កាណាដា បន្ថែមទ័ព ៦០ នាក់ទៅអ៊ុយក្រែន, ប៊ុលហ្គារីស្មោះណាតូ តែមិនចង់ប្រឈមជាមួយរុស្ស៊ី!

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី27 ខែមករា ឆ្នាំ2022 ម៉ោង 7:30 នាទី ល្ងាច

 

ប្រភព Russia Today / CNN

ដោយ សាវុឌ្ឍ

ប្រទេសកាណាដានិយាយនៅថ្ងៃមិ្សលមិញ (២៦ មករា) ថា​ នឹងគាំទ្រកងកម្លាំងអ៊ុយក្រែន ៣ ឆ្នាំបន្តទៀត ដោយពេលនេះបានបន្ថែមកម្លាំងទាហាន ៦០ នាក់ និងបានបង្កើនលទ្ធភាពកម្លាំងជើងគោករបស់ខ្លួននៅអ៊ុយក្រែនដល់កម្រិត​អតិបរមា ៤០០ នាក់ក្នុងពេលមានភាពតានតឹងជាមួយរុស្ស៊ី ស្របពេលដែលប្រទេសប៊ុលហ្គារីបានបញ្ជាក់​ភាព​ស្មោះត្រង់​ចំពោះ​អង្គការណាតូ (NATO) ប៉ុន្តែ​បាន​អំពាវនាវ​ឱ្យមាន​វិធីសាស្ត្រ​ការទូត​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង ។

លោកនាយករដ្ឋមន្ត្រីកាណាដា ចឺស្ទីន ទ្រូដូ ថ្លែងថា ក្រៅពីបុគ្គលិកយោធាកាណាដា ២០០ នាក់ដែលប្រចាំការក្នុងអ៊ុយក្រែន និងមានការបញ្ជូនយោធា ៦០ នាក់ចូលប្រចាំការបន្ថែមក្នុងប៉ុន្មានថ្ងៃខាងមុខ ។ រដ្ឋមន្ត្រីការពារកាណាដាបាននិយាយថា យោធាកាណាដាធ្លាប់ហ្វឹកហាត់អ៊ុយក្រែនជាង ៣០.០០០ នាក់កន្លងមក ។

ទ្រូដូ បន្ថែមថា កាណាដាបានផ្តល់ប្រាក់កម្ចី ១២០ លានដុល្លារទៅឲ្យអ៊ុយក្រែន ដើម្បីពង្រឹងសេដ្ឋកិច្ចឲ្យរឹងមាំដែលកំពុង​​ប្រឈមនឹងការបំផ្លាញស្ថិរភាពពីរុស្ស៊ី ។

ប៉ុន្តែនាយករដ្ឋមន្ត្រីរូបនេះ បានអះអាងថា មិនជួយខាងសព្វាវុធទៅអ៊ុយក្រែនទេ ខុសពីសហរដ្ឋអាមេរិក និងអង់គ្លេស ដែលគាត់និយាយថា «ច្រកចេញនៃភាពតានតឹង គួររើសយកផ្លូវការទូត» ។

រុស្ស៊ីបានបដិសេធម្តងហើយម្តងទៀតថា គ្មានចេតនាចូលទន្ទ្រានអ៊ុយក្រែនទេ តែលោក ឌ្រីមទ្រី ឃូឡេបា រដ្ឋមន្ត្រីការពារ​អ៊ុយក្រែន«មិនជឿ» ដោយនិយាយថា ការទន្ទ្រានចូលអ៊ុយក្រែនជិតកើតឡើងហើយ ដោយផ្តល់សម្ភាសជាមួយកាសែតថា ចំនួនទ័ពរុស្ស៊ីដាក់តាមព្រំដែន នៅមិនទាន់គ្រប់គ្រាន់សម្រាប់ការ «វាយប្រហារពេញទំហឹង» ឡើយ ។

មួយទៀតនៅប៊ុលហ្គារី នាយករដ្ឋមន្ត្រី គីរីល ពេតកូវ (Kirill Petkov) បាននិយាយនៅថ្ងៃទី ២៦ មករាថា ប៊ុលហ្គារី គឺជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់ចំពោះអង្គការណាតូ ហើយការរួបរួមនៃសម្ព័ន្ធភាពគឺជាការឆ្លើយតបដ៏ល្អបំផុតចំពោះវិបត្តិអ៊ុយក្រែនបច្ចុប្បន្ន ។ ចំពេលមានព័ត៌មានចម្រូងចម្រាសថា តើមានការចូលរួមរបស់ Sonia ក្នុងចលនាពង្រឹងយោធារបស់សហរដ្ឋអាមេរិក នៅអឺរ៉ុបខាងកើតឬទេ?

កាសែតក្នុងស្រុកប៊ុលហ្គារីរាយការណ៍ថា លោករដ្ឋមន្ត្រីការពារប៊ុលហ្គារី ស្តេហ្វាន យ៉ានេហ្វ បាននិយាយប្រាប់សមាជិក​សភាថា យោធាប៊ុលហ្គារីនឹងមិនប្រយុទ្ធក្នុងអ៊ុយក្រែនទេ ដោយជឿជាក់ថា រឿងនេះមិនអាចកើតឡើងឡើយ ។

លោក វីតាលី គ្លីតស្លូ (Vitaly Klitschko) អភិបាលក្រុងគៀវ និងជាអតីតអ្នកប្រដាល់ជើងឯកពិភពលោក បានរិះ​គន់រដ្ឋាភិបាលអាល្លឺម៉ង់សម្រាប់ការបញ្ជូនមួកសុវត្ថិភាពយោធាចំនួន ៥.០០០ ដើម្បីជួយអ៊ុយក្រែនសម្រាប់ការឈ្លានពានរបស់រុស្ស៊ី ហើយរៀបរាប់​ថា​ជា​រឿង​«​កំប្លែង​» ដែល​ធ្វើ​ឱ្យ​លោក​«​និយាយ​មិន​ចេញ​» ។ មុននេះអាល្លឺម៉ង់បាននិយាយបញ្ជាក់ថា​ មិនបញ្ជូនសព្វាវុធទៅកាន់អ៊ុយក្រែនទេ ទើបពេលនេះកុំឲ្យថាអត់សោះ ក៏បញ្ជូនមួក ៥.០០០ ទៅ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម