ស្គាល់គាត់ទេ? អាសាដ មេដឹកនាំស៊ីរី អាចជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី ៤ ទៀត

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី27 ខែឩសភា ឆ្នាំ2021 ម៉ោង 8:47 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

ប្រទេសស៊ីរីបានរៀបចំការបោះឆ្នោតប្រធានាធិបតីជាលើកទី ២ នៅក្នុងសង្គ្រាមស៊ីវិលមួយទសវត្សរ៍ ។ ប្រធានា​ធិបតី បាសារ អាល់-អាសាដ នៅតែឈ្នះឆ្នោតកាន់តំណែងជាប្រធានាធិបតីនៅអាណតិ្តទី ៤ នេះទៀត ដែលឈ្នះទៅលើក្រុមប្រឆាំង និងពិភពលោកខាងលិចដែលថ្កោលទោសលោកថា ជាឆាកល្ខោនដើម្បីធានាអំណាចរបស់ អាសាដ ។

អាសាដ អាយុ ៥៥ ឆ្នាំ រួមជាមួយភរិយា អែស្មា បានចេញទៅបោះឆ្នោតនៅតំបន់ឌូម៉ា ក្នុងទីក្រុងដាម៉ាស  ដោយបដិសេធនូវការរិះគន់របស់លោកខាងលិចថា ការបោះឆ្នោតនេះមិនសេរី និង យុត្តិធម៌ ។ លោកបាននិយាយបន្ទាប់ពីបោះឆ្នោតនៅថ្ងៃពុធទី ២៦ ខែឧសភាថា«យោបល់របស់ពួកអ្នកគ្មានតម្លៃអ្វីសោះ» អាសាដ ពោលបែបនេះក្រោយពីប្រើសិទ្ធិបោះឆ្នោតកាលពីថ្ងៃទី ២៦ ឧសភា ។

មុនថ្ងៃបោះឆ្នោត រដ្ឋាភិបាលអង់គ្លេស បារាំង អាល្លឺម៉ង់ និង អ៊ីតាលី បាននិយាយថា ការបោះឆ្នោតលើកនេះ «មិនសេរី និង មិនយុត្តិធម៌» ។ ចំណែកភាគីប្រឆាំងស៊ីរីបាននិយាយថា «ជាឆាកប្លែង» ប៉ុន្តែអ្នករិះគន់ទាំងនេះមិនមានឥទ្ធិពលអ្វីទៅលើការបោះឆ្នោតនោះទេ វាច្បាស់ណាស់ថា លោក អាសាដ នឹងឈ្នះអាណត្តិលើកទី៤ នេះដោយសារគូប្រជែងពីរនាក់ផ្សេងទៀតរបស់គាត់ស្ទើរតែមិនល្បី ។

ការបោះឆ្នោតនេះត្រូវបានធ្វើឡើងជាលើកទី ២ ក្នុងអំឡុងពេលសង្គ្រាមស៊ីវិលរយៈពេល ១០ ឆ្នាំដែលបានសម្លាប់មនុស្ស ៨៨.០០០ នាក់ និង ធ្វើឲ្យប្រជាជនចំនួនពាក់កណ្តាលបាត់បង់ទីជម្រក ។

លោក អាសាដ បានឡើងកាន់អំណាចនៅឆ្នាំ ២០០០ បន្ទាប់ពីមរណភាពរបស់ឪពុករបស់គាត់ គឺលោក ហាហ្វេស អាសាដ ដែលគ្រប់គ្រងប្រទេសស៊ីរីអស់រយៈពេល ៣០ ឆ្នាំ ។ ប័ណ្ណឃោសនារកសំលេងឆ្នោតផ្តល់កិត្តិយសដល់រូបលោក ដែលបានលើកព្រោងព្រាតពាសពេញប្រទេសស៊ីរីចំនួន ២ ភាគ ៣ ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។ ទូរទស្សន៍ជាផ្លូវការបានផ្សាយរូបភាពអ្នកប្រើសិទ្ធិបោះឆ្នោត ឈរបន្តកន្ទុយយ៉ាងវែងនៅខាងក្រៅស្តង់បោះឆ្នោតដែលធានាសុវត្ថិភាពយ៉ាងម៉ត់ចត់ ។

ឃីណាន់ អាល់ខាទិប និស្សិតម្នាក់ក្នុងចំណោមនិស្សិតជាច្រើនរយនាក់ ដែលមកប្រើសិទ្ធិបោះឆ្នោតបានប្រាប់ថា «ខ្ញុំបោះឆ្នោតឲ្យលោក បាសារ អាល់ អាសាដ ព្រោះគាត់ជាមនុស្សតែម្នាក់ដែលឈរបានយូរ ១០ ឆ្នាំក្នុងសង្គ្រាម» ។

លទ្ធផលបោះឆ្នោត នឹងប្រកាសយ៉ាងលឿននៅយប់ថ្ងៃសុក្រ ទី ២៨ ឧសភា ឬ ៤៨ ម៉ោងក្រោយបិទហឹបឆ្នោត ។ កាលពីបោះឆ្នោតឆ្នាំ ២០១១ អាសាដ បានសំលេង ៨៨% ។

ការបោះឆ្នោតលើកនេះ ធ្វើឡើងចំពេលដែលអំពើហិង្សាបានធ្លាក់ចុះដល់កំរិតទាបបំផុតចាប់តាំងពីឆ្នាំ ២០១១ មក ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសស៊ីរីក៏បានធ្លាក់ចុះផងដែរ ។ ប្រជាជនជាង ៨០% រស់នៅក្រោមបន្ទាត់ភាពក្រីក្រ ហើយប្រាក់ ផោនស៊ីរីបានធ្លាក់ចុះ បើធៀបនឹងដុល្លារអាមេរិក ធ្វើឱ្យអតិផរណាកើនឡើង ។

ប្រជាជនស៊ីរីដែលនៅក្រៅប្រទេសមួយចំនួន បានបោះឆ្នោតនៅក្នុងស្ថានទូតកាលពីសប្តាហ៍មុន ដោយកំណត់ចំពោះអ្នកដែលមានឯកសារ និងដកសិទ្ធិរបស់ក្រុមប្រឆាំង ដែលបានភៀសខ្លួនចេញពីប្រទេសដោយខុសច្បាប់ ។ ប្រទេសជាច្រើនដែលប្រឆាំងនឹងលោក អាសាដ មិនអនុញ្ញាតឱ្យមានការបោះឆ្នោតនៅមុនថ្ងៃកំណត់ទេ នេះរួមបញ្ចូលទាំងប្រទេស ទួរកគី និង អាល្លឺម៉ង់ ដែលមានជនភៀសខ្លួនស៊ីរីជាច្រើន ។

រដ្ឋមន្រ្តីក្រសួងការបរទេសបារាំង ហ្សង់ អ៊ីវ ឡឺ ឌ្រីយ៉ុង បាននិយាយថា ការបោះឆ្នោតនេះមិនមែនជាការបោះឆ្នោតពិតប្រាកដទេ ដោយសារតែប្រជាជនស៊ីរីក្នុងស្រុក និងក្រៅស្រុក មិនអាចអនុវត្តសិទ្ធិរបស់ខ្លួនបាន ។

នៅភាគពាយព្យប្រទេសស៊ីរី មានប្រជាជន ៣ លាននាក់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម ។ ប្រជាជនស៊ីរីរាប់ពាន់នាក់តវ៉ាប្រឆាំងនឹងការបោះឆ្នោតនេះ សូម្បីតែនៅក្នុងទីក្រុងដារ៉ាអា ដែលជាតំបន់តែមួយគត់ដែលទាហានរបស់លោក អាសាដ គ្រប់គ្រង ក៏អ្នកស្រុកខ្លះទាមទារធ្វើពហិការការបោះឆ្នោតដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម