ដោយ សូរ្យសែង៖
កាលពីថ្ងៃទី ២៩ មិថុនា ក្រុមប្រឆាំងក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ា នៅក្នុងខេត្តថាតន រដ្ឋការៀង ប្រទេសមីយ៉ាន់ម៉ា បានដាក់បំផ្ទុះគ្រាប់ផ្តាច់ស្ពានមួយកន្លែង ដែលជាស្ពានយុទ្ធសាស្ត្រ ។
អាជ្ញាធរមីយ៉ាន់ម៉ា ដែលទៅត្រួតពិនិត្យហេតុការណ៍ ក៏ត្រូវក្រុមប្រឆាំងបាញ់ឲ្យបាត់បង់ជីវិត ៣ នាក់ ក្នុងនេះមានវិស្វករជាន់ខ្ពស់មួយរូប និងអ្នករបួសជាច្រើននាក់ផងដែរ ។
ស្ពានដែលបំផ្ទុះបាក់នេះ ជាស្ពានយុទ្ធសាស្ត្ររបស់មីយ៉ាន់ម៉ា ដែលសម្រាប់ដឹកជញ្ជូនទំនិញនៅព្រំដែនថៃ-មីយ៉ាន់ម៉ា ដូចជាខេត្តតាក ទៅកាន់ខេត្តយ៉ាងហ្គុង និងខេត្តម៉ាន់ថាលឺយ រួមទាំងរដ្ឋធានីណេពិដោផងដែរ ។ ក្នុងហេតុការណ៍លើកនេះ បានខូចខាតរថយន្ត ៣ គ្រឿង និងអ្នករបួសមួយចំនួន ។
អាជ្ញាធរសហភាពជាតិការៀង (KNU) ប្រកាសថា ក្រុមប្រឆាំងធ្វើប្រតិបត្តិការលើកនេះ មានប្រើដ្រូន បណ្តាល់ឲ្យទាំងទាហាន ទាំងស៊ីវិលបាត់បង់ជីវិត និងរបួស ១០ នាក់ ៕