ឯកឧត្តម ខូយ លឹមហុង ដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំង សម្រាប់ថ្ងៃពិនិត្យ និងព្យាបាលភ្នែក ជូនពលរដ្ឋឥតគិតថ្លៃ នាថ្ងៃអាទិត្យ ទី ១៨ មិថុនា ២០២៣

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី13 ខែមិថុនា ឆ្នាំ2023 ម៉ោង 7:53 នាទី ល្ងាច

ដោយ សូរ្យសែង៖

នៅរសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣ ឯកឧត្តម ខូយ លឹមហុង ឧបការី និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងសាឡាង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន​ខណ្ឌទួលគោក បានដឹកនាំក្រុមការងារ ៣ សង្កាត់ អញ្ជើញចុះទៅពិនិត្យទីតាំងសម្រាប់ដំណើរការពិនិត្យ និងព្យាបាលភ្នែក ជូនប្រជាពលរដ្ឋ​ក្នុងខណ្ឌ ទួលគោកដោយឥតគិតថ្លៃ នៅថ្ងៃ អាទិត្យ ទី ១៨ ខែមិថុនា ឆ្នាំ ២០២៣  ដែលរៀបចំឡើង​ដោយ​អង្គភាព​ប្រឆាំងអំពើពុករលួយ សហការជាមួយមន្ទីរពេទ្យព្រះអង្គឌួង នាយកវិទ្យាល័យ ជា ស៊ីម សាមគ្គី និងរដ្ឋបាលខណ្ឌទួលគោក ។

សូមបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជំងឺភ្នែក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ ធ្វើឡើង ៣ សង្កាត់ ក្នុងខណ្ឌទួលគោក គឺសង្កាត់បឹងសាឡាង សង្កាត់ផ្សារដើមគរ និងសង្កាត់ទឹកល្អក់ ៣ ក្នុងនេះ មានជូនវ៉ែនតាតាមវេជ្ជបញ្ជា ឱសថ និងពិនិត្យតាមដានអ្នកជំងឺណាដែលត្រូវវះកាត់ជាបន្ត ។

នេះជាកាយវិការមនុស្សធម៌ដ៏ប្រពៃរបស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ដែលតែងយកចិត្ត​ទុក​ដាក់ជួយរំលែកទុក្ខលំបាករបស់ប្រជាជនក្នុងខណ្ឌទួលគោក ហើយក្នុងឱកាសនោះ ក៏មានចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ នៅទីកន្លែងនោះផ្ទាល់តែម្តង បង្កភាពងាយស្រួល ពិនិត្យភ្នែកហើយ ចាក់វ៉ាក់សាំងតែម្តង ។

នេះជាការជូនដំណឹងដល់ប្រជាពលរដ្ឋផងដែរ ដែលអញ្ជើញទៅពិនិត្យភ្នែក គឺចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ១៧.០០ នាទី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម