ពី AFP ដោយ សូរ្យរិទ្ធ ៖
ប្រធានាធិបតីចិនលោក ហ្ស៊ី ជីនពីង (Xi Jinping) មកដល់ប្រទេសវៀតណាមនៅថ្ងៃអង្គារ ទី ១២ ធ្នូនេះ ក្នុងបេសកកម្មពង្រឹងទំនាក់ទំនងឲ្យខ្ពស់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងហាណូយបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូត ។
ចិននិងវៀតណាមមានព្រំដែនរួមគ្នា និងមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធ រួមទាំងមានបក្សកុម្មុយនិស្តគ្រប់គ្រងប្រទេសដូចគ្នាផងដែរ ប៉ុន្តែការធ្វើដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក ហ្ស៊ី និងជាលើកដំបូងរបស់លោកនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេលប្រាំមួយឆ្នាំ ។
ចំណាត់ការនេះកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដេន បានធ្វើទស្សនកិច្ចនៅទីក្រុងហាណូយកាលពីខែកញ្ញា ជាកន្លែងដែលលោកបានស្វែងរកការជំរុញការគាំទ្រប្រឆាំងនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់ ។
«តាមទស្សនៈរបស់ចិន លោក Huong Le Thu នាយករងកម្មវិធីអាស៊ីរបស់វៀតណាមបានមានប្រសាសន៍ថា ប្រទេស ចិនមិនដែលឲ្យបាត់បង់វៀតណាមទៅក្នុងកណ្តាប់ដៃ របស់គូប្រជែងនោះទេ នេះបើតាម International Crisis Group និយាយ ។
«សម្រាប់វៀតណាម អ្វីបង្ហាញឲ្យឃើញពីភាពជោគជ័យរបស់ «ការទូតដើមឫស្សី» ដែលអាចផ្លាស់ប្តូររវាងប្រទេសមហាអំណាចប្រកួតប្រជែង ដោយមិនមានការបង្ខំឱ្យចូលភាគី» ។
មេដឹកនាំចិននឹងជួបពិភាក្សាជាមួយលោក ង្វៀន ហ្វ៊ូ ចុង (Nguyen Phu Trong) មេដឹកនាំបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់វៀតណាម ហើយនៅថ្ងៃពុធ ទី ១៣ ធ្នូ នឹងមានពិធីដាក់កម្រងផ្កានៅវិមានហូជីមិញ មុនពេលប្រធានាធិបតី ហ្ស៊ី ជួបជាមួយនាយករដ្ឋមន្ត្រី ផាម មិញជីញ និងប្រធានាធិបតី វូ វ៉ាន់ ធឿង (Vo Van Thuong) ។
ទីក្រុងហាណូយ និងវ៉ាស៊ីនតោនបានដំឡើងឋានៈដូចគ្នាកាលពីខែកញ្ញាកន្លងទៅ ។ ចុះវៀតណាម និងចិនចែករំលែកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នោះគឺជាឋានៈការទូតខ្ពស់បំផុតរបស់វៀតណាម ។ អាមេរិកធ្វើបាន ចិនក៏ធ្វើបាន !
ដំណើរទស្សនកិច្ចនេះនឹងមានការពិភាក្សាអំពីការទំនាក់ទំនងចិននិងវៀតណាមទៅកាន់កម្រិតខ្ពស់មួយ និងបញ្ហាដែលបានពិភាក្សារួមមាន នយោបាយ សន្តិសុខ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ការបង្កើតប្រជាមតិ បញ្ហាពហុភាគី និងបញ្ហាសមុទ្រចិន ជាដើម។
ដូចគ្នានឹងសហរដ្ឋអាមេរិកដែរ វៀតណាមព្រួយបារម្ភអំពីជំហរឈ្លានពានរបស់អ្នកជិតខាងខ្លួនក្នុងជម្លោះសមុទ្រចិនខាងត្បូង ។
ប្រទេសចិនបានខឹងសម្បារប្រទេសអាស៊ានមួយចំនួន រួមទាំងទីក្រុងហាណូយ តាមរយៈការចេញផ្សាយផែនទីផ្លូវការថ្មីនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ ដែលបង្ហាញពីអធិបតេយ្យភាពលើផ្លូវទឹកភាគច្រើន ។
បញ្ហាព្រំដែនសមុទ្រគឺជាបញ្ហារសើបមួយសម្រាប់ទីក្រុងហាណូយ ដែលកាលពីខែកក្កដា បានហាមប្រាមការបញ្ចាំងភាពយន្ត Barbie នៅក្នុងប្រទេសនេះ ព្រោះវាបានបង្ហាញផែនទីដែលមានបន្ទាត់ប្រាំបួនខ្សែដែលប្រើនៅលើផែនទីផ្លូវការរបស់ចិន។
លោក ង្វៀន កាក់សាង (Nguyen Cac Sang) អ្នកស្រាវជ្រាវនយោបាយ ប្រាប់ AFP ថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិន គឺជាឱកាសសម្រាប់ទីក្រុងប៉េកាំងដើម្បីទាក់ទាញវៀតណាមឲ្យកាន់តែជិតស្និទ្ធ តាមរយៈគោលនយោបាយការបរទេសនៃសម័យលោក ហ្ស៊ី ក្នុងគោលការណ៍កសាងសហគមន៍ជាមួយអនាគតរួម ។
«ទោះបីវៀតណាមនៅតែប្រុងប្រយ័ត្នចំពោះការចូលរួមគំនិតផ្តួចផ្តើមនយោបាយ ដែលដឹកនាំដោយប្រទេសចិនក៏ដោយ ប៉ុន្តែយើងក៏អាចរំពឹងថា នឹងឃើញវឌ្ឍនភាពបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពិសេសការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរទៅជាថាមពលស្អាត» លោក កាក់សាង និយាយ ។
ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋរបស់វៀតណាម បានរាយការណ៍កាលពីខែមុនថា China Rare Earth Group Co. កំពុងសម្លឹងមើលឱកាសដើម្បីធ្វើការជាមួយក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់វៀតណាម Vinacomin ៕