សហភាពអឺរ៉ុប និង អាហ្វ្រិកខាងត្បូង ផ្អាកចាក់វ៉ាក់សាំង Johnson & Johnson ដូចអាមេរិកដែរ

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី14 ខែមេសា ឆ្នាំ2021 ម៉ោង 9:29 នាទី ព្រឹក

មជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគរបស់អាមេរិក (CDC) និងអង្គការចំណីអាហារ និងឱសថអាមេរិក (FDA) បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ឲ្យផ្អាកចាក់វ៉ាក់សាំងកូវីដ-១៩ របស់ Johnson & Johnson ក្រោយជួបបញ្ហាកំណកឈាមជានារី ៦ នាក់ ក្នុងចំណោមអ្នកទទួលបានចាក់វ៉ាក់សាំង ៦,៨ លាននាក់ក្នុងសហរដ្ឋអាមេរិក ។

គណៈកម្មាធិការប្រឹក្សាការចាក់ថ្នាំបង្ការរោគ CDC នឹងជួបគ្នានៅសហរដ្ឋអាមេរិកនៅថ្ងៃពុធ ទី ១៤ នេះ ដើម្បីនិយាយអំពីករណីដែលបានរកឃើញ ខណៈដែល CDC និង FDA នឹងស៊ើបអង្កេតករណីនេះ ។ គេផ្តល់អនុសាសន៍ថាការប្រើវ៉ាក់សាំងត្រូវបញ្ឈប់ជាបន្ទាន់ ។

ចំណែកសហភាពអឺរ៉ុប(EU) និងអាហ្វ្រិកខាងត្បូង ក៏បានចេញបញ្ជាឲ្យផ្អាកបណ្តោះអាសន្នការចាក់វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson តាមសហរដ្ឋអាមេរិកដែរ ។

ទោះចំនួនអ្នកមានបញ្ហាត្រឹម ៦ នាក់ក្នុងចំនួន ៦,៨លាននាក់ដែលបានចាក់រួចក្នុងសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែខាងក្រុមហ៊ុន Johnson & Johnson ក៏បានផ្អាកបញ្ជូនវ៉ាក់សាំងទៅកាន់អឺរ៉ុបផងដែរ ដែលការបញ្ជូនមានកំណត់ចំនួន ៥០ លានដូសដែលនឹងបញ្ចប់នៅចុងខែមិថុនាឆ្នាំនេះ ។

ក្រុមហ៊ុន Johnson & Johnson ជាក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិក ប៉ុន្តែវ៉ាក់សាំងដែលត្រូវអភិវឌ្ឍដោយសាខានៅប្រទេសប៊ែលហ្ស៊ីកមានឈ្មោះ Janssen ដែលមានភាពខុសគ្នាពីវ៉ាក់សាំងកូវីដ-១៩ ដទៃទៀតគឺចាក់តែមួយដូសចប់ ហើយអាចរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ធម្មតាបាន ដែលផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទៅកាន់ប្រទេសដែលមានសីតុណ្ហភាពខ្ពស់ និងទៅតំបន់ឆ្ងាយៗបាន ៕

ប្រភព matichon

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម