តើប្រទេសអាសា៊នណាខ្លះ មានឥរិយាបថចំពោះការវាយប្រហាររបស់រុស្ស៊ី ក្នុងអ៊ុយក្រែន ?

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី02 ខែមិីនា ឆ្នាំ2022 ម៉ោង 6:16 នាទី ល្ងាច

 

អត្ថបទ សូរ្យរិទ្ធ៖

ចំពេលមានការអំពាវនាវពីសំណាក់អ្នកការទូតបរទេសជាច្រើនក្នុងប្រទេសថៃជា ដែលចង់ឱ្យរដ្ឋាភិបាលថៃបង្ហាញជំហរនយោបាយក្នុងករណីរុស្ស៊ីឈ្លានពានអ៊ុយក្រែននោះ កាលពីថ្ងៃទី១ ខែមីនា កន្លងទៅថ្មីៗនេះ នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ថ្លែង​បន្ទាប់​ពី​ចប់កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រីថា ប្រទេស​ថៃ​ត្រូវ​តែ​បន្ត​ការ​ប្រុង​ប្រយ័ត្នចំពោះការប្រើប្រាស់យន្តការកិច្ចការបរទេស និងយន្តការអាស៊ាន ដែលត្រូវតែរក្សាតុល្យភាព រួមជាមួយនឹងការគាំទ្រដំណើរការសន្តិភាព ។

រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហបុរី​ Vivian Balakrishnan

មុននេះ ប្រទេសសិង្ហបុរី ជាប្រទេសមួយដំបូងគេក្នុងប្លុកអាស៊ាន ដែលបានចេញមុខដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដោយមានចំណាត់ការទៅលើការ​បង្កើន​ការប្រុងប្រយ័ត្ន​ត្រួតពិនិត្យ​ការនាំចេញ​របស់ខ្លួន លើទំនិញណា ដូចជាអាវុធដែលមាន​​លទ្ធភាព​អាច​ប្រើ​យក​ទៅវាយប្រហារលើប្រជាជនអ៊ុយក្រែន ការបិទខ្ទប់​ប្រតិបត្តិការ​ធនាគារ និងហិរញ្ញវត្ថុមួយចំនួន ដែលទាក់ទងជាមួយប្រទេសរុស្ស៊ីផងដែរ ។

សម្រាប់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញទស្សនាទានផ្ទាល់ខ្លួនថា «បញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន មិនអាច​យក​សង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ គឺត្រូវប្រើផ្នែកការទូត ប្រើការចរចាគឺជាជម្រើសល្អ...»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ការ​លើក​ឡើង​របស់ប្រទេសថៃ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ឯកអគ្គរដ្ឋទូត​មក​ពី​ប្រទេស​អឺរ៉ុប​មួយ​ចំនួន និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសថៃ បានជួប​ជាមួយ​លោក ថានី ថុងភក្តី រដ្ឋលេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួងការបរទេស ដើម្បី​សួរនាំ​ពី​ជំហរ​របស់​ថៃ​លើ​ស្ថានភាព​រុស្ស៊ី​-​អ៊ុយក្រែន ។

ខណៈលោក David Daly ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំប្រទេសថៃ រួមជាមួយនឹងឯកអគ្គរដ្ឋទូតមកពី ២៤ ប្រទេសបានបង្ហោះសារតាមរយៈ Twitter  ដំណើរ​ទៅ​កាន់​ក្រសួង​ការ​បរទេសថៃ ​ដោយ​សារ​នោះមានខ្លឹមសារថា «ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយសមាជិកអង្គការសហប្រជាជាតិទាំងអស់ រួមទាំងប្រទេសថៃ គួរតែនិយាយឡើង ដើម្បីរក្សាបទប្បញ្ញត្តិអន្តរជាតិ និងបោះឆ្នោតលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលនឹងប៉ះពាល់ដល់មនុស្សគ្រប់គ្នា» ។

លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារថៃ

លោក ដន ប្រាម៉ាត់វិណៃ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ការបរទេសថៃ ​បាន​និយាយ​កាលពី​ថ្ងៃ​ទី​១ មីនា​ថា កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ ក៏បាន​ពិភាក្សា​អំពី​ជម្លោះ​រវាង​អ៊ុយក្រែន និង​រុស្ស៊ីដែរ សម្រាប់ប្រទេសថៃ ការកែឥរិយាបថមួយចំនួនអាចត្រូវបានទាមទារ ព្រោះ​លោក​មើល​ឃើញ​ថា ការ​ថ្កោលទោស​ពី​ភាគី​ជា​ច្រើន​មិន​បាន​ជួយ​អ្វី​ទេ ប៉ុន្តែ​ថៃ​ត្រូវ​តែ​រក​ចំណុច​មួយ​ដែល​អាច​ជួយ​ស្ថានការណ៍​ឲ្យ​មាន​ទិសដៅ​កាន់​តែ​ប្រសើរ ស្វែងរកវិធីដើម្បីជំរុញការសន្ទនា ការសន្ទនាត្រូវតែបន្ត និងមិនឈប់ ។

លោក ដន ប្រាម៉ាត់វិណៃ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ការបរទេសថៃ

លោក ដន បាននិយាយថា ប្រទេស​ថៃ​មាន​សំណាង​មួយ គឺយើងជាមិត្តនឹងពិភពលោកទាំងមូល ដែលអាចនិយាយបានច្រើន ប៉ុន្តែ​នៅ​ពេល​ដែល​យើង​និយាយចេញទៅហើយ តើវាមានទម្ងន់​ធ្ងន់​ប៉ុណ្ណា វា​ជា​ច្រកមួយ​ក្នុងការនិយាយ ទាំង​អឺរ៉ុប រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក មានច្រកចេញ ប៉ុន្តែរឿងខ្លះយើងត្រូវទុកឲ្យហូរទៅតាមធម្មជាតិ ។ វាមិនមែនជាបញ្ហាប្រញាប់លោតចូលក្នុងតួនាទីនោះទេ រឿងនេះ​ជា​បញ្ហា​របស់​សង្វៀន​អឺរ៉ុប យើងគ្រាន់តែជាផ្នែកមួយនៃពិភពលោក យើងត្រូវមើលថា តើវានឹងដោះស្រាយនៅទីបំផុតឬអត់ ហើយ​តើ​ថៃ​នឹង​មាន​ផល​វិបាក​យ៉ាង​ណា? ព្រោះប្រសិនរឿងនេះនៅតែបន្ត បញ្ហាថាមពលប្រាកដជានឹងកើតឡើង អតិផរណានឹងកើនឡើង ដែលយើងមិនចង់បាន ។

សាស្ត្រាចារ្យបណ្ឌិត Jittipat Poonkham ប្រធានគម្រោងនៃមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ កម្មវិធីអន្តរជាតិ សកលវិទ្យាល័យធម្មសាតថៃ បាននិយាយក្នុងអំឡុងពេលពិភាក្សាតាមអនឡាញលើបញ្ហាឈ្លានពានរបស់«រុស្ស៊ី» វាយ​«អ៊ុយក្រែន» ថាជាសង្គ្រាមលោកលើកទី ៣? បានបង្កើតសំណួរថា «តើថៃអាច​ត្រូវ​ដើរ​ថយ​ក្រោយទេ និង​លេង​ហ្គេម​បែប​ណា? តើផលប្រយោជន៍របស់ប្រទេសថៃនៅឯណា? ការ​ប្រកាស​ខ្លួនជាអ្នកអព្យាក្រឹតភាព ​គឺ​ជាជំហរ​មួយដូចគ្នា វាពិតជានៅកណ្តាលដូចហ្វាំងឡង់ ឬអព្យាក្រឹត ដោយជ្រើសរើសម្ខាងក្នុងគូជម្លោះ?!?»។

អ្នកជំនាញរូបនោះ​បាន​បន្ថែម ក្នុងន័យមួយ ភាពអព្យាក្រឹតគឺមានសារសំខាន់ ប៉ុន្តែ​ត្រូវ​ឈរ​ជាមួយ​អង្គការ​សហប្រជាជាតិ ឈរ​គោរព​ច្បាប់​អន្តរជាតិ ដូចជា​ការមិនពេញចិត្តនឹង​សង្រ្គាម​អយុត្តិធម៌ អំពាវនាវ​រក​វិធី​សន្តិភាព​ជាដើម ជាពិសេស​ដើម្បី​ផលប្រយោជន៍​ប្រជាជន​ថៃ​ជា​ចម្បង ។ ប្រសិនបើដូច្នោះ វា​នឹង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជំហរ​អព្យាក្រឹត​ដ៏​ស្រស់​ស្អាត​មួយ​ក្នុង​ឆាក​អន្តរជាតិ» ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម