សំណួរសួរថា ២០ ឆ្នាំនៃសង្គ្រាមក្នុងអាហ្វហ្គានីស្ថានដ៏សែនខ្លោច និងសែនឈឺចាប់ តើវាមានតម្លៃប៉ុនណា ?

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី16 ខែសីហា ឆ្នាំ2021 ម៉ោង 4:50 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

សំណួរដែលត្រូវសួរនៅពេលនេះ គឺ ២០ ឆ្នាំនៃសង្គ្រាមក្នុងអាហ្វហ្គានីស្ថានដ៏សែនខ្លោច និងសែនឈឺចាប់ តើវាមានតម្លៃប៉ុនណា ក្រោយសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តបាត់បង់ទាហានជាង ៣.០០០ នាក់?

មុននេះ ប្រធានាធិបតី ចូ បៃដិន បាននិយាយថា ការដកកងទ័ពអាមេរិកដែលនៅសល់ទាំងអស់ មិនមានការសោកស្តាយទេ ដោយនិយាយថា មេដឹកនាំអាហ្វហ្គានីស្ថានត្រូវតែតស៊ូប្រយុទ្ធដើម្បីប្រទេសរបស់ខ្លួន ខណៈពេលដែលពួកតាលីបង់បានរស់ឡើងវិញ មកដណ្តើមយកទីក្រុង និងតំបន់ជនបទរបស់ប្រទេស និងវិមានប្រធានាធិបតីរួចជាស្រេច​ ។

ស្ថានភាពនៅអាហ្វហ្គានីស្ថាន គួរឱ្យភ័យខ្លាចត្រលប់មកវិញ នៅពេលពួកអ៊ីស្លាមជ្រុលនិយម «តាលីបង់» បានរស់ឡើងវិញ និងបានលុកលុយទីក្រុងនិងតំបន់ជនបទរបស់ប្រទេស ក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ ខណៈពេលដែលកងទ័ពអាមេរិក និងអង្គការសន្ធិសញ្ញាការពារអាត្លង់ទិកខាងជើង (ណាតូ=NATO) គ្រោងដកកងទ័ពចុងក្រោយរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថាននៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២១ ។

អ្វីនឹងកើតឡើងនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីកងទ័ពអាមេរិកចុងក្រោយបានចាកចេញពីប្រទេស ចម្លើយត្រូវតែស្ថិតនៅក្នុងចិត្តរបស់មនុស្សគ្រប់រូប ជាពិសេសប្រជាជនអាហ្វហ្គានីស្ថានដែលបានប្រឈមមុខនឹងជោគវាសនាដ៏អាក្រក់នេះជាយូរមកហើយ !! ហើយក្នុងពេលជាមួយគ្នានេះដែរ ត្រូវតែមានសំណួរមួយដែលកើតឡើងនៅក្នុងចិត្តរបស់មនុស្សជាច្រើនថា៖«សង្គ្រាមរយៈពេល ២០ ឆ្នាំនៅអាហ្វហ្គានីស្ថាន ដែលកងទ័ពអាមេរិក ហើយប្រទេសជាសម្ព័ន្ធមិត្តជាង ៤០ រួមទាំងណាតូបានបញ្ជូនទ័ពដើម្បីផ្តួលរំលំក្រុមតាលីបង់តាំងពីឆ្នាំ ២០០១ តើវាសមនឹងមានតម្លៃដែរឬទេ?

ប្រសិនបើត្រលប់មកវិញ ហេតុផលសម្រាប់រដ្ឋាភិបាលអាមេរិក អតីតប្រធានាធិបតី ចច ដាប់ប៊លយូ ប៊ូស បើកឆាកសង្គ្រាមប្រឆាំងភេរវកម្ម ក្រោមឈ្មោះ «ប្រតិបត្តិការស៊ូទ្រាំនឹងសេរីភាព (Operation Enduring Freedom)» បន្ទាប់ពីការវាយប្រហារនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ អាល់កៃដា បើកយន្តហោះទៅបំបុកអគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅទីក្រុងញូវយ៉ក និងក្រសួងការពារជាតិអាមេរិក ។

គោលដៅទី ១ នៃការធ្វើសង្រ្គាមបង្ក្រាបភេរវកម្មរបស់អាមេរិក គឺការផ្តួលអំណាចក្រុមតាលីបក្នុងអាហ្វហ្កានីស្ថាន ដាក់ទោសចំពោះការផ្តល់ជម្រកលាក់ខ្លួននៃមេដឹកនាំអាល់កៃដា គឺ អ៊ូសាម៉ាប៊ិន ឡាដេន ដែលត្រូវសហរដ្ឋអាមេរិកចោទថាមេដឹកនាំភេរវកម្មក្បាលរឹងអាក្រក់លេខ១ នៃពិភពលោក ។

ឥឡូវនេះ ក្រុមតាលីបង់ ក្រោមការដឹកនាំរបស់ មុលឡោះហ៍ អូហាំម៉ាដ អូម៉ារ មានភាពក្រែងរ៉ែង រហូតអាចបុកវាយប្រហារដណ្តើមទីក្រុងផ្សេងៗ ក្នុងឋានៈជារដ្ឋអ៊ីស្លាមអាហ្វហ្គានីស្ថាន តាំងពីខែកញ្ញា ឆ្នាំ ១៩៩៦ ។

ទោះយ៉ាងណាក៏ដោយ នៅពេលកងកម្លាំងសម្ព័ន្ធមិត្ត ដឹកនាំដោយសហរដ្ឋអាមេរិក បើកឆាកធ្វើសង្គ្រាមក្នុងអាហ្វហ្គានីស្ថានក្នុងខែតុលា ឆ្នាំ ២០០១ ដើម្បីសងសឹកទៅនឹងវិនាសកម្មនៅអគារពាណិជ្ជកម្មភ្លោះ (9/11) ក៏អាចដណ្តើមជ័យជម្នះលឿនរហ័សដូចពួកតាលីបង់ដែរ ដែលធ្វើឲ្យកងពលតាលីបង់បរាជ័យរត់ខ្ចាត់ខ្ចាយគេចចេញពីទីក្រុង បើកផ្លូវឲ្យកងកម្លាំងសម្ព័ន្ធមិត្ត និង សហរដ្ឋអាមេរិកចូលទៅដណ្តើមទីក្រុងបានយ៉ាងលឿន ងាយស្រួល  !! ប៉ុន្តែបន្ទាប់ពីនោះមក ស្ថានការណ៍ក្នុងអាហ្វហ្កានីស្ថានមិនស្ងប់ដូចការរំពឹងទុកឡើយ ទោះបីតាលីបង់បាត់បង់អំណាចគ្រប់គ្រងប្រទេសក៏ដោយ ... ។

បើទោះបីជាក្រុមឧទ្ទាមតាលីបង់បានបាត់បង់ការគ្រប់គ្រងទីក្រុងផ្សេងៗក៏ដោយ ប៉ុន្តែក្រុមឧទ្ទាមតាលីបង់បានងាកទៅរកយុទ្ធសាស្ត្រវាយឆ្មក់បែបទ័ពព្រៃ ជាពិសេសនៅតំបន់ជនបទ ហើយធ្វើភេរវកម្មនៅក្នុងទីក្រុង ដើម្បីសងសឹកទៅនឹងទាហានអាហ្វហ្គានីស្ថាន រួមទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ។

សង្គ្រាម ២០ ឆ្នាំនៃសង្គ្រាមអាហ្វហ្គានីស្ថាន ធ្វើឱ្យទាហានបរទេសដែលឈរជើងនៅអាហ្វហ្កានីស្ថាន ដើម្បីជួយកងទ័ពអាហ្វហ្កានីស្ថានប្រយុទ្ធជាមួយតាលីបង់ និងជួយបណ្តុះបណ្តាលទាហានអាហ្វហ្គានីស្ថានក្នុងជំនាញប្រយុទ្ធ ត្រូវបានក្រុមតាលីបង់វាយប្រហារស្លាប់ទាហានអាមេរិកប្រមាណ ៣.០០០ នាក់ មនុស្សជាង ២.៣០០ នាក់បានស្លាប់ និងជាង ២០.០០០ នាក់បានរងរបួស។ លើសពីនេះទៀតទាហានអង់គ្លេសជាង ៤៥០ នាក់និងទាហានជាតិដទៃទៀតត្រូវបានសម្លាប់រាប់រយនាក់ បុគ្គលិកសន្តិសុខ និងយោធាអាហ្វហ្គានីស្ថាន ស្លាប់ជាង ៦ ម៉ឺននាក់ខណៈជនស៊ីវិលនៅអាហ្វហ្កានីស្ថាន ស្លាប់ច្រើនពីរដង ឬ ១២ ម៉ឺននាក់។

មុនពេលកងកម្លាំងអាមេរិកនិងសម្ព័ន្ធមិត្តចាប់ផ្តើមធ្វើសង្គ្រាមនៅអាហ្វហ្គានីស្ថាន នៅចន្លោះឆ្នាំ ១៩៩៦ ដល់ ២០០១ ក្រុមភេរវករអាល់កៃដា ក្រោមការដឹកនាំរបស់ អូសាម៉ាប៊ីន ឡាដេន អាចបង្កើតជំរុំបណ្តុះបណ្តាលភេរវករនៅអាហ្វហ្គានីស្ថាន រួមទាំងធ្វើតេស្តការប្រើឧស្ម័នពុលលើសត្វឆ្កែ ដើម្បីបញ្ចុះបញ្ចូលយុវជនឱ្យចូលរួមជាមួយអាល់កៃដា រហូតដល់អ្នកស្ម័គ្រចិត្ត ២០.០០០ នាក់មកពីទូទាំងពិភពលោកបានចូលរួមក្នុងសង្គ្រាមជីហាដ ។

អាល់កៃដាអាចធ្វើប្រតិបត្តិការភេរវកម្មដោយនិទណ្ឌភាពនៅអាហ្វហ្កានីស្ថាន ព្រោះត្រូវបានការពារដោយរដ្ឋាភិបាលតាលីបង់ ដែលដណ្តើមបានប្រទេសទាំងមូលនៅឆ្នាំ ១៩៩៦ បន្ទាប់ពីអតីតកងទ័ពសូវៀតបានដកថយពីអាហ្វហ្គានីស្ថាន បន្ទាប់ពីការប្រយុទ្ធជាមួយ មូចាហ៊ីដិន ព្យាយាមបណ្តេញទាហានសូវៀត រហូតដល់មានសង្គ្រាមស៊ីវិលដ៏យូរនៅអាហ្វហ្គានីស្ថាន ។

នៅពេលនោះរដ្ឋាភិបាលអាមេរិកបានគិតថា អារ៉ាប៊ីសាអូឌីត គឺជាសម្ព័ន្ធមិត្ត ដូច្នេះនឹងជួយបញ្ចុះបញ្ចូលពួកតាលីបង់ឱ្យដេញអាល់កៃដាចេញពីអាហ្វហ្គានីស្ថាន ប៉ុន្តែតាលីបង់បានបដិសេធ។

ក្រោយហេតុការណ៍ 9/11 សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានសុំឲ្យក្រុមតាលីបង់បញ្ជូនខ្លួន អ៊ូស្មាប៊ិន ឡាដេន និងសមាជិកអាល់កៃដាដែលជាប់ព័ន្ធនឹងវិនាសកម្មបើកយន្តហោះបំបុកអគារភ្លោះ តែក្រុមតាលីបង់បដិសេធ ។

មួយខែក្រោយមក កងកម្លាំងប្រឆាំងតាលីបង់ ដែលគេស្គាល់ថាកងកម្លាំងសម្ព័ន្ធមិត្តភាគខាងជើងគឺជាអ្នកប្រយុទ្ធជួរមុខ ជាមួយកងទ័ពអាមេរិក និងអង់គ្លេស ដើម្បីគាំទ្រវាយដណ្តើមបានទីក្រុងកាប៊ុលពីក្រុមតាលីបង់ដោយជោគជ័យ រហូតដល់សមាជិកអាល់កៃដាភៀសខ្លួនទៅព្រំដែន ឆ្លងទៅប៉ាគីស្ថាន ។

ប្រភពព័ត៌មានសន្តិសុខជាន់ខ្ពស់ បានប្រាប់ BBC ថា ចាប់តាំងពីពេលនោះមក គ្មានការបង្កវិនាសកម្មអ្វីនៅបរទេសឡើយ ដោយសារតែវិធានការប្រឆាំងភេរវកម្មអន្តរជាតិ ដែលត្រូវបានចាត់ទុកថាទទួលបានជោគជ័យស្របតាមគោលបំណង ។

ប្រធានាធិបតី ចូ បៃដេន បានថ្លែងកាលពីខែមេសា ឆ្នាំ ២០២១ ថា ការបញ្ជាឲ្យដកកងកម្លាំងដែលនៅសល់ចេញពីអាហ្វហ្គានីស្ថានក្នុងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១ ខាងមុខ ដែលជាដំណាក់កាលចុងក្រោយនៃការបញ្ចប់សង្គ្រាមរបស់សហរដ្ឋអាមេរិកក្នុងអាហ្វហ្គានីស្ថានរយៈពេល ២០ ឆ្នាំ ។

ការដែលរដ្ឋាភិបាល បៃដេន រើសយកថ្ងៃទី 11 កញ្ញា ជាថ្ងៃដកទ័ពចុងក្រោយ គឺដើម្បីរំឭកដល់ហេតុការណ៍សោកនាដកម្មថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ត្រូវ ២០ ឆ្នាំ ។ ក៏ជាសញ្ញាល្អដល់ក្រុមតាលីបង់ វាយសម្រុកដណ្តើមទីក្រុងផ្សេងៗបានយ៉ាងឆាប់រហ័ស ។

ទោះយ៉ាងណា បៃដេន និយាយថា គាត់មិនខកចិត្តទេ ក្នុងពេលតាលីបង់ដណ្តើមបាន តែបានអំពាវនាវដល់មេដឹកនាំរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ឲ្យសាមគ្គីគ្នា និងតស៊ូដើម្បីប្រទេសជាតិរបស់ខ្លួន ហើយបានទស្សន៍ទាយថា ក្នុងរយៈពេល ៩០ ថ្ងៃនឹងដណ្តើមបានរដ្ឋធានីកាប៊ុល តែឥឡូវមិនបានប៉ុន្មានថ្ងៃផង ក៏ចូលដល់វិមានប្រធានាធិបតីយ់ាងស្រួល ៕

 

ប្រភព BBC ,Reuters


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម