ទស្សនវិស័យសម្តេចសង្ឃរាជ ជួន ណាត

ចំណេះដឹងទូទៅថ្ងៃសៅរ៍ ទី23 ខែមិីនា ឆ្នាំ2024 ម៉ោង 5:05 នាទី ល្ងាច

«មនុស្សខ្លាំងពុំដែលមានចរិតផ្ញើវាសនាលើអ្នកដទៃទេ

ហើយប្រទេសខ្លាំង គឺរឹងរឹតតែពុំអាចផ្ញើវាសនាលើប្រទេសដទៃឡើយ»

 

អត្ថបទដោយ ឡាំ លីម, ២០១៨

   នេះជាអត្ថបទដែល Admin បានស្រង់យកមកពីគេហទំព័រ lamlimblog.wordpress.com ​របស់លោក ឡាំ លីម ហើយមានប្រយោជន៍យ៉ាងសម្បើមដល់យុវជនខ្មែរជំនាន់ក្រោយ ដើម្បីបន្តថែរក្សាប្រជាជាតិខ្មែរឲ្យបានគង់វង្ស ថែឲ្យ​បានជាសន្តានខ្មែរអមតៈ ។

   សង្គមមួយខ្លាំង គឺដោយសារមានមនុស្សក្នុងសង្គមខ្លាំង។ មនុស្សខ្លាំង គឺជាមនុស្សដែលមានការអប់រំខ្ពស់។ ការអប់រំដែលត្រឹមត្រូវ គឺត្រូវបង្រៀនមិនត្រឹមតែចំណេះជំនាញប៉ុណ្ណោះទេ តែថែមទាំងត្រូវបង្វឹកបណ្តុះលើក្រមសីលធម៌ផងដែរ។ ទស្សនវិទូក្រិច ប្លាតុង (Plato) និយាយថា «ចំណេះដឹងនឹងក្លាយជាឥតប្រយោជន៍ បើគោលបំណងនៃចំណេះដឹងខុសគោល​ការណ៍សីលធម៌»។ ត្រឹមតែមានចំណេះ គឺនៅពុំទាន់គ្រប់គ្រាន់នៅឡើយទេ តែត្រូវមានចំណេះដឹងខាងបង្រួបបង្រួមមនុស្ស ទើបហៅថាខ្លាំងពិតប្រាកដ និងខ្លាំងបានយូរអង្វែង។ តើយើងអាចរៀនអ្វីខ្លះពីបុព្វបុរសខ្មែរ ជាពិសេសអ្នក​ប្រាជ្ញខ្មែរនាសតវត្សទី២០?

   យុវជនខ្មែរទាំងអស់បានដឹងថា ខ្មែរពីអតីតកាលជាពូជខ្លាំង ពូជអ្នកចម្បាំង តែមនុស្សទាំងអស់ពុំដឹងពីរបៀបខ្លាំងថាត្រូវធ្វើបែបណាឡើយ។ ក្នុងបទ «ពង្សាវតាខ្មែរ» បានឱ្យតម្លៃខ្លាំងទៅលើ «ការស្គាល់ខ្លួនឯងរបស់ជាតិសាសន៍មួយ»។ តើសាសន៍នេះជានរណា? មកពីណា? ធ្លាប់ជានរណា? រុងរឿងប៉ុនណា? ក្នុងទំនុកច្រៀងនេះ អ្នកប្រាជ្ញខ្មែរបានដាស់ព្រលឹងខ្មែរថា «[…] ខ្មែរអើយ ចូរស្តាប់សាវតា ដែលបានចរចា បញ្ចាក់ប្រាប់ថាពូជខ្មែរថ្កើង»។ អារីស្តូតពោលថា «ការស្គាល់ខ្លួនឯង គឺជាការចាប់ផ្តើមឡើងនៃបញ្ញាញាណ»។ តើត្រូវធ្វើបែបណាដើម្បីស្គាល់ខ្លួនឯង? សូក្រាតឆ្លើយថា «ដើម្បីស្គាល់ពីខ្លួនឯង យើងត្រូវប្រើវេលាពិចារណាស្វែងរកខ្លួនឯង»។ យុវជនខ្មែរត្រូវគិតឡើងវិញថា តើដើមកំណើតខ្មែរជានរណា? ខ្មែរខ្លាំងដោយសារអ្វី? ហើយបែកបាក់សាមគ្គីដោយសារអ្វី? ហើយក្នុងនាមជាយុវជនជំនាន់ថ្មី តើត្រូវគួរធ្វើអ្វីបន្តទៀត? ចុងបញ្ចប់នៃបទពង្សាវតាខ្មែរ បានបញ្ចប់ដោយឃ្លាថា «តាំងចិត្តឱ្យមាំ ខិតខំប្រឹងវេញ សាមគ្គីជាតិយើង ក្នុងចិត្តតម្កើង តម្លៃខ្មែរយើង […]»។ ដូច្នេះ តើយើងគួរឱ្យតម្លៃខ្មែរគ្នាឯង ឬឱ្យតម្លៃបរទេស? តើយើងត្រូវស្រឡាញ់បរទេស ឬស្រឡាញ់ខ្មែរ? ជាដំបូង តើយើងត្រូវសាមគ្គីជាមួយបរទេស ឬសាមគ្គីជាមួយខ្មែរគ្នាឯង? តើការស្រឡាញ់របស់យើង ត្រឹមតែពាក្យសម្តី ឬទង្វើធ្វើជាក់ស្តែង?

   ចម្លើយ គឺយើងគួរតែស្រឡាញ់ខ្មែរជាងស្រឡាញ់បរទេស។ ជាធម្មជាតិរបស់មនុស្ស ដំបូងគឺខ្លួនឯងនិយម។ បន្ទាប់មក គឺជាតិនិយម ចុងក្រោយ គឺអន្តរជាតិនិយម។ ទ្រឹស្តីពុទ្ធនិយមបានបង្ហាញថា «បើយើងពិតជាស្រឡាញ់ខ្លួនយើងមែន យើងនឹងពុំធ្វើឱ្យអ្នកដទៃឈឺចាប់ដោយសារយើងឡើយ»។ នៅក្នុងទ្រឹស្តីព្រាហ្មណ៍ បើឱ្យជ្រើសរើសរវាងខ្លួនឯងនិងជាតិ គឺមនុស្សត្រូវសុខចិត្តលះបង់ខ្លួនឯងដើម្បីឱ្យជាតិរស់។ នៅជំនាន់អាឡិចសង់ដឺក្រេត (Alexander the great) ឈ្លាន​ពានឥណ្ឌា មានអាចារ្យព្រាហ្មណ៍ម្នាក់និយាយថា «លះបង់មនុស្សម្នាក់ ដើម្បីប្រយោជន៍គ្រួសារ។ លះបង់គ្រួសារ ដើម្បីប្រយោជន៍ភូមិស្រុក។ លះបង់ភូមិស្រុក ដើម្បីប្រយោជន៍សង្គមជាតិ»។ មហាត្មៈ គន្ធី (Mahatma Gandhi) បាននិយាយ​ឃ្លាស្រដៀងថា «យើងត្រូវតែហ៊ានស្លាប់ ដើម្បីឱ្យគ្រួសាររស់ ហើយគ្រួសារត្រូវតែហ៊ានស្លាប់ ដើម្បីឱ្យជាតិរស់»។ នេះជាតួនាទី និងកាតព្វកិច្ចរបស់មនុស្សក្នុងសង្គមដែលត្រូវថែរក្សាជាតិឱ្យបានរុងរឿង។

   មនុស្សម្នាក់កើតលើផែនដីនេះ ត្រូវដឹងគុណរឿងពីរយ៉ាង៖ ទីមួយគឺជាតិ ដែលជាម្តាយធំ និងទីពីរគឺម្តាយតូច ដែលជាម្តាយបង្កើត។ ក្នុងបទ «ជនជាតិខ្មែរ» ដែលជាព្រះរាជនិពន្ធរបស់សម្តេចសង្ឃរាជ ជួន ណាត បានសរសេរថា «ជនជាតិខ្មែរកើតនៅលើដីខ្មែរ យើងត្រូវខំថែជាតិឱ្យបានរុងរឿង…»។ ជាទូទៅ មុននឹងសត្រូវបំបែកសង្គម គឺត្រូវបំបែកបំបាក់មនុស្សក្នុងសង្គមឱ្យវិលវល់វក់វីស្អប់គ្នាសិន។ តើបំបែកយ៉ាងម៉េច? ទីមួយ គឺអ្នកចេះដឹងនិងមនុស្សទូទៅនឹងក្លាយទៅជាបុគ្គលអសីលធម៌ ដែលពេញពោរដោយសេចក្តីប្រមាថលើអ្នកដទៃ និងប្រើអារម្មណ៍និយមក្នុងការសម្រេចសេចក្តី។ ទីពីរ​គឺ អ្នកនយោបាយ នឹងក្លាយទៅជាបុគ្គលខ្វះគោលការណ៍គ្រប់គ្រាន់ក្នុងការធ្វើនយោបាយ (អំពើបាបក្នុងសង្គមដែលមហាត្មៈគន្ធីបានលើកឡើងគឺ នយោបាយដោយគ្មានគោលការណ៍ ឬ Politics Without Principle)។ អ្នកនយោបាយ បានក្លាយទៅជាមេដឹកនាំបញ្ចេះកំហឹងហិង្សាដល់មហាជនតាមរយៈពាក្យសម្តីវាយប្រហារគ្នា និងជេរប្រមាថប្រទេចគ្នា។ ទីបីគឺ បរទេសនិយម ដែលសម្តេចសង្ឃរាជ ជួន ណាត ពោលថា «កុំឱ្យបរទេស គេមកបង្វែរ ឱ្យខ្មែរនិងខ្មែរបែកបាក់សាមគ្គី។ ថ្វីបើគេហ៊ានចំណាយ ប្រាក់កាសចាយហូរហៀរយ៉ាងណា ចូរកុំភ្លេចកេរ្តិ៍ឈ្មោះខេមរា […]”។

   យុវជនខ្មែរគួរដឹងថា «រឿងចាស់ ជារឿងចាស់ ពីព្រោះគ្មានបុគ្គលអស្ចារ្យណាម្នាក់អាចកែប្រែអតីតកាលបានឡើយ ប៉ុន្តែ យើងថ្មី របៀបថ្មី គឺត្រូវចាប់ផ្តើមពីថ្ងៃនេះ។ អ្នកដទៃមិនយល់ ជារឿងរបស់អ្នកដទៃ»។ អ្នកនិពន្ធប្រលោមលោកម្នាក់បានពោលថា «មនុស្សដែលអាចគ្រប់គ្រងអតីតកាលបានល្អ គឺប្រៀបបាននឹងអាចគ្រប់គ្រងអនាគតកាលបាន មនុស្សដែលអាចគ្រប់គ្រងបច្ចុប្បន្នបានល្អ គឺនឹងអាចបង្កើតអតីតកាលល្អ»។ ម្យិលមិញ គឺជាអតីតកាលនៃថ្ងៃនេះ។ ថ្ងៃនេះ គឺជាអតីតកាលនៃថ្ងៃស្អែក ហើយថ្ងៃស្អែក គឺជាអនាគតកាលនៃថ្ងៃនេះ។ ម្យិលមិញគឺជាថ្ងៃនេះ ថ្ងៃនេះគឺជាថ្ងៃនេះ ហើយថ្ងៃស្អែកគឺជាថ្ងៃនេះ ពីព្រោះឱ្យតែយើងគ្រប់គ្រងថ្ងៃនេះឱ្យបានល្អបំផុត នោះអតីតកាលនិងអនាគតកាល នឹងល្អជានិច្ចដូចគ្នា។ គ្រប់គ្រងថ្ងៃនេះឱ្យល្អ គឺមានន័យបានបង្កើតអតីតកាលល្អ ហើយក៏មានន័យថាកំពុងបានរៀបចំអនាគតកាលយ៉ាងល្អប្រសើរដែរ។ ប្រឹងរៀន មានសីលធម៌ សាមគ្គី


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម