ច្បាប់បោះឆ្នោតថ្មីនឹងផាកពិន័យពី ៥ លានរៀលទៅ ២០ លានរៀល ចំពោះជនណាដែលញុះញង់ប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត

ព័ត៌មានសង្គមថ្ងៃពុធ ទី14 ខែមិថុនា ឆ្នាំ2023 ម៉ោង 7:36 នាទី ល្ងាច

តារារិទ្ធ ៖

នៅព្រឹកទី១៤ ខែមិថុនាឆ្នាំ២០២៣ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ពង្រៀងច្បាប់បោះឆ្នោតថ្មីមាត្រា ១៤២ ថ្មី ត្រូវផាកពិន័យជាប្រាក់ ៥លាន រៀលទៅ២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលប្រើតាមគ្រប់មធ្យោបាយទុច្ចរិត រារាំង ឬ ញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឱ្យទៅចុះឈ្មោះបោះឆ្នោត ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ម្សិលមិញបាននិយាយហើយ គឺយើងនឹងមានការកែទម្រង់ច្បាប់បោះឆ្នោតដែលទាក់ទងទៅនឹងអ្នកមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតដើម្បីពង្រឹងអាទទួលខុសត្រូវរបស់មន្ត្រីនយោបាយ»។

សម្តេចបានថ្លែងនៅក្នុងជំនួបសំណេះ សំណាលជាមួយកម្មករកម្មការិនីសរុបជិត២ម៉ឺននាក់មកពីរោងចក្រ សហគ្រាសចំនួន៩ដែលកំពុងដំណើរការអាជីវកម្មក្នុងក្នុងខណ្ឌពោធិ៍សែន ជ័យរាជធានីភ្នំពញ ។

សម្តេចតេជោបន្តថា«ពង្រៀងនៅទីនេះ គឺចំណុចទាក់ទងជាមួយនឹងអ្នកដែលមានសិទ្ធិឈរឈ្មោះ ក្នុងនោះគេបានចែងការអនុវត្តន៍សិទ្ធិបោះឆ្នោត ដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកលចំនួនពីរដងលើកចុងក្រោយជាប់គ្នា ដែលរៀបចំដោយគណៈកម្មការជាតិរៀបចំបោះឆ្នោត លើកលែងតែករណីមិនអាចអនុវត្តន៍សិទ្ធិបោះឆ្នោតដែលមានករណីសមស្រប ។ អញ្ចឹងនៅទីនេះចង់សំដៅឱ្យលោកឯងបានដឹងថា បោះឆ្នោតសកលបោះឆ្នោតថ្ងៃទី ២៣ ខែកក្កដា ២០២៣ តែម្ដង ហើយបោះឆ្នោតសកលវាក៏នឹងកើតឡើងនៅឆ្នាំ២០២៧ ម្ដងទៀត «ដូច្នេះចងឯងពីរឥឡូវហើយកុំឈ្លើយ»...។ ប៉ុន្តែនៅពេលបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ គឺជាការបោះឆ្នោតសកលចុងក្រោយ គឺអ្នកឯងមានសិទ្ធិឈរ ប៉ុន្តែការបោះឆ្នោតស្អីៗទៀតគឺមិនអាចទេ ។

សម្តេចបន្តថា ទាក់ទងចំណុចនេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំឯក ឧត្តម កើត រិទ្ធ ឱ្យរឹតបន្តឹងចំណុចនេះ ហើយសម្តេចគាំទ្រចំណុចនេះ ល្ងាចនេះសម្ដេចក្រឡាហោម ស ខេង នឹងដឹកនាំប្រជុំ លេងឲ្យដល់ថ្នាក់ផាកពិន័យ។

សម្ដេចតេជោ ហ៊ុន សែន បានអានពង្រៀងច្បាស់បោះឆ្នោតថ្មីថា ៖ «មាត្រា ១៤២ថ្មីត្រូវផាកពិន័យជាប្រាក់៥លាន រៀល ​ទៅ ២០ លានរៀលដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតចំពោះជនណាដែលប្រើតាមគ្រប់មធ្យោបាយទុច្ចរិតរារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំងមិនឱ្យចុះឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត ។ បង្កការអុកឡុក ឬសកម្មភាពរារាំងជាប្រក្រតីនៅទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីនិងចុះឈ្មោះបោះឆ្នោត។ ឱ្យអ្នកគាំទ្រឬអ្នកបោះឆ្នោតប្រព្រឹត្តអំពើរំលោភបំពាន អំពើគំរាមកំហែងអំពើហិង្សាទៅលើបេក្ខជន ឬទៅលើគណបក្សនយោបាយដទៃ រារាំងឬញុះញង់ប្រជាពលរដ្ឋ​ដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត។ 

បេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយមិនឱ្យឃោសនាបោះឆ្នោតតាមការកំណត់។ ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត និងធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តនៃការបោះឆ្នោត។ បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោតបាន​ បង្កការរំខានមិនឱ្យរាប់សន្លឹកឆ្នោតបាន ធ្វើឱ្យខូចរបៀបរៀបរយក្នុងការបោះឆ្នោត។ ទិញសន្លឹកឆ្នោតដោយសម្ភារ ឬដោយប្រាក់កាស ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាមីខ្លួន ឬដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរបស់សាមីខ្លួនសម្រាប់រយៈពេល ៥ ឆ្នាំយ៉ាងតិច ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ថែមលើទណ្ឌកម្មដែលបានចែកក្នុងកថាខណ្ឌ ១ខាងលើចំពោះជនដែលបានប្រព្រឹត្តបទល្មើសណាមួយដូចមានចែងក្នុងកថាខណ្ឌទី ១ខាងលើ ។​

មាត្រា ១៤៣ ថ្មី ត្រូវលុបបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ឬត្រូវផាកពិន័យជាប្រាក់ពី ១០ លានរៀលទៅ ៣០ លានរៀលដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌដទៃទៀតចំពោះគណបក្សនយោបាយដែលបានប្រព្រឹត្តល្មើសដូចមានចែងក្នុងមាត្រា១៤២ ថ្មីខាងលើ "។

សម្ដេចបន្តថា «ឥឡូវវាព្រហើន វាស្រែកតមកទៀតថា ឲ្យចូលទៅបោះឆ្នោតទៅ ហើយគូសបំផ្លាញសន្លឹកឆ្នោត។ អញ្ចឹងហ្អែងចាំមើលទៅ ចាំមើលជាប់គុកប៉ុន្មាន ហើយចាំមើលបង់ផាកប៉ុន្មាន សាកបង្កអុកឡុកសាកមើល! ហើយអាពួកនៅខាងក្រៅ ពួកអាក្រុមនេះកំពុងរុញច្រានឱ្យយើងឈានឆ្ពោះទៅរំលាយគណបក្សដែលបញ្ជាពីខាងក្រៅ ។ សុំផ្ដាំផ្ញើទៅក្រែងពួកអ្នកខាងក្នុងគេមិនយល់ស្របជាមួយអ្នកឯងទេ ប៉ុន្តែពួកអ្នកនៅខាងក្នុងបើហ៊ានធ្វើសកម្មភាពតាមពួកខាងក្រៅ គឺច្បាស់ណាស់នឹងរងនៅទណ្ឌកម្មដូច្នេះអ្នកឯង សាកលមើលទៅ ! ច្បាប់អត់ទាន់នេះទេ តែរឹតបន្តឹងជាមួយនឹងសកម្មភាពបំផ្លាញសិទ្ធិរបស់ប្រជាពលរដ្ឋ កន្លងទៅគណៈកម្មការជាតិរៀបចំបោះឆ្នោត ប្រតិកម្មជាមួយនឹងយុទ្ធនាការ wifi របស់ពួកគេនោះដែលថា «ខ្ញុំមិនទៅបោះឆ្នោតដោយសារគ្មានឈ្មោះគណបក្សដែលខ្ញុំពេញចិត្ត» ឥឡូវបើអ្នកឯងមកអាធុនហ្នឹងទៀត ហើយត្រូវបានគាំទ្រដោយអ្នកនៅក្នុងស្រុក គឺច្បាស់ជាប់ហើយ ប៉ុន្តែអ្នកឯងនៅក្រៅស្រុកអាចរួចខ្លួន ប៉ុន្តែអ្នកឯងនៅក្រៅស្រុកកុំភ្លេចថា បើអ្នកឯងភ្ជាប់ទំនាក់ទំនងមកជាមួយ អ្នកក្នុងស្រុកគឺត្រូវរលាយ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម