ទោះបីជាប្រទេសជាច្រើនបានប្រកាសថា "Covid-19" ជាជំងឺរាតត្បាត ហើយប្រជាជនភាគច្រើនបានចាប់ផ្តើមរស់នៅជាធម្មតាដោយមិនពាក់ម៉ាស់ ឬរក្សាគម្លាតសង្គមក៏ដោយ ក៏ថ្មីៗនេះ Covid-19 បានវិលមកដោយស្ងាត់ស្ងៀមវិញ បង្កើតក្តីបារម្ភក្នុងប្រទេសជាច្រើននៅតំបន់អាស៊ី ជាពិសេសក្នុងទីក្រុងហុងកុង សិង្ហបុរី ចិន និងថៃ ដែលចំនួនអ្នកឆ្លង និងអ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរបានកើនឡើងគួរឲ្យកត់សម្គាល់ ។
នៅហុងកុង តាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺបាននិយាយថា អត្រានៃការរកឃើញមេរោគនៅក្នុងសំណាកផ្លូវដង្ហើមគឺខ្ពស់បំផុតក្នុងរយៈពេលជាងមួយឆ្នាំ។ តាំងពីដើមរហូតដល់សប្តាហ៍ទី៣ ខែឧសភា មានអ្នកជំងឺចំនួន 31 នាក់ដែលមានរោគសញ្ញាធ្ងន់ធ្ងរកើតឡើងក្នុងមួយសប្តាហ៍ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល 12 ខែ។ ទន្ទឹមនឹងនោះ ការពិនិត្យសំណាកក៏បានរកឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃកំហាប់មេរោគ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការរីករាលដាលនៅក្នុងសហគមន៍។
តារាចម្រៀងហុងកុង អ៊ី សាន់ ចាន់ (Eason Chan) បានប្រកាសលុបចោលការប្រគំតន្ត្រីនៅតៃវ៉ាន់ បន្ទាប់ពីឆ្លងមេរោគ COVID-19 ដោយសង្កត់ធ្ងន់លើការប្រុងប្រយ័ត្នរបស់សាធារណជនអំពីហានិភ័យដែលកំពុងកើត ។
នៅប្រទេសសិង្ហបុរី ក្រសួងសុខាភិបាលបាននិយាយថា ករណី Covid ថ្មីបានកើនឡើង 28% ប្រហែល 14,200 នាក់ក្នុងខែឧសភា ខណៈដែលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ Covid ក៏បានកើនឡើងប្រហែល 30% ផងដែរ។ គួរឱ្យចាប់អារម្មណ៍ នេះជាលើកដំបូងក្នុងរយៈពេលជិតមួយឆ្នាំដែលរដ្ឋាភិបាលសិង្ហបុរីបានបញ្ចេញតួលេខផ្លូវការ ដែលជាធម្មតាធ្វើឡើងតែនៅពេលមានការផ្ទុះឡើងធ្ងន់ធ្ងរប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ សិង្ហបុរីមិនទាន់រកឃើញប្រភេទថ្មីដែលធ្ងន់ធ្ងរជាងនេះទេ ប៉ុន្តែគេជឿថា មូលហេតុចម្បងគឺ «ការថយចុះភាពស៊ាំ» របស់ប្រជាជន បន្ទាប់ពីមិនបានទទួលការចាក់ថ្នាំបង្ការ ឬត្រូវបានប៉ះពាល់នឹងវីរុសអស់រយៈពេលជាយូរ ធ្វើឱ្យរដ្ឋាភិបាលណែនាំជាបន្ទាន់ឱ្យក្រុមដែលមានហានិភ័យ ជាពិសេសមនុស្សចាស់ និងអ្នកដែលមានលក្ខខណ្ឌសុខភាពមូលដ្ឋាន ត្រូវចាក់វ៉ាក់សាំងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ចិនមិនខុសគ្នាប៉ុន្មានទេ ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ចិន (China CDC) បានរាយការណ៍ថា អត្រានៃការឆ្លងត្រូវបានរកឃើញនៅក្នុងមន្ទីរពេទ្យបានកើនឡើងជាងទ្វេដងក្នុងរយៈពេល 5 សប្តាហ៍ ដែលជាសញ្ញាព្រមានថា ប្រទេសចិនអាចនឹងឈានទៅរកការផ្ទុះឡើងស្រដៀងនឹងរដូវក្តៅមុន។
នៅប្រទេសថៃ ការរាតត្បាតនៃជំងឺកូវីដបានត្រលប់មកវិញ ជាពិសេសបន្ទាប់ពីពិធីបុណ្យសង្ក្រាន្តក្នុងខែមេសា ដែលមានការជួបជុំគ្នាច្រើន និងជាកត្តាចម្បងជំរុញការរីករាលដាលនៃមេរោគ នេះបើយោងតាមការវាយតម្លៃរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងប្រទេសថៃដែលបានបញ្ជាក់ថា ឆ្នាំនេះប្រទេសថៃមានការផ្ទុះឡើងធំៗចំនួនពីរក្នុងរយៈពេលតែប៉ុន្មានខែមកនេះ ដែលបានជំរុញឱ្យភ្នាក់ងារសុខភាពសាធារណៈត្រូវចេញយុទ្ធនាការបន្ទាន់មួយសម្រាប់ប្រជាជន។
ទោះបីជាយ៉ាងណាក៏ដោយ ឥណ្ឌាមិនទាន់ឃើញសញ្ញានៃរលកថ្មីនៃការផ្ទុះឡើងនៅឡើយទេ។ ក្រសួងសុខាភិបាលឥណ្ឌាបានរាយការណ៍ថា បច្ចុប្បន្នមានករណីសកម្មនៃជំងឺកូវីដ-១៩ តែ ៩៣នាក់ប៉ុណ្ណោះក្នុងប្រទេសឥណ្ឌា។ មិនមានភស្តុតាងច្បាស់លាស់ដែលថាប្រទេសនេះកំពុងប្រឈមមុខនឹងការផ្ទុះឡើងថ្មីនោះទេ។
ការកើនឡើងនៃចំនួនអ្នកឆ្លងនៅក្នុងប្រទេសផ្សេងៗ រួមមានហុងកុង សិង្ហបុរី ចិន និងថៃ ឆ្លុះបញ្ចាំងថាការរាតត្បាតនៃជំងឺកូវីដ-១៩ មិនទាន់ចប់នៅឡើយទេ ហើយមេរោគអាចត្រឡប់មកដាក់បន្ទុកលើប្រព័ន្ធសុខភាពសាធារណៈនៅពេលណាក៏បាន ប្រសិនបើមនុស្សបោះបង់ការប្រុងប្រយ័ត្ន។
ក្នុងអំឡុងពេលនេះ ប្រទេសជាច្រើនបានចាប់ផ្តើមផ្លាស់ប្តូរព័ត៌មានកាន់តែជិតស្និទ្ធ បង្កើនទំនាក់ទំនងសុខភាពសាធារណៈ និងយុទ្ធនាការឱ្យប្រជាជនទទួលការចាក់ថ្នាំបង្ការមេរោគ ដើម្បីទប់ស្កាត់ការរាតត្បាតពីការរីករាលដាលយ៉ាងទូលំទូលាយ។
នៅកម្ពុជាយើង លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ភីហ្វាយហ្សឺ (Pfizer) នៅតាមបណ្តារាជធានី-ខេត្តទាំង២៥ ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ចំពេលដែលមានការឆ្លងឡើងវិញនូវវីរុសកូវីដ-១៩ បំប្លែងថ្មីពិសេសពួក JN.1 ដែលកំពុងតែចរាចរនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា និងនៅតំបន់លើពិភពលោក ៕
បកប្រែពី thansettakij
ដោយ សូរ្យសែង