ក្រុមប្រដាប់អាវុធអេក្វាឌ័រ សម្រុកចូលស្ថានីយ៍ទូរទស្សន៍កំពុង Live

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី11 ខែមករា ឆ្នាំ2024 ម៉ោង 10:23 នាទី ព្រឹក

 

ដោយ សាវុឌ្ឍ៖

មានភាពវឹកវរនៅទូទាំងអេក្វាឌ័រ ដែលមានក្រុមប្រដាប់អាវុធបានវាយប្រហារស្ថានីយ៍ទូរទស្សន៍មួយ ហើយចាប់ចំណាប់ខ្មាំងនៅកណ្តាលនៃការផ្សាយបន្តផ្ទាល់ ។

ស្ថានការណ៍នៅ​ក្នុង​ប្រទេស​អេក្វាឌ័រ​កំពុង​ធ្លាក់​ក្នុង​ភាព​វឹកវរ ពីព្រោះ​បន្ទាប់ពី​គេ​រាយការណ៍​ថា លោក Adolfo Macias ឬ «Fito» មេដឹកនាំ​ក្រុម​ឧក្រិដ្ឋជន Los Choneros បាន​បាត់​ខ្លួន​ពី​ពន្ធនាគារ​​ បន្ទាប់មកក៏មាន​ការ​វាយ​ប្រហារ​ថ្មីៗ​នៅ​ទូទាំង​ប្រទេស​​នេះ ។

ការវាយប្រហារដ៏ធំមួយនេះ គឺនៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​មករា ក្រុម​ប្រដាប់​អាវុធ​​បាន​សម្រុក​ចូល​ស្ទូឌីយ៉ូ​របស់​ទូរទស្សន៍ TC Television ដែល​ជា​ប៉ុស្តិ៍​ទូរទស្សន៍​ដ៏​សំខាន់​របស់​ប្រទេស នៅក្នុងទីក្រុង guayaquil ទីក្រុងធំបំផុតរបស់អេក្វាឌ័រ ។

ក្រុមបុរស​មាន​គ្នា​ប្រហែល​ ២០​នាក់ ​បាន​សម្រុក​ចូល​ក្នុង​ស្ទូឌីយ៉ូ​អំឡុង​ពេល​ការ​ផ្សាយ​ផ្ទាល់​នៃ​កម្មវិធី​ព័ត៌មាន El Noticiero អ្នក​ដែល​មើល​កម្មវិធី​អាច​មើល​ឃើញ​ជនទាំងនោះ​តាម​រយៈ​កាមេរ៉ា ហើយ​ឃើញ​បុគ្គលិក​ខ្លះ​ដេក​នៅ​នឹង​ដី និងមានសម្រែកបុរសម្នាក់ថា «កុំបាញ់!» មុនពេលសញ្ញាត្រូវបានកាត់ផ្តាច់ ។

ក្រោយមក នៅម៉ោងប្រហែល 2 រសៀល កងកម្លាំងពិសេសរបស់ប៉ូលីស បានសម្រុកចូលចាប់ខ្មាន់កាំភ្លើងពាក់ម៉ាស់បានទាំងអស់ ដោយរឹបអូសបានកាំភ្លើងខ្លី កាំភ្លើងយន្ត គ្រាប់បែកដៃ និងដំបង ។

ឧបទ្ទវហេតុនេះបានធ្វើឱ្យប្រធានាធិបតីអេក្វាឌ័រ ដានីញ៉ែល ណូបូ (Daniel Noboa) ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ថាជា «ជម្លោះប្រដាប់អាវុធផ្ទៃក្នុង» ។

លោកស្រី អាលីណា ម៉ានរីកេ (Alina Manrique) ប្រធានផ្នែកព័ត៌មាននៃទូរទស្សន៍ TC បាននិយាយថា «លោកស្រីស្ថិតនៅក្នុងបន្ទប់ត្រួតពិនិត្យ ពេល​បុរស​ពាក់​ម៉ាស់​មួយ​ក្រុម​បាន​ចូល​ទៅ​ក្នុង​អគារ បុរស​ម្នាក់​យក​កាំភ្លើង​ភ្ជុង​ក្បាល​ខ្ញុំ ហើយ​ប្រាប់​ឱ្យ​ដេក​លើ​ដី» ។

សេសារ ហ្សាប៉ាតា (Cesar Zapata) មេប៉ូលីសអេក្វាឌ័រ បាននិយាយថា ពិរុទ្ធជនទាំងអស់ត្រូវបានចាប់ខ្លួន ដោយលោកបន្ថែមថា «នេះជាទង្វើដែលគួរចាត់ទុកថាជាអំពើភេរវកម្ម» ។

បន្ថែមពីលើការវាយឆ្មក់ក្នុងអំឡុងពេលផ្សាយផ្ទាល់តាមទូរទស្សន៍ ក៏មានឧក្រិដ្ឋកម្មដែលបានរៀបចំជាមុននៅទូទាំងប្រទេសអេក្វាឌ័រ ។ ជនប្រដាប់អាវុធបានវាយលុកចូលសាកលវិទ្យាល័យមួយនៅ Guayaquil ឯក្រុម​មួយ​ផ្សេង​ទៀត​បាន​លួច​ប្លន់​នៅ​កណ្តាល​ក្រុង​គីតូ។ មានវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានលេចចេញជារូបរាងបង្ហាញពីអ្នកទោសមួយក្រុមនៅពន្ធនាគារដែលធ្វើកុបកម្ម និងវាយប្រហារអ្នកយាមម្នាក់ ។

ក្រៅ​ពី​ប្រកាស​ស្ថានការណ៍​ជម្លោះ​ប្រដាប់​អាវុធ​ក្នុង​ប្រទេស ប្រធានាធិបតី ណូបូ ក៏​បាន​ចេញ​ក្រឹត្យ​កំណត់​ក្រុម​ជួញដូរ​គ្រឿងញៀន​ចំនួន ២០ ជា​ក្រុម​ភេរវជន និងផ្តល់អំណាចដល់យោធាអេក្វាឌ័រក្នុងការបង្រ្កាបឧក្រិដ្ឋកម្មដែលបានរៀបចំនៅក្នុងវិសាលភាពនៃច្បាប់មនុស្សធម៌អន្តរជាតិ ។

លោក ណូបូ ដែលត្រូវបានបោះឆ្នោតកាលពីខែតុលាឆ្នាំ 2023 បានសន្យាពីមុនថា នឹង​បង្ក្រាប​ឧក្រិដ្ឋកម្ម​ហិង្សា​ក្នុង​ប្រទេស ដោយ​លោក​ថា​នឹង​មិន​ចរចា​ជាមួយ​ពួក «ភេរវករ» ទេ។

ប្រធានាធិបតី​អេក្វាឌ័រ​ក៏​គ្រោង​នឹង​ធ្វើ​ប្រជាមតិ ​លើ​វិធានការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ខ្លាំង​ជាង​មុន ​ដូចជា​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ពី​ឧក្រិដ្ឋជន​ដែល​ត្រូវ​បាន​គេ​សង្ស័យ និង​បង្កើន​ទោស​ជាប់​ពន្ធនាគារ ៕

ព្រភព pptvhd36


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម