មហាសេដ្ឋីអចលនទ្រព្យវៀតណាម ត្រូវកាត់ទោសពីបទឆបោកដ៏ធំបំផុតរបស់ប្រទេស

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី01 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 7:24 នាទី ល្ងាច

 

ពី mgronline ដោយ សាវុឌ្ឍ៖

AFP - ពេទ្យចូលនិវត្តន៍ម្នាក់ ក្នុងចំណោមជនរងគ្រោះចំនួន 42,000 នាក់​ បានដាក់ប្រាក់សន្សំជីវិតរបស់នាងទៅក្នុង​ធនាគារ SCB របស់ប្រទេសវៀតណាម ប៉ុន្តែឥឡូវនេះនាងមិនអាចទទួលបានប្រាក់សន្សំផ្ទាល់ខ្លួនរបស់នាងបានទេ ក្រោយ​លុយ​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ឆបោក​តម្លៃ​រាប់​សិប​ពាន់​លាន​ដុល្លារ ជា​រឿង​អាស្រូវ​ដែល​បង្ក​ការភ្ញាក់ផ្អើល​ពេញ​ប្រទេស ។

មហាសេដ្ឋីអចលនទ្រព្យលោកស្រី ចើង មី ឡាន ឥឡូវនេះកំពុងត្រូវបានកាត់ទោសក្នុងសំណុំរឿងឆបោកដ៏ធំបំផុតរបស់ប្រទេស។ ក្រុមអ្នកស៊ើបអង្កេតបានចោទប្រកាន់ថា គាត់បានកេងប្រាក់ចំនួន 12.5 ពាន់លានដុល្លារ បន្ទាប់ពីត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបជាតិពីបទអំពើពុករលួយ ដែល​អ្នក​វិភាគ​និយាយ​ថា ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ទំនុក​ចិត្ត​អ្នក​វិនិយោគ ។

លោកស្រី មី ឡាន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ វ៉ាន់ ទិង ផាត ត្រូវបានគេនិយាយថាបានបោកប្រាស់លុយពីធនាគារ Saigon Commercial (SCB) អស់ជាច្រើនឆ្នាំ ។

ង៉ា អាយុ 67 ឆ្នាំជាអ្នករស់នៅទីក្រុងហាណូយ បានបង្ហាញវិញ្ញាបនបត្រមូលបត្រ ដែលមានតម្លៃប្រហែល 120,000 ដុល្លារដែលចេញដោយធនាគារ SCB ។

ប៉ូលិសនិយាយថា ជនរងគ្រោះក្នុងអំពើឆបោកនេះ ម្ចាស់ប័ណ្ណបំណុលទាំងអស់របស់ SCB មិនមានលទ្ធភាពដកប្រាក់ ហើយ​មិន​បាន​ទទួល​ការ​ប្រាក់ ឬ​ប្រាក់​ដើម​មក​វិញ​ទេ ចាប់​តាំង​ពី ចើង មី ឡាន ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខែ​តុលា ឆ្នាំ​២០២២។

មី ឡាន ដែលរៀបការជាមួយអ្នកជំនួញហុងកុង រង​ការ​ចោទ​ប្រកាន់​ពី​ការ​បង្កើត​កម្មវិធី​កម្ចី​ក្លែងក្លាយ​ដើម្បី​ដក​ប្រាក់​ពី​ធនាគារ SCB ដែល​នាង​កាន់​ភាគហ៊ុន 90%។

ចន្លោះខែកុម្ភៈ ឆ្នាំ 2019 ដល់ខែកញ្ញា ឆ្នាំ 2022 អ្នកបើកបររបស់នាងបានដឹកជញ្ជូនសាច់ប្រាក់ជាង 4.4 ពាន់លានដុល្លារពីទីស្នាក់ការកណ្តាលរបស់ SCB នៅទីក្រុងហូជីមិញ ទៅកាន់ផ្ទះដែលនៅជិតនោះ ហើយបន្ទាប់មកទៅកាន់ការិយាល័យរបស់ក្រុមហ៊ុន វ៉ាន់ ទិញ ផាត ។

តម្លៃទ្រព្យសម្បត្តិដែលត្រូវបានចោទប្រកាន់នេះគឺស្មើនឹងប្រមាណ 3% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសក្នុងឆ្នាំ 2022 ។

ទោះ​បី​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ល្បី​ៗ​ជា​ច្រើន​នាក់​ក៏​ដោយ ក្រោម​ការ​ជំរុញ​ដើម្បី​ប្រឆាំង​អំពើ​ពុករលួយ ប៉ុន្តែ​ទំហំ​នៃ​រឿង​អាស្រូវ​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​មាន​ការ​ភ្ញាក់​ផ្អើលខ្លាំង ។

មាន​ជន​ជាប់​ចោទ ​៨៥​នាក់​ផ្សេង​ទៀត​ដែល​នឹង​ត្រូវ​កាត់​ទោស​រួម​នៅ​តុលាការ រួមទាំងអតីតធនាគារកណ្តាល អតីត​នាយក​ប្រតិបត្តិ​ធនាគារ SCB និង​អតីត​មន្ត្រី​រដ្ឋាភិបាល ។

មួយក្នុងចំណោមពួកគេគឺ អតីតបុគ្គលិកធនាគារជាតិនៃវៀតណាម ឬធនាគារកណ្តាល ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកចំនួន 5.2 លានដុល្លារ ដើម្បីលាក់បាំងការបំពាន និងស្ថានភាពហិរញ្ញវត្ថុមិនល្អរបស់ធនាគារ SCB ។

អ្នកដឹកនាំអាជីវកម្មផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំដ៏ធំ ក្នុង​គោលដៅ​ជំរុញ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ រួមមាន ជួង គី ថាន់ ប្រធានក្រុមហ៊ុនភេសជ្ជៈ Tan Hiep Phat Group ហើយគាត់ត្រូវបានចោទប្រកាន់ជាមួយនឹងកូនស្រីពីរនាក់ទៀត ពីបទកិបកេងប្រាក់ចំនួន 31.5 លានដុល្លារ។

ប្រធានក្រុមហ៊ុន Tan Hoang Minh Group ក៏នឹងប្រឈមមុខនឹងការកាត់ទោសពីបទលក់មូលបត្របំណុលខុសច្បាប់តម្លៃ 355 លានដុល្លារដល់វិនិយោគិនជាង 6,500 ផងដែរ ។

ការជំរុញ​ដើម្បី​បង្ក្រាប​ការ​ស៊ីសំណូក​ក៏​កំពុង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​វៀតណាម​ផងដែរ។ ប្រធាន​សេដ្ឋវិទូ​នៃ​ធនាគារ BIDV បាន​ថ្លែង​បែប​នេះ​ក្នុង​កិច្ច​ពិភាក្សា​កាលពី​ពេល​ថ្មីៗ​នេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម