សម្តេចធិបតីនាយករដ្ឋមន្ត្រី ៖ ពង្រឹងអភិបាលកិច្ច ប្រតិបត្តិរួមគ្នា ដើម្បីជាប្រទីបក្នុងការទទួលខុសត្រូវ ការធ្វើទំនើបកម្មស្ថាប័ន ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត និងស្អាតស្អំ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី10 ខែមិថុនា ឆ្នាំ2024 ម៉ោង 6:04 នាទី ល្ងាច

អត្ថបទ សាវុឌ្ឍ៖

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតី មានប្រសាសន៍ថា ធនធានមនុស្សប្រកបដោយមូលធនមនុស្សខ្ពស់ គឺជាកត្តាគន្លឹះសម្រាប់​គ្រប់ដំណើរការនៃការអភិវឌ្ឍ ពីព្រោះ គ្រប់អ្វីៗទាំងអស់ នឹងមិនអាចដំណើរការបានប្រកប​ដោយគុណភាព ប្រសិទ្ធភាព និង ផលិតភាពឡើយ បើពុំមានធនធានមនុស្សដែលមានគុណវុឌ្ឍិខ្ពស់ ទាំងជំនាញរឹង ទន់ និងកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ។

សម្តេចធិបតីមានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៣ និង ពិធីបើកវគ្គបណ្តុះបណ្តាល​​ឆ្នាំ ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល ។

សម្តេចបន្ថែមថា ធនធានមនុស្ស គឺជាកត្តាអាទិភាពសម្រាប់ការកសាងសង្គមកម្ពុជាទំនើប និងរឹងមាំ តាមរយៈប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលក្នុងប្រព័ន្ធនេះ ការដឹកនាំកសាងខឿនសេដ្ឋកិច្ច គឺឈរលើគោលការណ៍ និងយន្តការសេដ្ឋកិច្ចទីផ្សារ ដោយប្រើប្រាស់ និងគ្រប់គ្រងយន្តការសេដ្ឋកិច្ចទីផ្សារសម្រាប់បម្រើផលប្រយោជន៍​ប្រជាជនគ្រប់ស្រទាប់វណ្ណៈ សំដៅធានាឱ្យប្រជាជាតិកម្ពុជាទាំងមូលឤចក្តាប់ជាប់ និងធ្វើជាម្ចាស់ពេញលេញ លើជោគវាសនារបស់ខ្លួន ព្រមទាំងធានាឱ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់ជាន់ថ្នាក់ ឤចចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាមួយនឹងការចែករំលែកផលផ្លែផ្កានៃការអភិវឌ្ឍប្រកបដោយសមធម៌ ។

សម្តេចធិបតី បានបន្តទៀតថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានរៀបចំ និងដាក់ចេញនូវ«យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១» សម្រាប់ពង្រឹងសមិទ្ធកម្មបន្ថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋ ហើយគោលនយោបាយស្នូលនៃយុទ្ធសាស្ត្របញ្ចកោណគឺ ការពង្រឹងអភិបាលកិច្ច ដើម្បីធានានូវការប្រតិបត្តិរួមគ្នាដោយសង្គតិភាព ដើម្បីជាប្រទីបបញ្ជាក់អំពីការទទួលខុសត្រូវក្នុងការធ្វើទំនើបកម្មស្ថាប័នឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត និងស្អាតស្អំ ។

សម្ដេចធិបតី បានសង្កត់ធ្ងន់លើកត្តាសំខាន់ចំនួន២ ទី១. កត្តាយន្តការ និងប្រព័ន្ធការងារ និង ទី២. កត្តាមនុស្ស ។ សម្តេចធិបតី ក៏បានលើកទឹកចិត្តសិស្សមន្ត្រី និងកម្មសិក្សាការីរបស់សាលាភូមិន្ទរដ្ឋបាល ឱ្យប្រើប្រាស់នូវចំណេះដឹងរបស់ខ្លួនឱ្យអស់លទ្ធភាព ក្នុងការរួមចំណែកជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ជាឧត្តមប្រយោជន៍ជាតិ និង ប្រជាជន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម