ឯកឧត្តម សុត ធា អនុប្រធាន ACU និងលោកជំទាវ អញ្ជើញកាន់បិណ្ឌវេនទី៨ របស់អង្គភាពប្រឆាំងអំពើពុករលួយ នៅវត្ដព្រះវិហារលើ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី08 ខែតុលា ឆ្នាំ2023 ម៉ោង 7:41 នាទី ព្រឹក

អត្ថបទ សូរ្យសែង៖

នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុត ធា អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង លោកជំទាវ យុង ច័នប្ទជាតា ព្រមទាំងមន្ត្រីរាជការជាច្រើនរូប បានអញ្ជើញរាប់បាត្រ ប្រគេនទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធ បុព្វការីជន ក្នុងពិធីកាន់បិណ្ឌវេនទី៨ នៅវត្តព្រះវិហារលើ ស្ថិតក្នុងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

ក្នុងពិធីនោះ ឯកឧត្តម ព្រមទាំងមន្ត្រីរាជការ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន និងវេរចង្ហាន់ប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះវិហារលើ ដើម្បីឧទ្ទិស ដល់វិញ្ញាណក្ខន្ធ ជីដូនជីតា និងញាតិកាទាំង ៧សន្តាន ដែលបានចែកឋានទៅកាន់ បរលោកខាងមុខ។

ទេយ្យវត្ថុ បានប្រគេនព្រះសង្ឃក្នុងថ្ងៃនេះរួមមាន៖ ទឹកក្រូច ទឹកសុទ្ធ ត្រីខ អង្ករ មីម៉ាម៉ា ស្កសរ ទឹកដោះគោ  ទឹកស៊ីអ៊ីវ ទៀនធូប និងបច្ច័យមួយចំនួនផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុត ធា និងលោកជំទាវ បានចែកទានសៀវភៅ ប៊ិចនិងថវិកា ដល់កុមារជាច្រើនរូប ព្រមទាំងចែកទានក្រមា សារុង និងថវិកា ដល់តាអាចារ្យ ដូនជី និងចាស់ជរាផងដែរ ។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការអង្គភាពប្រឆាំងអំពើពុករលួយ និងលេខាធិការដ្ឋានជាតិប្រឆាំង​ភេរវកម្ម បានកាន់បិណ្ឌតាំងពីបិណ្ឌទី ៧ រហូត ដល់បិណ្ឌភ្ជុំតែម្តង ។

បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗ ដទៃទៀត ដែលប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា តែងតែមានប្រារព្ធធ្វើ តាំងពីបុរាណកាលតរៀងមក មិនដែលអាក់ខានឡើយ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម