ថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2025 កាសែតថៃផ្សាយថា សមត្ថកិច្ចពាក់ព័ន្ធគ្រប់ផ្នែករបស់ថៃ បាននាំយកដីកាឆែកឆេរទីតាំងខាងក្នុងអគារស្នាក់នៅប៉ូលិសផ្នែកកណ្តាល អគារ១០ ជាន់ទី២ ជាកន្លែងស្នាក់នៅរបស់ជនជាប់ចោទ គឺវរសេនីយ៍ឯក វេជ្ជបណ្ឌិត អញ្ញ ជូលី ឬ «ពេទ្យ អ៊ែរ» រួមនឹងការចាប់ខ្លួនបុរសម្នាក់ទៀត ដែលសារភាពថាជាអ្នកមើលថែ និងដកហូតវត្ថុតាងថ្នាំញៀ.ន ប្រភេទ អាល់ប្រាហ្សូឡាម(Alprazolam) ឬថ្នាំងងុយដេក ឬថ្នាំសម្រើបស្តី្រក្នុងអំពើរំលោភសេពសន្ថវៈ វេចខ្ចប់ ១០ ប្រអប់ធំ ទុកនៅក្នុងបន្ទប់។
លោកវេជ្ជបណ្ឌិត Witit Srisatidchaikul អគ្គលេខាធិការរងនៃរដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានបង្ហាញថា មានភាពមិនប្រក្រតីដែលត្រូវបានរកឃើញនៅក្នុងការបញ្ជាទិញ alprazolam នៃថ្នាំខាងលើ ។ នៅក្នុងការស៊ើបអង្កេត គេបានរកឃើញថា វេជ្ជបណ្ឌិតប៉ូលិសស្រីបានបញ្ជាទិញថ្នាំពី FDA ពីឆ្នាំ 2022-2025 ក្នុងតម្លៃ 15 លានបាត។ គេបានរកឃើញថា គ្លីនិកចំនួន ១១ កំពុងក្លែងបន្លំដើម្បីបញ្ជាទិញថ្នាំ ដោយមានការចរាចររហូតដល់ទៅ ៨០ លានបាត។ វេជ្ជបណ្ឌិតស្រីគឺជាមនុស្សតែម្នាក់គត់ដែលបញ្ជាទិញ និងបង់ប្រាក់។
ឧត្តមសេនីយទោ Suchart Thirasawat អតីតអគ្គស្នងការរងនគរបាលជាតិថៃនិយាយថា មន្ត្រីជំនាញបានប្រមូលភស្តុតាង រហូតរកឃើញថា មានប្រតិបត្តិការជួញដូរក្រៅផ្លូវការ ដោយអនុញ្ញាតឲ្យអ្នកខាងក្រៅស្នាក់នៅក្នុងអគាររដ្ឋាភិបាល និងលក់គ្រឿងញៀន។ វេជ្ជបណ្ឌិតស្រីរូបនេះនឹងត្រូវមានពិរុទ្ធទាំងវិន័យ និងព្រហ្មទណ្ឌចំពោះការផ្តល់សិទ្ធិស្នាក់នៅដល់ជនក្រៅ និងលក់សារធាតុញៀនប្រភេទទី២ និងទី៤ ដែលមានទោសដូចគ្នានឹងគ្រឿងញៀន ការលាងលុយកខ្វក់ និងត្រូវរឹបអូសយកទ្រព្យសម្បត្តិរបស់នាង។ ព័ត៌មានដំបូងបង្ហាញថា មានគ្រូពេទ្យប្រមាណ៥នាក់ផ្សេងទៀតចូលរួមក្នុងប្រតិបត្តិការនេះ ៕
by naewna + matichon