ហេតុផលពីរ ដែលគេដឹកដៃអតីតប្រធានាធិបតី ហ៊ូ ជិនតាវ ចេញពីមហាសន្និបាត? (មានឃ្លីប)

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី25 ខែតុលា ឆ្នាំ2022 ម៉ោង 8:45 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

តាមរយៈឃ្លីបវីដេអូខ្លីមួយបានឲ្យឃើញថា អតីតប្រធានាធិបតីចិន ហ៊ូ ជិនតាវ ត្រូវបានអញ្ជើញឲ្យចេញពីមហាសន្និបាតបក្សកុម្មុនិស្តចិន នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ ធ្វើឲ្យក្រសែភ្នែកពិភពលោក មានអារម្មណ៍ ចម្លែកចិត្តថា មានរឿងអ្វី ដែលត្រូវបានបុរសពីរនាក់ចាប់ដៃឲ្យគាត់ងើបពីកៅអីរួចបណ្តើរចេញ ក្នុងពេលកំពុងដំណើរការមហាសន្និបាត ។លោក ហ៊ូ អាយុ ៧៩ ឆ្នាំ ដែលមើលទៅសុខភាពគាត់ហាក់ទ្រុឌទ្រោម អង្គុយនៅលើវេទិកាក្បែរលោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិនបច្ចុប្បន្ន ។ គាត់ធ្លាប់ជាប្រធានាធិបតីនៅចន្លោះឆ្នាំ ២០០៨-២០១៣ ។

មហាសន្និបាតបក្សកុម្មុយនិស្តចិនលើកទី ២០ បានប្រារព្ធធ្វើតាំងពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២ ដែលមានការប្រគល់តំណែងជាប្រធានាធិបតីចិនក្នុងប្រវត្តិសាស្ត្រ ៣ អាណត្តិទៅលោក ហ្ស៊ី ដែលមានឥទ្ធិពលបំផុតរបស់ប្រទេសចិន បន្ទាប់ពីលោក ម៉ៅ សេទុង ។

រូបភាពឃ្លីបទាំងនេះ បានធ្វើឲ្យភ្ញាក់ផ្អើលទូទាមអពិភពលោក ថាមានរឿងអ្វីកើតឡើង ? មានសំណួរជាច្រើនត្រូវបានសួរ តែគ្មានចម្លើយពីរដ្ឋាភិបាលចិនឡើយ ។

ក្នុងអំឡុងពេលមួយផ្នែកនៃវីដេអូ អតីតប្រធានាធិបតីចិនបង្ហាញភាពស្ទាក់ស្ទើរក្នុងការចាកចេញពីកៅអីរបស់គាត់ បើ​នេះ​ជា​ការ​បង្ហាញ​ពី​ការ​មិន​ស្តាប់​បង្គាប់​នោះ វា​ចោទ​ជា​សំណួរ​ថា​ហេតុអ្វី​បាន​ជាដូច្នេះ តើ​លោក​បាន​និយាយ​អ្វីខ្លះ​ទៅកាន់​លោក ហ្ស៊ី ដែលជា​អ្នក​ស្នង​តំណែង​ប្រធានាធិបតី​? ហើយ​តើ​លោក ហ៊ូ បាន​និយាយ​អ្វី​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី លី ឃើឈាង ដែល​លោក​បាន​លើក​ដៃ​ស្ទាប​ស្មា​របស់​លោក?


 

មានហេតុផល ២ ដែលគួរជឿទុកចិត្តបំផុតគឺ ការចាកចេញរបស់លោក ហ៊ូ គឺ៖

១. ជាការបង្ហាញពីអំណាចនយោបាយយ៉ាងពេញលេញ ​បង្ហាញ​ជា​និមិត្ត​រូប​ថា មេដឹកនាំ​​សម័យ​ចាស់​ត្រូវ​បាន​ដក​ចេញ​ពី​ឆាក​នយោបាយ​ចិន  ។

២. លោក ហ៊ូ អាចមានបញ្ហាសុខភាពធ្ងន់ធ្ងរ ។

 ចុះប្រសិនបើគាត់ត្រូវបានគេយកចេញដោយសារតែបញ្ហាសុខភាព ​ហេតុ​អ្វី​បាន​ជា​រឿង​នេះ​កើត​ឡើង​ភ្លាមៗ​នៅ​មុខ​កាមេរ៉ា ហើយ​វា​ជា​ការណ៍បន្ទាន់ឬទេ?

ដូចធម្មតា មហាសន្និបាតបក្សកុម្មុយនិស្តបានដំណើរការតាមផែនការយ៉ាងតឹងរ៉ឹង ដូច្នេះហើយគេរំពឹងថា ព្រឹត្តិការណ៍ដែលបានកើតឡើងចំពោះលោក ហ៊ូ ជិនតាវ ប្រហែលជាមិនមែនជារឿងចៃដន្យទេ នៅ​មុន​ពេល​កើតហេតុ លោក​បាន​ចូលរួម​ប្រជុំ​សម្ងាត់​លើក​ចុង​ក្រោយ​របស់​បក្ស បន្ទាប់មក កាមេរ៉ាត្រូវបានអនុញ្ញាតឱ្យចាក់ផ្សាយការប្រជុំនៅចុងបញ្ចប់នៃថ្ងៃ ដោយ​មន្ត្រី​អញ្ជើញ​លោក ហ៊ូ បន្ទាប់ពីការប្រជុំចាប់ផ្តើមត្រូវបានកត់ត្រា ។

ក្នុង​កំឡុង​ពេល​កាន់​អំណាចរបស់លោក ហ៊ូ បាន​បង្ហាញ​ប្រទេស​ចិន​ក្នុង​របៀប​​ខុស​ពី​សម័យ​លោក ហ្ស៊ី វាក៏រក្សាតុល្យភាពរវាងភាគីនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយផងដែរ ។

ប្រទេសចិនក្នុងសម័យលោក ហ៊ូ ត្រូវបានគេមើលឃើញថា ជាពេលវេលានៃការបើកប្រទេសទៅកាន់ពិភពខាងក្រៅ និងអត់ធ្មត់ចំពោះគំនិតថ្មីៗ ។

ចំណែកលោក ហ្ស៊ី ក្នុង​នាម​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត គាត់បាន​ប្រើ​វិធីសាស្ត្រ​ផ្សេង​ក្នុង​ការ​គ្រប់គ្រង​ប្រទេស គាត់គឺជា «ស្នូល» ដែលមិនអាចត្រូវបានជំទាស់ដោយនរណាម្នាក់ ។

គណៈកម្មាធិការកណ្តាលCPC មិនមាននាយករដ្ឋមន្ត្រី លី ឃើឈាង ឬ វ៉ាំង យ៉ាង  ដែលត្រូវបានគេមើលឃើញថាមានសេដ្ឋកិច្ចសេរីនោះទេ ហើយ​មាន​គំនិត​ទាក់ទង​នឹង​រដ្ឋាភិបាល​ចិន​ក្នុង​សម័យ​លោក ហ៊ូ ដែលបាតុភូតនេះបង្ហាញ គណៈកម្មាធិការ​ថ្មី​នៃ​ការិយាល័យ​នយោបាយ​របស់​បក្ស​កុម្មុយនិស្តចិន ​គឺ​ពោរពេញ​ដោយ​ក្រុម​ស្មោះត្រង់​នឹង​លោក ហ្ស៊ី ។

នៅ​ពេលព្រឹក សមាជិកសរុបចំនួន 205 នាក់នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនត្រូវបានជ្រើសរើស ដែលក្នុងនោះមានលោក ហ្ស៊ី ជិនពីង និងសមាជិកជាន់ខ្ពស់ផ្សេងទៀត គាំទ្រគំនិតរបស់លោក ហ្ស៊ី ដើម្បីជាគោលការណ៍ដឹកនាំប្រទេសចិនទៅអនាគត ។

នៅក្នុងសុន្ទរកថារបស់លោកនៅក្នុងសុន្ទរកថាបើកមហាសន្និបាតបក្សកាលពីថ្ងៃទី 16 ខែតុលា លោក ហ្ស៊ី បានសាទរចំពោះការបង្រ្កាបចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង ផ្លាស់ប្តូរពីស្ថានការណ៍វឹកវរ មកគ្រប់គ្រងបាន ហើយ​ក៏​បាន​ទទូច​ឲ្យ​ប្រើ​កម្លាំង​ដើម្បី​យក​តៃវ៉ាន់​មកជារបស់ខ្លួនវិញ ។

លោក ហ្ស៊ី ក៏​បាន​បញ្ចូល​តួនាទី​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​ផង​ដែរ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម និងប្រធានាធិបតីចិន ហើយត្រូវបានគេហៅថាជា «មេដឹកនាំកំពូល» របស់ប្រទេសចិន ។

គេ​រំពឹង​ថា​នៅ​ថ្ងៃ​អាទិត្យ ទី​២៣ តុលា លោក​នឹង​ត្រូវ​ប្រគល់​តំណែង​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​ជា​ផ្លូវការ​សម្រាប់​អាណត្តិ​ទី៣ ហើយ​ក្រុម​អ្នក​គ្រប់​គ្រង​ថ្មី​នឹង​ត្រូវ​បាន​បើក​ដំណើរការ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម