រាជរដ្ឋាភិបាលកម្ពុជាមិនល្អឥតខ្ចោះទេ តែមានឆន្ទៈចង់ឱ្យខ្លួនក្លាយជាល្អឥតខ្ចោះ! ដោយសារចង់ឲ្យខ្លួនយើងល្អឥតខ្ចោះនេះហើយ បានជាយើងត្រូវប្រើអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ជាប់ជាប្រចាំ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី15 ខែមករា ឆ្នាំ2024 ម៉ោង 5:58 នាទី ល្ងាច

 

B. Dararith:

នេះជាប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅធ្វើការ និងសិក្សានៅទ្វីបអឺរ៉ុបប្រមាណ ២.៥០០នាក់ នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤  ។

សម្តេចធិបតីថ្លែងថា៖«ខ្ញុំមិនថាកម្ពុជាល្អខ្ចោះ រាជរដ្ឋាភិបាលល្អឥតខ្ចោះនោះទេ! ហើយខ្ញុំមិនថា មន្រ្តីរដ្ឋាភិបាលល្អឥតខ្ចោះនោះដែរ យើងត្រូវមានអភិក្រម អញ្ចឹងហើយដាក់ចេញនូវអភិក្រមទាំងប្រាំ ឆ្លុះកញ្ចក់ ងូត ទឹក ដុសក្អែល ព្យាបាល ហើយព្យាបាលខ្លួនឯងមិនចេញ គឺ វះកាត់»។

សម្តេចបន្តថា «មុននឹងខ្ញុំមកនេះ ខ្ញុំបានចុះហត្ថលេខាដកអភិបាលក្រុងកែបម្នាក់ ដោយសារប្រព្រឹត្តអំពើមិនគប្បី ប្រើប្រាស់អំណាច ខ្ញុំដកចេញតែម្ដងដើម្បីបើកឆាក ។ យើងមិនចង់ឈានទៅដល់ហ្នឹងទេ យើងទុកឱកាសកែខ្លួន ពិនិត្យមើល តែចាំបាច់ប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋយើង ត្រូវអនុវត្តអភិក្រមនេះ ព្រោះជាកាតព្វកិច្ចរបស់យើងបម្រើប្រជាពលរដ្ឋ ។

សម្តេចបញ្ជាក់ថា យើងមិនថាយើងល្អឥតខ្ចោះនោះទេ ប៉ុន្តែយើងមានគោលដៅធ្វើឱ្យខ្លួនយើងល្អឥតខ្ចោះ នេះហើយគឺជាគោលដៅរបស់យើង ព្រោះតែយើងមានទស្សនវិស័យចង់ឲ្យខ្លួនយើងល្អឥតខ្ចោះនេះហើយ បានជាយើងត្រូវឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ជាប់ជាប្រចាំ ។ បើសិនយើងគ្មានឆន្ទៈធ្វើឲ្យខ្លួនយើងល្អឥតខ្ចោះ យើងថាបញ្ហាវាគង់តែមានទេ ស្រុកណាក៏មានដែរ មិនបាច់ខំប្រឹងធ្វើទេ ដដែលជាដដែល អញ្ចឹងយើងឱ្យហេតុផល លេសរបស់យើងមិនប្រាកដ ។

ប៉ុន្តែខ្ញុំសូមបញ្ជាក់រាជរដ្ឋាភិបាល យើងទន្ទឹមនឹងដាក់ទិសដៅខ្ពស់ក្នុងការជំរុញប្រទេសយើងឱ្យទៅជាប្រទេសអ្នកមាននៅឆ្នាំ ២០៥០ ដែលមនុស្សច្រើនណាស់សូម្បីតែអគ្គលេខាធិការអង្គការសហប្រជាជាតិ ជួបខ្ញុំដំបូងគាត់ថា យី! កម្ពុជាដាក់គោលដៅខ្ពស់ម៉្លេះ ខ្ញុំប្រាប់គាត់ថា កម្ពុជាគឺអញ្ចឹង បើយើងមិនជំរុញខ្លួនឯងឱ្យខ្លាំងទេ យើងនឹងខាតឱកាស ទាល់តែដាក់ទិសដៅខ្ពស់ ទាល់តែយើងមានឆន្ទៈដាក់ផែនការដើម្បីរត់ឲ្យលឿន យកផែនការនេះដើម្បីបម្រើប្រជាពលរដ្ឋ យើងបង្ខំខ្លួនឯងតែម្ដងគ្មានពេលដេកអេះពោះទេ!


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម