បុគ្គលិកពេទ្យដើមកំណើតអាស៊ីក្នុងអាមេរិក ប្រឈមទាំងកូវីដ ប្រឈមទាំងការរើសអើងពូជសាសន៍

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី09 ខែឩសភា ឆ្នាំ2021 ម៉ោង 8:22 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

សារព័ត៌មាន Associated Press បានសម្ភាសនិស្សិតស្រីជនជាតិថៃកាត់ចិន រៀនផ្នែកវេជ្ជសាស្ត្រឈ្មោះ «Natty Jumreornvong» នៅក្នុងរបាយការណ៍ដែលចេញផ្សាយក្នុងសប្តាហ៍នេះ ដែលនិយាយអំពី«តស៊ូសឹកទាំងសងខាង» របស់បុគ្គលិកជំនាញវេជ្ជសាស្រ្តអាមេរិក គឺប្រឈមនឹងហានិភ័យនៃ COVID-19 ផង និងត្រូវប្រឈមការប្រកាន់ជាតិសាសន៍ផង» ។

ប្រភពបានឱ្យដឹងថា មានអ្នកជំងឺមកពីផ្នែកចិត្តសាស្ត្រ បានហៅនាងដោយពាក្យរើសអើងជាតិសាសន៍អាស៊ី នាងជានិស្សិតពេទ្យថៃកាត់ចិន បាននិយាយថា នាងត្រូវបានបណ្តេញចេញដោយឃ្លាថា«ត្រឡប់ទៅប្រទេសចិនវិញទៅ (go back to China )» ។ កាលពីខែកុម្ភៈកន្លងទៅ ខណៈពេលដែលនាងគ្រងឈុតពេទ្យ មានបុរសម្នាក់ដើរមកជិត រួចនិយាយថា «វីរុសចិន (Chinese Virus)» និងថែមទាំងទាញទូរស័ព្ទរបស់នាងទៅទាំងខ្លួនទៀតផង នាងក៏បានប្តឹងប៉ូលិស ។

នាង Natty រៀននៅ the Icahn School of Medicine នាទីក្រុងញូវយ៉ក បានប្រាប់កាសែត Associated Press ថា​ បទពិសោធ«តស៊ូសឹកទាំងសងខាង» របស់នាង គឺជាបញ្ហាប្រឈមគឺចំពោះមន្រ្តីពេទ្យ ជាជនជាតិអាស៊ី និងប្រជុំកោះប៉ាស៊ីហ្វិក ឬ AAPI (Asian and Pacific Islander) ជាច្រើននាក់នៅអាមេរិក ។

និស្សិតពេទ្យមួយរូបទៀតឈ្មោះ «Hueyjong» នៅមហាវិទ្យាល័យកូឡំប៊ី ក្នុងទីក្រុងញូវយ៉កដូចគ្នា ពោលថា កន្លងមក​សហសេវិកបានសន្មតថាគាត់ជាកូនទោល ព្រោះទំនងជាមកពីប្រទេសចិនដែលមានគោលនយោបាយឲ្យយកកូនតែមួយ ទោះបីជាគាត់មកពីតៃវ៉ាន់ក៏ដោយ ។

ប្រជាជនក្រុម AAPI មានចំនួនពី ៦ ទៅ ៨ ភាគរយនៃជនជាតិអាមេរិកទាំងអស់ និង ២០ ភាគរយនៃអ្នកជំនាញ​ឱសថការី និងគ្រូពេទ្យទូទៅ ។ ប្រសិនបើពិចារណាក្រុមជាក់លាក់នៃគ្រូពេទ្យវះកាត់ ជនជាតិអាមេរិកដើមកំណើតអាស៊ី និងក្រុមកោះប៉ាស៊ីហ្វិក មានចំនួនពី ១២ ទៅ ១៥ ភាគរយនៃអ្នកជំនាញទាំងនោះ។

មុនពេលផ្ទុះឡើងនៃវីរុសកូរ៉ូណា ការសិក្សាបានបង្ហាញថា ពេទ្យជនជាតិអាស៊ីក្នុងអាមេរិកពី ៣១ ទៅ ៥០% ធ្លាប់ត្រូវរើសអើងពូជសាសន៍ពណ៌សម្បុរ ។

ក្នុងប្រវត្តិសាស្ត្រ មន្ត្រីរដ្ឋាភិបាលក្នុងសហរដ្ឋអាមេរិក បានស្តីបន្ទោសថា តំបន់ឆាយណាថោន នៅសាន់ហ្វ្រាន់ស៊ីស្កូ ជាបុព្វហេតុនៃជំងឺរាតត្បាតនៅទសវត្សឆ្នាំ ១៨៧០ ។

ជនជាតិចិនក៏ត្រូវបានហាមឃាត់មិនឱ្យចូលសហរដ្ឋអាមេរិកក្រោមច្បាប់ការងារឆ្នាំ ១៨៨២ ហើយជនជាតិអាមេរិកាំងដើមកំណើតជប៉ុន ក៏ត្រូវបានបង្ខំឱ្យទៅធ្វើការនៅសហរដ្ឋអាមេរិក ទោះបីជាសាច់ញាតិជាច្រើនរបស់ពួកគេជាច្រើន បានរួមប្រយុទ្ធនៅក្នុងកងទ័ពអាមេរិកក្នុងកំឡុងសង្គ្រាមលោកលើកទី ២ ក៏ដោយ ៕

រូបភាព Angela Weiss / AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម