ការឆបោកអនឡាញ, កម្ពុជាគ្រាន់តែជាប្រទេសរងគ្រោះពីប្រទេសថៃប៉ុណ្ណោះ សូមថៃឈប់ព្រួសឈាមដាក់គេ!

នយោបាយថ្ងៃសុក្រ ទី27 ខែមិថុនា ឆ្នាំ2025 ម៉ោង 2:23 នាទី ល្ងាច

 

«កម្ពុជា គ្រាន់តែជាប្រទេសរងគ្រោះដោយសារថៃតែប៉ុណ្ណោះ ព្រោះថៃជាប្រទេសមានជើងហោះហើរត្រង់តភ្ជាប់ទៅប្រទេសនានា ហើយនាំជនឆបោកទាំងនោះចូលប្រទេសរបស់ខ្លួន»។ សូមថៃ«ឈប់ព្រួសឈាមដាក់គេ លើបញ្ហាឧក្រិដ្ឋកម្មអនឡាញនេះ ទៅកាន់ប្រទេសជិតខាង ជាពិសេសប្រទេសកម្ពុជាតែម្ដង»

សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សា ខេត្ត/ក្រុង ស្រុក/ខណ្ឌ ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

«កម្ពុជាបានអត់ធ្មត់ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបង្រ្កាបទាំងអស់គ្នា ប៉ុន្តែលោកជំទាវយករួចខ្លួន ហើយមកដាក់កំហុសឱ្យកម្ពុជា, ទទួលយកមិនបានទេលោកជំទាវ, លោកជំទាវធ្វើកំហុសធ្ងន់ធ្ងរណាស់បញ្ហាហ្នឹង! លោកជំទាវ ស្ដោះ ព្រួសឈាមដាក់គេ ប៉ុន្តែភ្លេចថា ឈាមនោះវាចេញពីខ្លួនរបស់លោកជំទាវ»

សម្ដេចតេជោ បានចោទជាសំណួរថា៖ «អ្នកណាចិញ្ចឹមក្រុមឧក្រិដ្ឋជននៅតាមព្រំដែន ជាមួយមីយ៉ាន់ម៉ា? អ្នកណាចិញ្ចឹមឧក្រិដ្ឋជននៅតាមព្រំដែនឡាវ? សម្រាប់កម្ពុជា កម្ពុជាចេះធ្វើហើយ! លោកជំទាវថាផ្គត់ផ្គង់អ៊ីនធើណិត អ៊ីនធើណេតកម្ពុជាបានកាត់ផ្ដាច់តាំងពីមុនថ្ងៃទី២៤ មិថុនាមកម៉្លេះ ហើយលោកជំទាវ បានសូមទោសខ្ញុំ ថាកម្ពុជាទទួលបានព័ត៌មានខុស ប៉ុន្តែនៅពេលមានការពន្យល់លោកជំទាវ បានសូមទោសខ្ញុំមែនទេ? លោកជំទាវ មិនបានដឹងថាក្រសួងការបរទេសលោកជំទាវ បានព្រមានកម្ពុជា ដើម្បីកាត់ភ្លើង កាត់អ៊ីនធើណេត កម្ពុជាមិនចាំបាច់ឱ្យលោកជំទាវកាត់ទេ យើងកាត់មុន»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំទៅកាន់ប្រជាពលរដ្ឋថៃផងដែរ ឱ្យមើលឱ្យច្បាស់ពីល្បិចរបស់មេដឹកនាំថៃ ? យ៉ាង​ណាមិញ សម្ដេចបានបញ្ជាក់ថា សម្ដេចមិនបានបន្ទោសបក្សភឿថៃទេ ប៉ុន្តែសម្ដេចបន្ទោសទៅលើតួអង្គអ្នកដឹកនាំ ដែលខ្វះការទទួលខុសត្រូវ មិនស្មោះត្រង់ជាមួយប្រជាជនខ្លួនឯង ហើយមិនស្មោះត្រង់ជាមួយដៃគូសន្ទនាទៀត។

សម្ដេចបានដាក់ទម្ងន់ថា៖ «បើពលរដ្ឋខ្លួនឯងមិនស្មោះត្រង់ជាមួយផង តើយើងជឿទុកចិត្តយ៉ាងម៉េចបាន?»

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាបានត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ ទៅលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មគ្រប់ប្រភេទ មិនមែនតែអនឡាញនោះទេ ជួញដូរមនុស្ស លាងលុយកង្វក់ គ្រឿងញៀន ជាដើម ៕

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម