អូស្ត្រាលីបោះទុន  2 ​ពាន់​លាន​ដុល្លារ ​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​ជាមួយ​អាស៊ាន​

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី10 ខែមិីនា ឆ្នាំ2024 ម៉ោង 5:59 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

ការិយាល័យនាយករដ្ឋមន្ត្រីអូស្ត្រាលី បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី 5 ខែមីនា ឆ្នាំ 2024 ថា លោក អេនថូនី អាល់បានេស (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី ប្រកាសក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី (កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ឆ្នាំ២០២៤) នៅទីក្រុងមែលប៊នថា អូស្ត្រាលីនឹងបង្កើតមូលនិធិដែលមានតម្លៃ 2 ពាន់លានដុល្លារអូស្ត្រាលី (ប្រហែលជាង 1,3ពាន់ដុល្លារសហរដ្ឋ) ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមសេដ្ឋកិច្ច ជាពិសេសក្នុងការគាំទ្រការផ្លាស់ប្តូរទៅជាថាមពលស្អាត និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងអាស៊ាន ។

គំនិតផ្តួចផ្តើមនេះធ្វើតាមអនុសាសន៍ពីរបាយការណ៍ការវិនិយោគ យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីដល់ឆ្នាំ ២០៤០ ដែលត្រូវបានដាក់ឱ្យដំណើរការកាលពីឆ្នាំ ២០២៣ ដោយនាយករដ្ឋមន្ត្រី អេនថូនី ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់អូស្ត្រាលីជាមួយនឹងតំបន់អាស៊ានឱ្យកាន់តែស៊ីជម្រៅ និងធានានូវវិបុលភាពរវាងភាគីទាំងពីរ ។

បន្ថែមពីលើការបង្កើតមូលនិធិដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ ទឹកប្រាក់ចំនួន 140 លានអូស្ត្រាលី នឹងត្រូវបានផ្តល់ជូនក្នុងរយៈពេល 4 ឆ្នាំ ដើម្បីពង្រីកភាពជាដៃគូសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងការទាក់ទាញគុណភាពខ្ពស់ និងហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធចម្រុះ។ គម្រោងនេះបានដំណើរការតាំងពីឆ្នាំ 2021 ហើយបានជួយដៃគូអាស៊ានបង្កើនល្បឿនការតភ្ជាប់ការដឹកជញ្ជូន ការផ្លាស់ប្តូរទៅជាថាមពលស្អាត និងកំណែទម្រង់ទូរគមនាគមន៍ ។

លើសពីនេះ អូស្ត្រាលីនឹងកែលម្អលទ្ធភាពទទួលបានទិដ្ឋាការសម្រាប់ប្រជាជនអាស៊ីអាគ្នេយ៍ (អាស៊ាន) ទិដ្ឋាការធុរកិច្ចនឹងពង្រីករយៈពេលស្នាក់នៅក្នុងប្រទេសអូស្ត្រាលីពី 3 ទៅ 5 ឆ្នាំ ហើយនឹងពង្រីកការប្រើប្រាស់ទិដ្ឋាការដល់អ្នកធ្វើដំណើរ Frequent Traveller stream ញឹកញាប់រយៈពេល ១០ ឆ្នាំដល់ពលរដ្ឋនៃប្រទេសទីម័រខាងកើត ។

ទំនាក់ទំនងសេដ្ឋកិច្ចរបស់អូស្ត្រាលីជាមួយអាស៊ាន ត្រូវបានគេរំពឹងថានឹងមានតម្លៃ 307 ពាន់លានដុល្លារអូស្ត្រាលីក្នុងការវិនិយោគពីរផ្លូវ រវាងអូស្ត្រាលី និងអាស៊ាននៅឆ្នាំ 2022 នេះបើយោងតាមការិយាល័យនាយករដ្ឋមន្ត្រី។ ពាណិជ្ជកម្មទ្វេភាគីជាមួយអាស៊ានមានតម្លៃ 178 ពាន់លានដុល្លារអូស្ត្រាលី គិតជាភាគរយ ១៥% នៃពាណិជ្ជកម្មសរុបរបស់ប្រទេសអូស្ត្រាលី ​ជាង​ពាណិជ្ជកម្ម​របស់​អូស្ត្រាលី​ជាមួយ​ជប៉ុន ឬ​ជាមួយ​សហរដ្ឋអាមេរិក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម