មហិច្ឆតារបស់ក្រសួងបរិស្ថានក្នុងការបណ្តុះកូនឈើចែកចាយទៅដាំ គឺនាំមកនូវភាពបៃតង និងបៃតងនាំមកនូវសុភមង្គល

ព័ត៌មានសង្គមថ្ងៃពុធ ទី28 ខែឩសភា ឆ្នាំ2025 ម៉ោង 8:50 នាទី ល្ងាច

 

Bong SoRith

ការចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារឡើងវិញនូវតំបន់ជីវចម្រុះ គឺជាការស្តារសួតរបស់ផែនដីយើង និងតំបន់ដែលធ្លាប់រងគ្រោះ។ ដើម​ឈើ​នីមួយៗ​គឺ​ជា​ពន្លឺ​នៃ​ក្តី​សង្ឃឹម ជាមួយនឹងការខិតទៅជិតពិភពលោកដែលធម្មជាតិលូតលាស់។ ឆ្លុះបញ្ចាំងបែបនេះ បានរំលេចឡើងនៅក្នុងយុទ្ធនាការបណ្តុះកូនឈើរបស់ក្រសួងបរិស្ថាននៅក្នុងឆ្នាំ២០២៥ ដោយបានបង្ហាញទិន្នផលគួរឲ្យមោទកៈ ដែលរហូតមកដល់ពេលនេះបានចំនួន ៣ ៣៨២ ៣២១ ដើម។ កូនឈើទាំងអស់នេះ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមទីសាធារណៈ តាមសហគមន៍ វត្តអារាម សាលារៀន ពិសេសយកទៅដាំស្តារដីព្រៃឡើងវិញដើម្បីបង្កើនភាពបៃតងឆ្ពោះទៅសម្រេចបានកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ និងសម្រាប់មនុស្សជំនាន់ក្រោយរបស់យើង ។

 

កម្ពុជាប្តេជ្ញាចិត្តចំពោះនិរន្តរភាព និងការអភិរក្សនៅជួរមុខនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ដោយសហការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន អង្គការដៃគូ និងអ្នកពាក់ព័ន្ធ ក្នុងគោលបំណងដាំដើមឈើដើម្បីតភ្ជាប់ទេសភាពនៅតំបន់ដែលខូចខាតឡើងវិញ ហើយក៏ជាការធានានូវជម្រកច្រករបៀងដ៏សំខាន់ជាខ្សែជីវិត សម្រាប់សត្វព្រៃរបស់កម្ពុជាយើង ។ តាមរយៈយុទ្ធនាការបណ្តុះកូន​ឈើរបស់ក្រសួង គឺជាការគាំទ្រដល់មជ្ឈមណ្ឌលថ្នាលបណ្តុះកូនឈើក្នុងសហគមន៍ ដែលធានានូវការផ្គត់ផ្គង់ប្រភេទដើមឈើចម្រុះសម្រាប់គម្រោងដាំដើមឈើរបស់យើង ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការសន្សំដើមឈើ និងបរិស្ថាន។

អ្វីដែលយើងបានដឹងពីអត្ថប្រយោជន៍រួមនៃដើមឈើ ក្នុងព្រៃឈើមាន ដី ទឹក និងខ្យល់បរិសុទ្ធ គឺវាបានកាត់បន្ថយការប្រើប្រាស់ថាមពល និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ទប់ទល់អាកាសធាតុ ផ្តល់អុកស៊ីហ្សែន ផ្តល់ម្លប់ដោយផ្ទាល់ដល់អគារ និងតាមដងវិថី កាត់បន្ថយតម្រូវការសម្រាប់ម៉ាស៊ីនត្រជាក់ គុណភាពខ្យល់ប្រសើរឡើង ពង្រឹងការគ្រប់គ្រងទឹកព្យុះ និងគុណភាពទឹក ជម្រកសត្វព្រៃ និងគុណភាពជីវិតកាន់តែស្រស់បំព្រង។

 

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសង្គ្រោះដើមឈើ គឺជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិសម្តេចតេជោ ហើយបន្តមករាជរដ្ឋាភិបាល អាណត្តិទី ៧ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដោយបានចង្អុលទិសគ្រប់គ្រងព្រៃឈើដ៏មានសារសំខាន់របស់ខ្មែរ តាមរយៈគម្រោងបណ្តុះ-ដាំដើមឈើ ដែលជាការខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថានទាំងមូល និងជាការចូលរួមដ៏រស់រវើកយ៉ាងសកម្មរបស់អ្នកទាំងអស់គ្នា ។ យើងមិនត្រឹមតែដាំដើមឈើប៉ុណ្ណោះទេ តែយើងកំពុងកសាងឡើងវិញនូវច្រករបៀងសត្វព្រៃដែលមានសារៈសំខាន់សម្រាប់ការរស់រានមានជីវិតនៃប្រភេទសត្វរាប់មិនអស់នៅលើដែនដីរបស់កម្ពុជា ។

តាមរយៈតួលេខរបស់ក្រសួងបរិស្ថាន កូនឈើបានបណ្តុះចេញពីថ្នាលរបស់មន្ទីរបរិស្ថាន រាជធានី-ខេត្ត ទូទាំងប្រទេស មានចំនួនសរុប ១ ៤៤៩ ៤៣៦ ដើម។ អ្វីដែលជាគំនិតថ្មីរំលេចឡើង គឺឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបណ្តុះនិងជូនកូនត្នោត ដែលជាប្រភេទដើមឈើកំណត់អត្តសញ្ញាណរបស់ខ្មែរដ៏មានសារប្រយោជន៍ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ បានចំនួន ៣៨៨ ៥៦៦ ដើម ដែលនឹងជូនប្រជាពលរដ្ឋដាំក្នុងពេលខាងមុខ និងបានដាំរួចជាស្រេចកន្លងមកនៅតាមខ្សែព្រំដែនទៀតផង ។

ចំណែកថ្នាលបណ្តុះកូនឈើនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានចំនួន ៣៨៣ ៨៧៧ ដើម សប្បុរសជនអ្នកស្រឡាញ់បរិស្ថាន និងអង្គការដៃគូ បណ្តុះបានចំនួន ៦៧២ ៣០០ ដើម រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបណ្តុះកូនត្នោតចំនួន ១២៦ ៨៣០ ដើម និងសហគមន៍តំបន់ការពារធម្មជាតិ ចំនួន ១២០ ០០០ ដើម។

ដោយស្របតាមរដូវកាល មានភ្លៀងធ្លាក់ ក្រសួងបរិស្ថាន បានអនុវត្តយុទ្ធនាការបណ្តុះ«ពន្លកបៃតង» ដោយបានចែកកូនឈើនៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៥ នេះ ជូនប្រជាពលរដ្ឋយកទៅដាំជាបណ្តើរៗ។ រហូតមកទល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចែកកូនឈើចំនួន ៣១០ ១៧៨ ដើមបន្ថែមទៀត ។

តាមមហិច្ឆតារបស់ក្រសួងបរិស្ថាននៅឆ្នាំ២០២៥ នេះ គ្រោងចែកកូនឈើចំនួន ៣លានដើម ក្នុងនោះកូនត្នោតចំនួន១លានដើម ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដឹកនាំបង្កើតយុទ្ធនាការ «ពន្លកបៃតង» ស្របតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីជំរុញចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើឱ្យបានច្រើននៅទូទាំងប្រទេស តាមទីសាធារណៈ និងទីតាំងឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងដាំស្តារព្រៃតាមសហគមន៍មូលដ្ឋាននានា។

ការបោះជំហាននៃយុទ្ធនាការដាំកូនឈើរបស់ក្រសួងឲ្យបានយ៉ាងតិច ១លានដើម ផ្តើមតាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ និងបានចែកកូនឈើ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឆ្នាំ២០២៤ យកទៅដាំនៅទូទាំងប្រទេស បានចំនួន ១,៣លានដើមរួចហើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម