ទោះមាន«អាវកាក់ក្រៅ, ប័ណ្ណ Press » សម្គាល់ជាអ្នកកាសែត ក៏គ្មានសុវត្ថិភាពក្នុងសមរភូមិព័ត៌មាន និងក្នុងហ្វូងបាតកម្មនានាជុំវិញពិភពលោកដែរ!

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី21 ខែសីហា ឆ្នាំ2021 ម៉ោង 8:53 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

ការធ្វើព័ត៌មានរបស់អ្នកកាសែត មិនថាក្នុងស្ថានការណ៍ណាទេ គឺស្ថិតនៅលើហានិភ័យខ្ពស់ជានិច្ច ទោះជាមានសញ្ញាសម្គាល់​ថាជាអ្នកកាសែតក្តី (Media Armband), Press ឬមានកាមេរ៉ាជាប់នឹងខ្លួនក្តី ប៉ុន្តែនៅតែមានអ្នករងរបួសក្នុងចន្លោះពេលឈ្មុសឈ្មុលយកព័ត៌មាន ។

ប្រវត្តិស្លាកពាក់រុំដៃ (Media Armband)

ប្រវត្តិសាស្ត្ររបស់ Media Armband មិនចាំបាច់ដឹងចាប់ផ្តើមពីចំណុចណាទេ ប៉ុន្តែក្នុងសង្គ្រាមលោកលើកទី ២ ចន្លោះឆ្នាំ ១៩៣៩-១៩៤៥ មានព័ស្តុតាងបញ្ជាក់ថា ពេលនោះចាប់ផ្តើមមានប្រើ Media Armband ពាក់ជាប់នឹងដៃអ្នកសារព័ត៌មាន និងអ្នកថតរូប ដែលចូលប្រឡូកយកព័ត៌មាន ។ ស្លាករុំនឹងដៃនេះ មិនថាទីកន្លែងណាក្នុងពិភពលោក គឺដើម្បីបង្ហាញឲ្យគ្រប់ភាគីឃើញថា បុគ្គលនោះជាអ្នកសារព័ត៌មានដែលកំពុងធ្វើការ និងប្រតិបត្តិភារកិច្ចនៅក្នុងសមរភូមិព័ត៌មាន ។

ក្នុងស្ថានការណ៍ជម្លោះក្នុងមុំពិភពលោកយុគ ៣០-៤០ ឆ្នាំមុន ពេលខ្លះអ្នកកាសែត អាចធ្លាក់ជាគោលដៅរបស់ក្រុមប្រើ​ហឹង្សា​ ឬពេលខ្លះដល់ថ្នាក់ចាប់ខ្លួនជាចំណាប់ខ្មាំង តួយ៉ាងក្នុងសង្គ្រាមអ៊ីរ៉ាក់ និង អាហ្វហ្គានីស្ថាន ជាដើម ។

ត្រូវតែទទួលស្គាល់ការពិតថា ខ្លឹមសារនិងព័ត៌មានលម្អិតនៃភ្នាក់ងារឆ្លើយឆ្លងព័ត៌មានសង្គ្រាម ឬវិស័យសារព័ត៌មានអាចនាំអ្នកសារព័ត៌មានទៅដល់ផ្នែកដែលមានភាពចម្រូងចម្រាសបំផុតនៃពិភពលោក ។ នៅពេលអ្នកទៅដល់ទីនោះ ពួកគេព្យាយាមខិតទៅជិតសកម្មភាពដើម្បីថតរូប ឬរូបភាពភាពយន្ត ឬវាអាចជាដំណើរការបង្កើតព័ត៌មានផ្សេងទៀត ឬការផ្សាយផ្ទាល់ ប្រែប្រួលតាមបច្ចេកវិជ្ជាផ្លាស់ប្តូរពិភពលោក ដូច្នេះអ្នកយកព័ត៌មានសមរភូមិសង្គ្រាម ត្រូវបានគេមើលឃើញថា ជាញឹកញាប់ពើបប្រទះគ្រោះថ្នាក់ច្រើនបំផុត ។

អ្នកសារព័ត៌មានរងរបួសពីការចុះក្នុងសមរភូមិ

ការជួបប្រទះគ្រោះថ្នាក់ និងគ្មានសុវត្ថិភាពរបស់អ្នកកាសែត ទោះមាន Media Armband សម្គាល់ក៏ដោយ ក៏នៅមាន​ហានិភ័យខ្ពស់ ដូចជា ហេតុការណ៍ «បាតុករអាវកាក់លឿង» ក្នុងប្រទេសបារាំង ជាការតស៊ូដ៏យូរអង្វែង តាំងពីខែ​វិច្ឆិកា ឆ្នាំ ២០១៨ អូសបន្លាយរ៉ាំរ៉ៃ ហើយបានបន្តអស់រយៈពេលជាច្រើនឆ្នាំ រហូតមកដល់សព្វថ្ងៃនេះនៅតែមានការតវ៉ារប៉ាត់​រប៉ាយចម្រុះ ទាមទារឱ្យរដ្ឋាភិបាលលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ពន្លឿនការដោះស្រាយបញ្ហាក្រពះ ការចំណាយលើការរស់នៅ និងតម្លៃពន្ធប្រេងឥន្ធនៈឡើងខ្ពស់ ។

មានរបាយការណ៍ថា អ្នកកាសែតដែលមាន Media Armband ស្លាករុំនឹងដៃ ឬ ប័ណ្ណ Press ក្នុងរយៈពេល ៦ ខែដំបូងនៃការតវ៉ាទាមទាររបស់ «បាតុករអាវកាក់លឿង» ក្នុងទីក្រុងប៉ារីស មានអ្នកកាសែតយកព័ត៌មានក្នុងហេតុការណ៍យ៉ាងតិច ៥៤ នាក់រងរបួសពីអំពើហឹង្សារបស់ប៉ូលិស និងមាន ១២០ នាក់ត្រូវគំរាមក្នុងពេលកំពុងប្រតិបត្តិការ ។ បារាំងមានលំដាប់ថ្នាក់ទី ៣២ ពី ១៨២ ប្រទេស ក្នុងការមានសេរីភាពខាងសារព័ត៌មាន ពីការចាត់លំដាប់ថ្នាក់របស់ RSF World Press Freedom Index. កាលពីឆ្នាំ ២០១៩ ។

ឆ្នាំ ២០២១ ប្រទេសថៃមានលំដាប់ថ្នាក់ទី ១៣៧ ក្នុង ១៨០ ប្រទេស ខាងសេរីភាពសារព័ត៌មាន ទាបជាងប្រទេសអាហ្វហ្គា​នីស្ថាន (១២២ មុនតាលីបង់ដណ្តើមទីក្រុងកាប៊ុល) ហើយអ្នកកាសែតថៃក៏មានរងរបួសក្នុងពេលយកព័ត៌មានផងដែរ ។

ពីសង្គ្រាមលោកលើកទី ២ រហូតដល់សព្វថ្ងៃ មានរយៈពេល ៨០ ឆ្នាំហើយ ទោះជាអ្នកកាសែតប្រើ Media Armband ឬ ស្លាករុំដៃជាអក្សរ Press ឬពាក់អាវកាក់សម្គាល់អ្នកសែត ក៏នៅតែជួបគ្រោះថ្នាក់ គ្មានសុវត្ថិភាពដដែល ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម