រង្គើដល់គណៈមហាថេរៈមីយ៉ាន់ម៉ា បញ្ជូនសញ្ញាមិនពេញចិត្តកងទ័ព ក្រោយបង្ក្រាបហឹង្សា ឯបាតុករស្រែក«យកអនាគតរបស់យើងត្រឡប់មកវិញមក!»

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី17 ខែមិីនា ឆ្នាំ2021 ម៉ោង 9:37 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

គណៈមហាថេរៈមីយ៉ាន់ម៉ា បញ្ជូនសញ្ញាមិនពេញចិត្តកងទ័ព ក្រោយបង្ក្រាបហឹង្សា ឯបាតុករស្រែក«យកអនាគតរបស់យើងត្រឡប់មកវិញមក!»

ក្រុមព្រះសង្ឃដែលមានឥទ្ធិពលបំផុតនៅមីយ៉ាន់ម៉ា បានអំពាវនាវដល់របបយោធាបញ្ឈប់អំពើហឹង្សាប្រឆាំងនឹងក្រុមបាតុករ និងចោទប្រកាន់ក្រុមប្រដាប់អាវុធ ធ្វើទារុណកម្ម និងសម្លាប់ជនស៊ីវិលស្លូតត្រង់ ចាប់តាំងពីមានរដ្ឋប្រហារកាលពីខែមុន ។

នៅក្នុងការថ្កោលទោសដោយត្រង់ចំពោះការបង្ក្រាបបង្ហូរឈាមរបស់យោធា ទៅលើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ គណៈសង្ឃដែលត្រូវបានបង្កើតដោយរដ្ឋាភិបាល ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ សមាជិករបស់ក្រុម មានគោលបំណងចង់បញ្ឈប់សកម្មភាពរបស់ពួកគេ ។

ព្រះសង្ឃមានប្រវត្តិយូរអង្វែងមកហើយ អំពីការចូលប្រឡូកសកម្មភាពក្នុងមីយ៉ាន់ម៉ា ហើយនៅជួរមុខនៃបដិវត្តក្រណាត់ពណ៌លឿងក្នុងឆ្នាំ ២០០៧ ប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា ដែលទោះបីត្រូវបានគាបសង្កត់ក៏ដោយ ក៏នាំឱ្យមានកំណែទម្រង់ប្រជាធិបតេយ្យ ។

ទោះយ៉ាងណា របាយការណ៍បានបង្ហាញថា សញ្ញានៃការបែកបាក់រវាងព្រះសង្ឃ និងអាជ្ញាធរកើតមានហើយ ដែលតាមធម្មតាព្រះសង្ឃធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ។

នៅក្នុងសង្កាត់មួយនៃទីក្រុងយ៉ាំងហ្គោន ក្រុមអ្នកតវ៉ាបានយកផ្លែដូងមកដាក់នៅលើផ្លូវ ដើម្បីតំណាងឱ្យប្រជាជន ជាមួយនឹងបដាសរសេរថា «យកអនាគតរបស់យើងត្រឡប់មកវិញមក!» ។

ការបិទអ៊ិនធើរណេតតាមទូរស័ព្ទចល័ត ធ្វើឱ្យការតង្រួតពិនិត្យទិន្នន័យមានការពិបាក ហើយមានមនុស្សតិចតួចណាស់នៅមីយ៉ាន់ម៉ាអាចចូលប្រើ Wifi  បាន ។

«ទីនេះដូចតំបន់សង្គ្រាម ពួកគេបាញ់កាំភ្លើងគ្រប់កន្លែង... មនុស្សភាគច្រើនខ្លាចមិនហ៊ានចេញក្រៅ» អ្នកដឹកនាំបាតុកម្មនិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ។

ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ចិនបានព្រមានថា «ទីក្រុងប៉េកាំងអាចនឹងចាត់វិធានការខ្លះ ប្រសិនបើមានការវាយប្រហារបន្ថែមទៀតទៅលើអាជីវកម្មរបស់ចិន» ។

ប្រជាជនភូមាជាច្រើនជឿថា ទីក្រុងប៉េកាំងគាំទ្ររដ្ឋប្រហារយោធា ខុសគ្នាពីមហាអំណាចលោកខាងលិច ប្រទេសចិនមិនបានថ្កោលទោសរដ្ឋប្រហារនេះទេ ហើយក៏ដូចគ្នានឹងរុស្សីដែរ ដែលបានរារាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកុំឲ្យថ្កោលទោសចំពោះសកម្មភាពរបស់យោធាផងដែរ ។ ប្រទេសបារាំងនិយាយថា សហភាពអឺរ៉ុបនឹងអនុម័តវិធានការជាមួយអ្នកដែលពីក្រោយរដ្ឋប្រហារក្នុងថ្ងៃច័ន្ទខាងមុខ ។

របបយោធាត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិប្រឆាំងនឹងសមាជិកសភា ដែលត្រូវបានបណ្តេញចេញដែលព្យាយាមបង្កើតរដ្ឋាភិបាលស៊ីវិលថ្មី ។

មូលនិធិ «សង្គមបើកទូលាយ(Open Society Foundations)»ដែលជាមូលនិធិសប្បុរសធម៌មួយបង្កើតឡើងដោយមហាសេដ្ឋី ចច សូរ៉ូស បានអំពាវនាវឱ្យមានការដោះលែងមន្រ្តីដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបាននិយាយថា ការចោទប្រកាន់អំពីការប្រព្រឹត្តខុសហិរញ្ញវត្ថុ គឺមិនត្រឹមត្រូវ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសភូមាបានឃុំខ្លួនមន្ត្រីម្នាក់នៅអង្គការ សង្គមបើកទូលាយ របស់មីយ៉ាន់ម៉ាហើយកំពុងស្វែងរកបុគ្គលិកចំនួន ១១ នាក់ទៀត ដែលសង្ស័យថាបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមអ្នកតវ៉ាប្រឆាំងនឹងច្បាប់យោធា ៕ ប្រភពពីវេបសាយថៃ mgronline


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម