មន្ត្រីនគរបាលយុត្តិធម៌ ៩៣ រូបរបស់ ACU ចូលស្បថ

ព័ត៌មានសង្គមថ្ងៃពុធ ទី28 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 1:14 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

«....បើយើងខ្ញុំប្រព្រឹត្តល្អៀង វៀរចាកច្បាប់ បើអនុវត្តមិនត្រូវតាមច្បាប់ ដោយមានចេតនាទុច្ចរិត សូមអស់ទេវរៈព អារុកអារក្ស អ្នកតា យាយទេព និបារមីដ៏ស័ក្តិសិទ្ធិទាំងអស់ បំផ្លាញយើងខ្ញុំឲ្យវិនាស ឲ្យស្លាប់តៃហោងយ៉ាងវេទនាដោយគ្រាប់កាំភ្លើង ខ្សែភ្លើងឆក់ រន្ទះបាញ់ ឡានម៉ូតូបុក ខ្លាខាំ ពស់ចឹក  លុះអនាគតជាតិ ឲ្យព្រាត់ប្រាស និរាស្ត្រឪពុកម្តាយ បងប្អូន កូនចៅ ឲ្យក្ររហេមរហាម រងទុក្ខវេទនា អស់ប្រាំរយជាតិ...» ។

នេះជាខ្លឹមសារសម្បថសច្ចាប្រណិធាន របស់មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ៩៣ នាក់ ដែលទទួលបាន និតិ សម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ កំពុងឈរលើកដៃស្តាំដាក់ត្រង់ត្រចៀក នៅចំពោះមុខក្រុមប្រឹក្សាសម្បថ ដែលមានឯកឧត្តម សេង ស៊ីវុត្ថា ជាប្រធានសាលាឧទ្ធរណ៍រាជធានីភ្នំពេញ និងជាអធិបតីពិធីសម្បថ អមដោយឯកឧត្តមអនុប្រធានសាលាឧទ្ធរណ៍ ២ រូប និងឯកឧត្តមអគ្គព្រះរាជអាជ្ញារងអមតុលាការសាលាឧទ្ធរណ៍ ក្រឡាបញ្ជី និងចំពោះមុខ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអអំពើពុករលួយ អមដោយ ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅសាលសវនាការសាលាឧទ្ធរណ៍ភ្នំពេញ នារសៀលថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០២៤ ។

សម្រាប់មហាជនស្តាប់ខ្លឹមសារសម្បថនេះ វាហាក់ដូចធ្ងន់ជាងប្រឹថពី ព្រឺសម្បុរ តែនេះគឺជាច្បាប់ មិនអាចគេចវេសមិនប្រកាសនូវសម្បថរបស់ខ្លួនបានទេ ។ សម្បថនេះនឹងជួយសម្រួចចិត្តមន្ត្រីនគរបាលយុត្តិធម៌ទាំងឡាយ ឲ្យម៉ឺងម៉ាត់គោរពអនុវត្តច្បាប់ មានភាពស្មោះត្រង់ បំពេញតួនាទីដោយមិនល្អៀង មិនប្រព្រឹត្តទុច្ចរិត... ។

 

ខ្លឹមសារសម្បថ មិនមែនមានតែពាក្យបណ្តាសានោះទេ តែក៏មានពាក្យពេចន៍ឲ្យពរផងដែរថា «...បើយើងខ្ញុំប្រព្រឹត្តល្អទៀងត្រង់ ត្រឹមត្រូវតាមគន្លងច្បាប់ យកចិត្តទុកដាក់ ប្រឹងប្រែងអនុវត្តការងារដោយស្មោះត្រង់អស់ពីចិត្តពីថ្លើម សូមអស់ទេវរៈ អារុក្ខអារក្ស អ្នកតា យាយទេព និងបារមីដ៏ស័ក្តិសិទ្ធិក្នុងលោក ជួយឲ្យយើងខ្ញុំមានអាយុវែងយឺនយូរ គ្មានសេចក្តីទុក្ខវេទនា មានសុខភាពល្អ មានទ្រព្យសម្បត្តិ មាសប្រាក់ កែវកងពិទូរ្យសូរ្យកាន្ត សម្បូរហូរហៀរលុះអនាគតជាតិ បានជួបតែសេចក្តីល្អ មានទ្រព្យស្តុកស្តម្ភ កិត្តិយសថ្លៃថ្នូរ ចម្រុងចម្រើន ថ្កុំថ្កើងរុងរឿង សមដូចសេចក្តីបំណងប៉ងប្រាថ្នា កុំបីអាក់ខានឡើយ» ។

ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍រាជធានីភ្នំពេញ និងជាអធិបតីនៃក្រុមប្រឹក្សាសម្បថបានណែនាំដល់មន្ត្រីនគរបាលយុត្តិធម៌នៅពេលនេះថា ត្រូវគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ហើយត្រូវបន្តសិក្សារៀនសូត្រ ស្រាវជ្រាវបន្ថែមទៀត ពីព្រោះក្របខ័ណ្ឌច្បាប់មានការប្រែប្រួល វិវឌ្ឍន៍ដោយការធ្វើវិសោធនកម្ម ជាដើម ឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចជំនាញប្រឆាំងអំពើពុករលួយ ដើម្បីបម្រើសង្គមជាតិ និងប្រជាជន ។ ឯកឧត្តមបន្តថា ការអនុវត្តវិជ្ជាជីវៈជាមន្ត្រីនគរបាលយុត្តិធម៌ ធ្វើដោយសេចក្តីថ្លៃថ្នូរ ដោយសម្បជញ្ញៈ ដោយស្មារតីឯករាជ្យ និងដោយគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជម្រាបជូនក្រុមប្រឹក្សាសម្បថថា មន្ត្រីនគរបាលយុត្តិធម៌ទាំង ៩៣ រូប ដែលកំពុងឈរស្បថនៅពេលនេះ សុទ្ធតែបានចូលប្រឡូកក្នុងភារកិច្ច មានបទពិសោធជាច្រើន និងទទួលការហ្វឹកហាត់ បណ្តុះបណ្តាលផ្នែកច្បាប់ ដែលក្រៅពីក្រមព្រហ្មទណ្ឌ នីតិវិធីក្រមព្រហ្មទណ្ឌ គឺមានច្បាប់ប្រឆាំងអំពើពុករលុយ ស៊ីជម្រៅទៅលើបទល្មើសពុករលួយ និងច្បាប់ថ្មីចំនួន  ៤ គឺច្បាប់គ្រង់គ្រងទ្រព្យសម្បត្តិរដ្ឋ ច្បាប់ចំណូលមិនមែនសារពន្ធ ច្បាប់លិខិតបទដ្ឋានសាធារណៈ ច្បាប់ការប្រឆាំងសម្អាតប្រាក់ ពីគ្រូអង្គភាពផ្ទាល់ ពីព្រះរាជអាជ្ញា ចៅក្រមនៃសាលាឧទ្ធរណ៍ សាលាដំបូង និងក្រសួងយុត្តិធម៌ ។ល។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើចំពោះមន្ត្រីនគរបាលយុត្តិធម៌ទាំង ៩៣ រូបថា «ទាំងខ្លឹមសារសម្បថ ទាំងមតិរបស់ឯកឧត្តមធិបតីសម្បថ ល្មមគ្រប់គ្រាន់ និងចងចាំក្នុងការបំពេញការងាររបស់ខ្លួន... ជាមោទនភាពរបស់ខ្ញុំ មោទនភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលការបំពេញការងារប្រឆាំងអំពើពុករលួយកន្លងមក ទាំងការសង្កេតការណ៍ផ្សេងៗ ប្រសិនបើមានមន្ត្រីម្នាក់មិនល្អ នោះនឹងធ្វើឲ្យខូចអង្គភាពទាំងមូល» តែមន្ត្រីគោរពបានល្អទាំងអស់ យើងបានធ្វើល្អ ៕

 

#PhotoACU


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម