សំបុត្រចូលទស្សនាស៊ីហ្គេម ២០២៣ ដាក់លក់ហើយ ! ថៃនៅតែអវត្តមានកីឡាគុនខ្មែរ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី28 ខែមិីនា ឆ្នាំ2023 ម៉ោង 7:29 នាទី ល្ងាច

អត្ថបទ សាវុឌ្ឍ៖

ពេលនេះសំបុត្រសម្រាប់ចូលទស្សនាពិធីបើកការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ ក៏បានចាប់ផ្ដើមដាក់​លក់នៅលើប្រព័ន្ធអនឡាញជាផ្លូវការផងដែរ។ 

យោងតាមការចុះផ្សាយពី Cambodia 2023 នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា សំបុត្រ​សម្រាប់ការចូលទស្សនាពិធីបើកការប្រកួតព្រឹត្ដិការណ៍ជាប្រវត្ដិសាស្រ្ដនេះគឺមាន ២ ប្រភេទ ដោយក្នុងនោះ​សំបុត្រកៅអីប្រភេទទី១ មានតម្លៃ ២០ ម៉ឺនរៀល និងសំបុត្រកៅអីទី២ មានតម្លៃ ១០ ម៉ឺនរៀល ។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះនឹងត្រូវចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៣ ។

ស៊ីហ្គេម​លើកទី​៣២​ នៅ​កម្ពុជា​នេះដែរ នឹង​មាន​ការ​ប្រកួត​កីឡា​គុន​ខ្មែរ​ ដោយ​គ្មាន​វត្តមាន​ថៃ ។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡាអាស៊ី​អាគ្នេយ៍ លោក វ៉ាត់ ចំរើន ​លើក​ឡើង​ថា កម្ពុជា​នឹង​ប្រកួត​កីឡា​គុនខ្មែរ​ក្នុងស៊ីហ្គេម​ឆ្នាំ​ ២០២៣ ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ ដោយ​មិន​មានវត្តមាន​កីឡាករ​មក​ពី​ប្រទេស​ថៃ​ ក្រោយ​មាន​ការ​មិនពេញ​ចិត្ត​ក្នុង​ការ​ប្រើ​ឈ្មោះ​កីឡា​គុនខ្មែរ តែ​មិនមែន​ Muay Thai។​ លោក វ៉ាត់ ចំរើន ​ថា គុនខ្មែរ​ជា​អត្តសញ្ញាណ​របស់​ជាតិ​ខ្មែរ ត្រូវបានប្រទេស ៤ ផ្សេងទៀតចូលរួម នោះគឺ ​ប្រទេស​ឡាវ វៀតណាម មីយ៉ាន់ម៉ា​ ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រទេស​ឥណ្ឌូណេស៊ី​ ។​

សារព័ត៌មាន AFP បានស្រង់​សម្តី​របស់​លោក ចារើនវ៉ាតាណាស៊ីន អនុ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​ថៃ​ ដែល​ថា ប្រទេស​ថៃ​នឹង​មិន​បញ្ជូន​កីឡា​ករ​មក​ចូល​រួម​ការ​ប្រកួត​កីឡា​គុន​ខ្មែរ ក្នុង​ស៊ីហ្គេម​លើកទី​ ៣២ ​នៅ​កម្ពុជា​ឡើយ តែវិញ្ញាសាផ្សេងនឹងបញ្ជូនមក ។

សូមរំឭកថា ស៊ីហ្គេមលើកទី ៣១ នៅប្រទេសវៀតណាម ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យម្ចាស់ផ្ទះ វៀតណាម ស្នើសុំជាច្រើនលើក អំពីការពន្យារពេលពីឆ្នាំ២០២១ ទៅឆ្នាំ២០២២ វិញ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម