសរើសជាអភិបាលក្រុងតៃប៉ិ ទោះ​បី​ជា​នៅខ្ចី​ក្នុង​ឆាក​នយោបាយ ប៉ុន្តែ​លោក​ក៏​បាន​ទទួល​ការ​គាំទ្រ​ពី​សកម្មជន​នៃ​ចលនា​ផ្កាឈូករ័ត្ន និង​គណបក្ស​ប្រជាធិបតេយ្យឈានមុខ ។

នយោបាយរបស់លោក ឃើ បានផ្លាស់ប្តូរក្នុងអំឡុងពេលប្រាំបីឆ្នាំជាអភិបាលក្រុង ខណៈដែលលោកបានពង្រីកទំនាក់ទំនងទីក្រុងតៃប៉ិជាមួយប្រទេសចិនដីគោក ជាពិសេសជាមួយនឹងនយោបាយសៀងហៃ ។

នៅឆ្នាំ 2019 គាត់បានបង្កើតគណបក្សប្រជាជនតៃវ៉ាន់ បានដាក់ស្លាកសញ្ញាខ្លួនឯងថាជាជម្រើសជំនួស DPP និង KMT ដែលនៅក្នុងការបោះឆ្នោតចុងក្រោយបំផុតក្នុងឆ្នាំ 2020 បានឈ្នះ 5 អាសនៈក្នុងចំណោម 113 នៅក្នុងសភា ដែលធ្វើឱ្យ TPP ក្លាយជាគណបក្សធំទីបីនៅក្នុងសភារបស់តៃវ៉ាន់។

នៅក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ 2024 លោក ឃើ បានចោទប្រកាន់ DPP ថាបានគំរាមកំហែងតៃវ៉ាន់ដោយការក្លាយជា «អ្នកគាំទ្រសង្រ្គាម» ខណៈពេលដែលកំពុងរិះគន់ KMT ថា «គោរពចិនពេក» ។

ទាំងនេះគឺជាបេក្ខភាព ៣រូបដែលកំពុងឈរឈ្មោះជាប្រធានាធិបតីតៃវ៉ាន់ក្នុងការបោះឆ្នោតនាពេលខាងមុខឆាប់ៗនេះ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ ទាញ​តៃវ៉ាន់​ក្នុង​ទិសដៅ​ខុស​គ្នា​ទាំង​ស្រុង ៕

ប្រភព BBC 

ដោយ សូរ្យសែង

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម