មេរោគប្រភេទថ្មីឥណ្ឌា រាលដាលទៅ ២០ ប្រទេស ក្នុងនេះក៏មានកម្ពុជា

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី30 ខែមេសា ឆ្នាំ2021 ម៉ោង 11:11 នាទី ព្រឹក

បកប្រែពីវេប prachachat.net

ដោយ សូរ្យរិទ្ធ

យោងតាមគេហទំព័រ Channel New Asia ដែលគេហទំព័រ«prachachat.net» ផុសផ្សាយថ្ងៃទី ២៩ មេសាថា អង្គការសុខភាពពិភពលោក (WHO) ឲ្យដឹងថា មេរោគកូវីដ-១៩ ប្រភេទថ្មី B.1.617 ដែលត្រូវបានរកឃើញលើកដំបូងនៅប្រទេសឥណ្ឌា បានរាលដាលយ៉ាងតិច ២០ ប្រទេសហើយ ដែលក្នុងនេះក៏មានកម្ពុជាផងដែរ ។ WHO ឲ្យដឹងទៀតថា មេរោគបម្លែងថ្មីនេះ ត្រូវបានរាយការណ៍ទៅមជ្ឈមណ្ឌលទិន្នន័យអន្តរជាតិ GISAID ជាង ១.២០០ ករណី ។

កាលពីមុនអង្គការសុខភាពពិភពលោក (WHO) ធ្លាប់បានប្រកាសថា វីរុសប្រភេទថ្មី B.1.617 ជាប្រភេទដែលត្រូវប្រុងប្រយ័ត្ន ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ត្រូវបានគេប្រកាសថាជាពូជដែលគួរឱ្យកង្វល់នោះទេ គ្រាន់តែបញ្ជាក់ថា វីរុសកូវីដខាងលើវាគ្រោះថ្នាក់ជាងកូវីដដើម ដូចជាវារាលដាលលឿនជាងមុន បណ្តាលឱ្យមានអ្នកស្លាប់កាន់តែច្រើនឡើងៗ រួមទាំងវ៉ាក់សាំងគ្មានប្រសិទ្ធភាពការពារវាបានទៀតផង ។

២០ ប្រទេសដែលទទួលការរាលពីមេរោគឥណ្ឌា មានដូចតទៅ ៖

១. ឥណ្ឌា ២. អង់គ្លេស ៣. សហរដ្ឋអាមេរិក ៤. សិង្ហបុរី ៥. អូស្ត្រាលី ៦. បារ៉ែន ៧. អាល្លឺម៉ង់ ៨. ញូវហ្សឺលែន ៩. អាយ លែន ១០. កូរ៉េខាងត្បូង ១១. ព័រទុយហ្គាល់ ១២. ប៊ែលហ្ស៊ីក ១៣. ស្វីស ១៤. ក្រិក ១៥. អ៊ីតាលី ១៦. ហុល្លង់ ១៧. កម្ពុជា ១៨. ស៊ិនម៉ាថេន ១៩. កួដឺលុប ២០. អ៊ីស្រាអែល ។ ទិន្នន័យនេះអះអាងពី WHO  និង gisaid.com ចេញផ្សាយថ្ងៃទៅ ២៨ មេសា ២០២១ នេះ ។

ទីបំផុតនៅថ្ងៃម្សិលមិញ (២៩ មេសា) ឥណ្ឌាជួបអ្នកឆ្លងដល់ ៣៧៩.២៥៧ នាក់ និងស្លាប់ ៣.៦៤៥ នាក់ក្នុងមួយថ្ងៃ ។ សរុបទូទាំងប្រទេសអ្នកឆ្លងមាន ១៨,៣៨ លាននាក់ និង ស្លាប់២០៤.៨៣២ នាក់ ។

យោងតាមរបាយការណ៍ពីប្រទេសអ៊ីស្រាអែលថា វីរុសបម្លែងថ្មីត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាក្នុងខែតុលា ឆ្នាំ ២០២០ ហើយបន្ទាប់មកបានរាលដាលទៅចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសិង្ហបុរី ក្នុងពេលតែមួយនៅចុងបញ្ចប់នៃខែកុម្ភៈឆ្នាំ ២០២១ បន្ទាប់មករីករាលដាលទៅ អាល្លឺម៉ង់ ញូវហ្សឺលែន និងអូស្ត្រាលី អំឡុងខែមីនា ឆ្នាំ ២០២១ ហើយក៏រីកសាយទៅមជ្ឈិមបូព៌ា ដូចយ៉ាង បារ៉ែន កាលពីខែមេសាកន្លងមក ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម