និពន្ធនាយកកាសែតរដ្ឋវៀតណាម ២ នាក់ ត្រូវចាប់ខ្លួនពីបទប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី17 ខែមករា ឆ្នាំ2024 ម៉ោង 7:16 នាទី ល្ងាច

 ពី AFP ដោយ សូរ្យសែង៖

ប៉ូលិសវៀតណាមបាននិយាយថា អតីតនិពន្ធនាយកប្រតិបត្តិពីរនាក់នៃកាសែតរដ្ឋមួយត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ទី១៧ មករា នៅ​ក្នុង​ការ​បង្ក្រាប​អំពើ​ពុក​រលួយ​ដ៏​ធំ​បំផុតមួយ ។

ការ​ជំរុញ​បង្ក្រាប​ការ​ស៊ីសំណូក ​ក្រោម​ការ​ដឹក​នាំ​របស់​អគ្គ​លេខា​ធិការ​បក្ស​កុម្មុយនិស្ត ង្វៀន ហ្វូ ចុង (Nguyen Phu Trong) ធ្វើឡើងចំពោះការប្រព្រឹត្តអំពើ​ខុស​ឆ្គង​ក្នុងជួរ​បក្ស ប៉ូលិស ធុរកិច្ច និង​កងទ័ព ។

កាលពីថ្ងៃទី ១៦ មករា ប៉ូលីសនៅទីក្រុងហូជីមិញបានចាប់ខ្លួនលោក ង្វៀន កុង កេ (Nguyen Cong Cae) និពន្ធនាយកកាសែត ថាញ់ នៀន (Thanh Nien) ពីឆ្នាំ 1988 ដល់ឆ្នាំ 2008 និងលោក Nguyen Quang Thong ដែលបន្តតំណែងគាត់រហូតដល់ឆ្នាំ 2021 ។

អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​បទ​ប្បញ្ញត្តិ​ស្ដីពី​ការ​គ្រប់​គ្រង និង​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ ដែលបណ្តាលឱ្យបាត់បង់និងខ្ជះខ្ជាយ ។

របាយ​ការណ៍​បាន​និយាយ​ថា អ្នក​ទាំង​ពីរ​បាន​ប្រគល់​ដី​មួយ​ដុំ​ធំ​ ដែល​គ្រោង​សាង​សង់​ទីស្នាក់ការ​កាសែត Thanh Nien ឲ្យក្លាយជាអគារការិយាល័យ ផ្សារ​ទំនើប និងផ្ទះល្វែងលំនៅដ្ឋាន ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា កិច្ចព្រមព្រៀងនេះបណ្តាលឱ្យមានការខាតបង់ដល់រដ្ឋ ។

ប្រទេសវៀតណាមបានចាប់ខ្លួន និងកាត់ទោសមន្ត្រី និងពាណិជ្ជករមួយចំនួន លើបទចោទប្រកាន់ពាក់ព័ន្ធនឹងអំពើ ពុករលួយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ចាប់តាំងពីឆ្នាំ 2021 មនុស្សជាង 3,500 នាក់ត្រូវបានកាត់ទោសនៅក្នុងករណីស៊ីសំណូកជាង 1,300 ករណី។

កាសែត Thanh Nien គឺជាកាសែតបោះពុម្ពមួយក្នុងចំណោមកាសែតដែលមានឥទ្ធិពលបំផុតរបស់វៀតណាម និងការលក់ដាច់ច្រើនជាង 400,000 ច្បាប់ក្នុងមួយថ្ងៃ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម