មេដឹកនាំបារាំងផ្តល់តម្លៃ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជានិងបារាំង

នយោបាយថ្ងៃច័ន្ទុ ទី15 ខែមករា ឆ្នាំ2024 ម៉ោង 10:38 នាទី ព្រឹក

By Dararith:

តាមរយៈការអញ្ជើញរបស់ប្រធានាធិបតីបារាំងបានឆ្លុះបញ្ចាំងឱ្យឃើញថា បារាំងបានផ្តល់តម្លៃ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតទំនាក់ទំនងនយោបាយនិងសេដ្ឋកិច្ច រវាងកម្ពុជានិងបារាំង ដែលនេះគឺជាមោទកភាពរបស់កម្ពុជា ហើយកម្ពុជាក៏ផ្តល់ការឆ្លើយតបដោយស្មើភាពគ្នាផងដែរ ។

សម្តេចធិបតីបានបន្តថាទំនាក់ទំនងកម្ពុជា-បារាំង មានជាយូរមកហើយ ហើយក៏ជាទំនាក់ទំនងជាប្រវត្តិសាស្រ្តដែលយើងត្រូវបន្តពូនជ្រុំផងដែរ ។

នៅក្នុងឱកាសនៅបារាំង មានរឿងមួយដែលសម្តេចធិបតីលើកមកនិយាយថា «ប្រសិនបើប្រធានាធិបតីប្រទេសមហាអំណាចមួយអាចឱ្យសម្តេចបោកបាននោះ គឺពិតជារឿងអស់សំណើចណាស់» នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអឺរ៉ុបប្រមាណ ២,៥ ០០នាក់ ដែលធ្វើឡើងនៅទីក្រុងប៉ារីសប្រទេសបារាំង នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ។

សម្តេចបានបង្ហាញការហួសចិត្តយ៉ាងខ្លាំងចំពោះបុគ្គលមួយរូប ដែលបានផ្ញើលិខិតដាស់តឿនប្រធានាធិបតីបារាំងថា «ប្រយ័ត្នចាញ់បោកសម្តេច»។ សម្តេចធិបតីបានបញ្ជាក់ថា មុននឹងប្រធានាធិបតីបារាំងអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចនេះ គឺមានការគិតគូរពិចារណាខ្លាំងណាស់ ពិសេសគឺមានការវាយតម្លៃពីទីប្រឹក្សា និងឥស្សរជនជាន់ខ្ពស់បារាំង។

សម្តេចបានថា«ប្រសិនបើប្រធានាធិបតីប្រទេសមហាអំណាចមួយអាចឱ្យសម្តេចបោកបាននោះ គឺពិតជារឿងអស់សំណើចណាស់»។

សម្តេចធិបតីបានគូសបញ្ជាក់ថា ពុំមានរឿងអ្វីត្រូវបោកនោះទេ កិច្ចការទាំងអស់ដែលត្រូវធ្វើសម្រាប់ប្រធានាធិបតីនិងរូបសម្តេចដែលជាប្រមុខរាជរដ្ឋាភិបាលនោះ គឺជា«កាតព្វកិច្ចដើម្បីជាតិនិងប្រជាជន» ពោលគឺពុំមែនដើម្បីផលប្រយោជន៍បុគ្គលនោះទេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម