រត់គេចពីសង្គ្រាម... ប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ ឆ្លងព្រំដែនចូលប្រទេសថៃ

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី02 ខែមេសា ឆ្នាំ2021 ម៉ោង 11:04 នាទី ព្រឹក

ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា មនុស្សរាប់ពាន់នាក់បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងរដ្ឋការ៉ែន ភាគអាគ្នេយ៍ប្រទេសមីយ៉ាន់ម៉ានៅចុងខែមីនា បន្ទាប់ពីយន្តហោះយោធាមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកតាមភូមិនានា ។

ដោយក្រុមជនជាតិភាគតិចនៃសហភាពជាតិគ្រប់គ្រងជាតិការ៉ែន (KNU)  ដែលជាជនជាតិភាគតិចចំណាស់ជាងគេនៅភូមា ឥឡូវគ្រប់គ្រងទឹកដីលាតសន្ធឹងព្រំដែនជាប់ប្រទេសថៃ ។  ការវាយប្រហារតាមអាកាសរបស់កងទ័ពមីយ៉ាន់ម៉ាប្រឆាំងនឹងតំបន់ KNU បានកើតឡើងបន្ទាប់ពីកងកម្លាំងរបស់ KNU បានវាយលុកលើទីតាំងយោធានៅជិតព្រំដែនដោយបានសម្លាប់មនុស្ស ១០ នាក់ ។  ការវាយប្រហារតាមអាកាស ត្រូវបានចាប់ផ្តើមបន្ទាប់ពីមានការបង្ក្រាបយ៉ាងខ្លាំងពីសំណាក់កងទ័ពមីយ៉ាន់ម៉ាប្រឆាំងនឹងក្រុមបាតុករដែលតវ៉ានឹងរដ្ឋប្រហារ កំពុងបង្ហូរឈាមស្រោចធរណី ចាប់តាំងពីរដ្ឋប្រហារ។

ក្រុមឧទ្ទាមមកពីក្រុមជនជាតិផ្សេងៗគ្នា បានប្រយុទ្ធជាមួយរដ្ឋាភិបាលកណ្តាលមីយ៉ាន់ម៉ាអស់ជាច្រើនទសវត្សរ៍ដើម្បីស្វ័យភាព  ទោះយ៉ាងណាការប៉ះទង្គិចគ្នារវាងក្រុមឧទ្ទាមប្រដាប់អាវុធ និងកងទ័ពមីយ៉ាន់ម៉ា នៅតំបន់ខ្លះបានកើនឡើង ។  បច្ចុប្បន្នមីយ៉ាន់ម៉ាមានក្រុមជីវពលប្រដាប់អាវុធរាប់រយនាក់ទោះបីជាចំនួនដែលគេជឿថាមានរាប់ពាន់នាក់ក៏ដោយ  ក្នុងចំណោមនោះមានក្រុមប្រដាប់អាវុធជនជាតិភាគតិចប្រមាណ ២០ ក្រុមដែលមានទាំងប្រព័ន្ធនយោបាយនិងយោធា ។  ស្ថានភាពនេះធ្វើឱ្យមីយ៉ាន់ម៉ាមានការលំបាកក្នុងការបង្រួបបង្រួមក្រុមជនជាតិភាគតិចដោយសារតែមានជម្លោះជាច្រើនរវាងក្រុមទាំងនេះ និងកងទ័ពមីយ៉ាន់ម៉ា ។

KNU បាននិយាយថា ជនស៊ីវិល ៣ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដែលបានចាប់ផ្តើមពីថ្ងៃទី ២៧ ខែមីនា និងបន្តរហូតដល់ថ្ងៃទី ២៩ ខែមីនា ។  យន្ដហោះយោធាក៏បានសម្លាប់សមាជិកនៃ KNU យ៉ាងហោចណាស់ ២ នាក់ដែរ។ 

លោក David Eubank ស្ថាបនិកនៃអង្គការផ្តល់ជំនួយសង្គ្រោះបន្ទាន់ Free Burma Rangers បាននិយាយថា វាជាលើកទី ១ ក្នុងរយៈពេល ២០ ឆ្នាំ ដែលការវាយប្រហារតាមអាកាសបានកើតឡើងនៅក្នុងតំបន់នេះ។  យោងតាមក្រុមសកម្មជនមួយដែលមានឈ្មោះថា មជ្ឈមណ្ឌលព័ត៌មានការ៉ែនបានឲ្យដឹងថា ប្រជាជនកាលពីឆ្នាំ ២០០៩ បានរត់ភៀសខ្លួននិងជ្រកកោននៅក្នុងព្រៃមុនពេលប៉ុនប៉ងឆ្លងកាត់ព្រំដែនទៅប្រទេសថៃ។  ទោះយ៉ាងណាភាគីថៃបានបដិសេធមិនទទួលយកហើយលំហូរជនភៀសខ្លួនត្រូវបានរុញច្រានត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញភ្លាមៗបន្ទាប់ពីជន់លិចប្រទេសជិតខាង។

លំហូរជនភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ាទៅប្រទេសថៃបានកត់សម្គាល់ពីដំណាក់កាលថ្មីនៃវិបត្តិនៅក្នុងប្រទេស មីយ៉ាន់ម៉ា។  KNU បាននិយាយថា មានមនុស្ស ៣.០០០ នាក់បានឆ្លងទន្លេ Salween ចូលទៅក្នុងប្រទេសថៃដោយ ភៀសខ្លួនពីការវាយប្រហារតាមអាកាស ។  អង្គការស្ត្រីការ៉ែន (KWO) ដែលជាក្រុមប្រតិបត្តិការនៅក្នុងជំរុំជនភៀសខ្លួនការ៉ែន និងថៃ បានបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់កងទ័ពមីយ៉ាន់ម៉ាបានធ្វើឱ្យប្រជាជន ១០.០០០ នាក់នៅក្នុងរដ្ឋផ្លាស់ទីលំនៅ និង ៣.០០០ នាក់បានឆ្លងកាត់ព្រំដែនទៅប្រទេសថៃ ។ 

លោក ប្រាយុទ្ធ ក៏បាននិយាយផងដែរថា រដ្ឋាភិបាលរបស់លោកមិនចង់ឃើញជនភៀសខ្លួនពេញព្រំដែនទេ ប៉ុន្តែនៅតែត្រៀមខ្លួនសម្រាប់ការហូរចូលនៃជនភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ា ។  យើងត្រូវមើលថែរក្សាពួកគេដោយឈរលើគោល ការណ៍មនុស្សធម៌ យើងមានបទពិសោធច្រើន ។ តើយើងអាចរុញច្រានពួកគេបានយ៉ាងដូចម្តេចប្រសិនបើការប្រយុទ្ធនៅតែបន្ត ។

ប្រទេសថៃបានទទួលជនភៀសខ្លួនរាប់ម៉ឺននាក់នៅក្នុងជំរុំប្រមូលផ្តុំធំៗ ចំនួន ៩ នៅតាមបណ្តោយព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ បន្ទាប់ពីមានជម្លោះប្រដាប់អាវុធជនជាតិភាគតិច ៕

 ដោយ សុកាន

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម