តំបន់ប្រាសាទសំបូរព្រៃគុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា «ឦសានបុរៈ» សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨ ក្នុងរជ្ជកាលស្តេចឥសានវរ្ម័ន ដោយបែងចែកជាបីក្រុមសំខាន់ៗ រួមមាន៖ ទី១. ក្រុមប្រាសាទសំបូរ(ខាងជើង) ទី២. ក្រុមប្រាសាទកណ្តាល(ប្រាសាទតោ) និងទី៣. ក្រុមប្រាសាទខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ) ។
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៥)។
ប្រាសាទសម្បូរព្រៃគុកមានទីតាំងស្ថិតនៅភូមិសម្បូរ ឃុំសម្បូរ ស្រុកសម្បូរ ខេត្តកំពង់ធំ។ ប្រាសាទនេះស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រហែល ១៨១គីឡូម៉ែត្រពីរាជធានីអង្គរនៃខេត្តសៀមរាប និងមានចម្ងាយប្រហែល១៧០គីឡូម៉ែត្រពីប្រាសាទព្រះវិហារនៃខេត្តព្រះវិហារ និងមានចម្ងាយប្រហែល ១៩៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
ប្រាសាទសម្បូរព្រៃគុកជាប្រភេទរមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត ដែលមានមានចម្ងាយប្រមាណ ៣៧គីឡូម៉ែត្រ បត់តាមផ្លូវជាតិ៦៤ បត់ស្តាំតាមសាលាវិស័យ កាត់តាមផ្លូវបុសស្រមោច ផ្លូវនេះពេលរដូវវស្សាលិចទឹក តែយើងអាចធ្វើដំណើរឆ្ពោះទៅស្រុកសំបូរបានតែម្តង ដែលសង់លើដីរាបស្មើមានទំហំ ៣.០០០ ហិកតា ។ រមណីយដ្ឋានសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថា ឥសានបុរៈ ពីសម័យនោះជាមជ្ឈមណ្ឌលនៃព្រាហ្មញ្ញសាសនា ដើម្បីឧទ្ទិសថ្វាយដល់ ព្រះសិវៈ ឬព្រះឥសូរនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ និង ថ្មបាយក្រៀមលម្អទៅដោយចម្លាក់ពីលើឥដ្ឋ ចាក់ពុម្ភដោយបាយអ ជាផ្ទាំងៗអំពីឥដ្ឋ តែបច្ចុប្បន្នរបេះអស់មួយចំនួន។ ក្បាច់ផ្តែរ និងការសរសេរជាពាក្យពេចន៍ ប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់។
ប្រាសាទនេះកសាងឡើងនៅរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ នៅក្នុង សតវត្សរ៍ទី៧ (គ.ស៦១៦-៦៣៥) នាសម័យចេនឡាក្រុមប្រាសាទសំបូរព្រៃគុកនេះ ត្រូវបានបោះបង់ចោលតាំងពីឆ្នាំ១៩៧១មកម្លេះ ហើយត្រូវបានរៀបចំសារជាថ្មីនៅឆ្នាំ១៩៨០។ ក្នុងការកាប់ស្ការព្រៃគេរកឃើញមាន ប្រាសាទទាំងអស់ចំនួន ១៤០ប្រាសាទ ហើយនៅប្រាសាទទៅពីទៀត រកមិនទាន់ឃើញ។ រមណីយដ្ឋានសម្បូរព្រៃគុកចែកចេញជា៤ក្រុមធំៗគឺ៖ ក្រុមប្រាសាទខាងជើង ក្រុមប្រាសាទកណ្តាល ក្រុមប្រាសាទខាងត្បូង ក្រុមប្រាសាទក្រោលរមាស ៕
ស្រង់ពី (theonecambodia)