ហេតុអ្វីប្រធានរដ្ឋសភាថៃថ្មី ផ្តល់ទៅឲ្យគណបក្សប្រឆាឆាតដែលទទួលបានត្រឹម ៩ អាសនៈ?

ព័ត៌មានសង្គមថ្ងៃពុធ ទី05 ខែកក្កដា ឆ្នាំ2023 ម៉ោង 9:36 នាទី ព្រឹក

ដោយ សូរ្យសែង៖

សម័យប្រជុំរដ្ឋ​សភា​ថៃ បាន​អនុម័ត​សេចក្តី​សម្រេច​ជ្រើសរើស​លោក វ៉ាន មូហាំម៉ាត់ នូរ ម៉ាត់ថា ​ប្រធាន​​គណបក្សប្រាឆាឆាតដែលទទួលបាន​ ៩ សំឡេង ក្លាយ​ជា​ប្រធានរដ្ឋសភា បន្ទាប់​ពី​គ្មាន​អ្នក​ផ្សេងចូលប្រកួតប្រជែង ។

សម័យប្រជុំសភាលើកទី ១ នីតិកាលទី ២៦ បានប្រព្រឹត្តទៅនៅថ្ងៃទី 4 ខែកក្កដា ដោយលោកឧត្តមសេនីយ៍ឯក វិរោច ប៉ៅអ៊ីន សមាជិកសភានៃគណបក្សភឿថៃ ជាព្រឹទ្ធាចារ្យ​វ័យ ៨៩ ឆ្នាំ ​បាន​ធ្វើ​ជា​ប្រធាន​សម័យប្រជុំ​បណ្ដោះ​អាសន្ន មុនពេលបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភាពិតប្រាកដ ។

លោក ភីថា សមាជិកសភា និងជា​ប្រធាន​គណបក្សកាវក្លៃ ជាអ្នកស្នើ​បេក្ខភាព​លោក វ៉ា​ន់ ម៉ូ​ហា​ម៉ាត់ ន័រ ម៉ាត់ថា ធ្វើជាប្រធានរដ្ឋសភា ដោយ​មិន​មាន​សមាជិក​ផ្សេង​ទៀត​តែងតាំងមក​ប្រកួត​ប្រជែង​ ។

ក្នុងការបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភា ថៃប្រើ​ច្បាប់​នៅសម័យប្រជុំ​សភាឆ្នាំ ២០១៩ ចែងថា ប្រសិនមាន​ការ​ស្នើបេក្ខភាព​តែ​ម្នាក់គត់ អ្នក​តែងតាំង​ត្រូវ​បាន​ចាត់​ទុក​ថា​បាន​ជាប់​ឆ្នោតជាស្វ័យប្រវត្តិ តែប្រសិនបើមានបេក្ខភាពច្រើននាក់ គេត្រូវបោះឆ្នោតសម្ងាត់ ដោយ​ហៅ​ឈ្មោះ​សមាជិក​សភា​ម្តង​មួយៗ ដើម្បី​ទទួល​សន្លឹក​ឆ្នោត សរសេរឈ្មោះប្រធានដែលចង់បាន ដាក់ក្នុងស្រោមសំបុត្របិទជិត រួច​ទម្លាក់​ទៅ​ក្នុង​ប្រអប់​ឆ្នោត ។ បន្ទាប់​មកសម័យ​ប្រជុំ​នឹង​បង្កើត​គណៈកម្មការ​រាប់​សន្លឹក​ឆ្នោត ។ មុននឹងប្រកាសលទ្ធផល គេរំពឹងថានឹងចំណាយពេលប្រហែល 3 ម៉ោង។ ការ​បោះឆ្នោត​សម្ងាត់​នេះ ​បាន​ធ្វើ​ឱ្យ​វា​ពិបាក​ក្នុង​ការ​ដឹកនាំ និង​មិន​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ជ្រើសរើស​នរណា​ឡើយ ។

ចុងក្រោយ លោកប្រធានគណបក្សប្រាឆាឆាត ដែលទទួលបានការគាំទ្រពីគណបក្សធំៗចំនួន ២  គឺគណបក្សកាវក្លៃ (កាវកៃ) និងគណបក្សភឿថៃ ជា «អ្នកនៅកណ្តាល» ដើរតួជាប្រធានផ្នែកនីតិបញ្ញត្តិ បន្ទាប់ពីមេដឹកនាំគណបក្សធំទាំងពីរ ដែលមានសំឡេងសរុប 292 នៅក្នុងសភា ត្រូវការពេលច្រើនខែដើម្បីចរចាគ្នា ប៉ុន្តែមិនអាចព្រមព្រៀង-ចរចាគ្នាបាន ដូច្នេះ​សម្រេច​ប្រគល់​ប្រធាន​សភា​ទៅ​ប្រធាន​គណបក្ស​ប្រាឆាឆាត ។

សេចក្តី​សម្រេច​ជ្រើសរើស​ប្រធាន​រដ្ឋសភា ត្រូវបានចាប់អារម្មណ៍ដោយភាគីជាច្រើន ព្រោះ​វា​នឹង​ឆ្លុះ​បញ្ចាំង​ពី​ការ​រួបរួម​គ្នា​របស់​គណបក្ស​នយោបាយ​ទាំង ៨ ដែល​បាន​ប្រកាស​ពី​ចេតនា​បង្កើត​រដ្ឋាភិបាល​ចម្រុះ និងលើកទឹកចិត្តលោក ភីថា មេដឹកនាំគណបក្សកាវក្លៃ ជានាយករដ្ឋមន្ត្រីទី 30 ។

មុននេះ លោក អាឌីសន គឺជា «តួឯក» របស់គណបក្សភឿថៃ ក្នុងការប្រឆាំងនឹងការដណ្តើមយកអាសនៈប្រធានសរដ្ឋសភាពីគណបក្សកាវក្លៃរបស់លោក ភីថា ដោយផ្តល់ហេតុផលថា «មិនគួរឲ្យព្រះសង្ឃបួសថ្មី ជាអាចារ្យទេ» ហើយបានអះអាងថា គណបក្សកាវក្លៃ និងគណបក្សភឿថៃ ខុសគ្នាត្រឹមតែ ១០ សំឡេងប៉ុណ្ណោះ ក្នុងពេលគណបក្សកាវក្លៃ បានជាបេក្ខភាពជានាយករដ្ឋមន្ត្រី ហើយក៏គួរឲ្យគណបក្សភឿថៃជាប្រមុខនីតិបញ្ញត្តិ។

នៅពេលអ្នកសារព័ត៌មានសួរថា ហេតុអ្វីបានអនុញ្ញាតឱ្យគណបក្សទទួលបានសំឡេងត្រឹមចំនួន ៩ អាសនៈ ធ្វើជាប្រធានរដ្ឋសភា? លោក អាឌីសន បាន​ឆ្លើយ​ថា «នោះជាអតីតកាល វាចប់ហើយ ដូច្នេះ​ត្រូវ​ទុក​ឲ្យ​លោក វ៉ាន់ន័រ ជាអ្នកសម្របសម្រួលសភាពការណ៍ ។

សម័យប្រជុំសភាដំបូងមានសមាជិក 498 រូប

សម័យប្រជុំសភាលើកទី១ មានសមាជិកសភាចំនួន ៤៩៨ រូប ពីសមាជិកចំនួន ៥០០រូប ដែលអនុម័តដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត (ECT) ក្រោយលោកស្រី ណាទីផាស គុលសេតថាស៊ិត សមាជិក​សភា​របស់​គណបក្សកាវក្លៃ បាន​បញ្ចប់​សមាជិកភាព​របស់​ខ្លួន ​បន្ទាប់​ពី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​«បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង»។

ទីបំផុត សភាតំណាងរាស្រ្តបានអនុម័តលើសេចក្តីសម្រេចជ្រើសរើសលោក ប៉ាឌី ផាត ជាអនុប្រធានទី១ ដោយសំឡេង ៣១២ ទល់នឹង ១០៥ អនុប្បវាទ ៧៧ និងសន្លឹកឆ្នោតមិនបានការចំនួន ២ ដោយសំឡេងសរុប ៤៩៦ លើសមាជិក ៤៩៧ រូប ដែលបានចូលរួមប្រជុំ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម