១៤ ប្រទេសទៅស៊ើបប្រភពចម្លងមេរោគកូរ៉ូណា តើបានលទ្ធផលយ៉ាងណាទៅ?

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី01 ខែមេសា ឆ្នាំ2021 ម៉ោង 9:06 នាទី ល្ងាច

ប្រភពវេបសាយ sanook

ដោយ សូរ្យសែង៖

អង្គការសុខភាពពិភពលោក (WHO) និងប្រទេសចិន នៅថ្ងៃទី ៣១ មីនា បានចេញរបាយការណ៍រួមគ្នាមួយ អំពីប្រភពដើមនៃវីរុសកូវីដ-១៩ ដោយបានសន្និដ្ឋានថា វីរុសនេះមិនចេញពីមន្ទីរពិសោធន៍នៅវូហានដូចដែលគេសង្ស័យឡើយ ។

របាយការណ៍និយាយថា វីរុសកូវីដ-១៩ វាទំនងជាឆ្លងពីសត្វប្រចៀវទៅមនុស្សតាមរយៈសត្វមួយប្រភេទ​ទៀតដែលផ្ទុកជំងឺនេះ នាំចម្លងតែម្តង ។

ក្រុមអ្នកជំនាញពហុជាតិបានរកឃើញវីរុសស្រដៀងនឹងវីរុសកូរ៉ូណាថ្មី នៅក្នុងសត្វប្រចៀវ និងសត្វពង្រូល ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា តើសត្វប្រភេទណាជាអ្នកនាំមេរោគឆ្លងទៅមនុស្សនោះទេ ។ ក្រុមអ្នកជំនាញជាច្រើនប្រទេសបានសន្និដ្ឋានថា អាចជាសំពោច (mink) និងសត្វឆ្មា ព្រោះគេដឹងថាសត្វនេះវាងាយនឹងឆ្លងរោគបានស្រួល ។ ចំណែកមន្ត្រីចិនក៏បានអះអាងផងដែរថា វីរុស COVID-19 អាចឆ្លងចូលទៅប្រទេសចិនតាមរយៈការនាំចូលអាហារកក ។

ស្របពេលនេះ សហរដ្ឋអាមេរិក និង ១៣ ប្រទេសប្រទេសទៀត សម្តែងកង្វល់ចំពោះការដែលអង្គការពិភពលោក (WHO) មានភាពយឺតយ៉ាវក្នុងការផ្សព្វផ្សាយរបាយការណ៍ពាក់ព័ន្ធនឹងប្រភពមេរោគកូវីដ-១៩ រួមទាំងមានការបិទបាំងព័ត៌មានពេញលេញ ។

«យើងសុំសម្តែងកង្វល់ចំពោះការយឺតយ៉ាវក្នុងការបង្ហាញរបាយការណ៍ និងហាក់មានការបិទបាំងព័ត៌មាន» ។

ប្រទេសដែលសម្តែងភាពកង្វល់ខាងលើ រួមមាន សហរដ្ឋអាមេរិក កាណាដា អង់គ្លេស ស្លូវីនៀ ន័រវេស លីទុយអានី ឡាត់វី អេស្តូនី ដាណាម៉ាក សាធារណរដ្ឋឆែក អូស្ត្រាលី អ៊ីស្រអែល ជប៉ុន និងកូរ៉េខាងត្បូង ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម