តុលាការមីយ៉ាន់ម៉ា ប្រកាសលក់ផ្ទះលោកស្រី អ៊ុន សាន ស៊ូឃ្យី

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី27 ខែមករា ឆ្នាំ2024 ម៉ោង 12:31 នាទី ល្ងាច

 

ដោយ សូរ្យសែង៖

   តុលាការមីយ៉ាន់ម៉ាបានបញ្ជាកាលពីថ្ងៃព្រហស្បតិ៍ ទី ២៥ មករាថា ផ្ទះគ្រួសាររបស់លោកស្រី អ៊ុង សានស៊ូឃ្យី ដែលយោធា​ដណ្តើមអំណាចក្នុងរដ្ឋប្រហារនៅដើមឆ្នាំ 2021 នឹងត្រូវដាក់លក់ដេញថ្លៃក្នុងខែមីនា។ ទ្រព្យសម្បត្តិនេះគឺជាកម្មវត្ថុនៃការប្រយុទ្ធគ្នានៅតុលាការរយៈពេលមួយទសវត្សរ៍ រវាងអតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិល និងបងប្រុសរបស់គាត់។ នេះ​បើ​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ។

   ការសម្រេចរបស់តុលាការទីក្រុងយ៉ាងហ្គូន បានធ្វើឡើងបន្ទាប់ពីតុលាការជាន់ខ្ពស់របស់មីយ៉ាន់ម៉ាបានតម្កល់បណ្តឹងឧទ្ធរណ៍ពិសេសរបស់លោក អ៊ុង សាន អ៊ូ  ដែលជាបងប្រុសរបស់លោកស្រី អ៊ុង សានស៊ូឃ្យី ដែលអនុញ្ញាតឱ្យគាត់កាន់កាប់ពាក់កណ្តាលនៃទ្រព្យសម្បត្តិដែលបានទទួលមរតក។

   មន្ត្រី​ច្បាប់​ដែល​ជិតស្និទ្ធ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា តុលាការទីក្រុង​បាន​សម្រេច​ថា ផ្ទះ​នេះ​នឹង​ត្រូវ​ដាក់​លក់​ដេញ​ថ្លៃ​នៅ​ថ្ងៃ​ទី ២០ ខែ​មីនា ដោយ​មាន​តម្លៃ​ចាប់​ពី 315 ពាន់​លាន​ចាត (ប្រហែល 90 លាន​ដុល្លារ)។

   ផ្ទះរចនាបទអាណានិគមពីរជាន់ ស្ថិតនៅលើផ្ទៃដី 1.923 ហិចតា ឬប្រហែល 4.8 រ៉ៃ នៅមាត់បឹងអ៊ិនលេ នៅទីក្រុងយ៉ាងហ្គូន ជាមរតកដែលលោកស្រី ឃីន ឃ្យី ម្តាយរបស់លោកស្រី អ៊ុង សាន ស៊ូឃ្យី ទទួលបានពីរដ្ឋាភិបាលមីយ៉ាន់ម៉ា បន្ទាប់ពីឧត្តមសេនីយ៍ អ៊ុង សាន ដែលជាវីរៈបុរសសកម្មជនឯករាជ្យ ត្រូវគេលបធ្វើឃាតកាលខែកក្កដា ឆ្នាំ 1947 ។ លោកស្រី ឃិន ឃ្យី បានអនិច្ចកម្មនៅឆ្នាំ 1988 បន្ទាប់ពីមានការតវ៉ាប្រឆាំងនឹងយោធាដែលដឹកនាំដោយលោកស្រី អ៊ុង សាន ស៊ូឃ្យី ដែលជាសហស្ថាបនិកនៃសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ទទួលរងការបរាជ័យ ។

   អតីត​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ឆ្នាំ 1989 និង​ឃុំខ្លួន​ក្នុងផ្ទះ​នេះ​អស់​រយៈពេល​ជិត 15 ឆ្នាំ​មុនពេល​ត្រូវបាន​ដោះលែង​ក្នុង​ឆ្នាំ 2010 ​។

   បន្ទាប់ពីទទួលបានសេរីភាពនៅពេលនោះ ផ្ទះនេះបន្តិចម្ដងៗបានក្លាយជាវិមាននយោបាយ និងជាទីស្នាក់ការក្រៅផ្លូវការរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលលោកស្រី អ៊ុងសាន ស៊ូឃ្យី ទទួលភ្ញៀវសំខាន់ៗជាច្រើន រួមមានអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន និងអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ។

   ចាប់តាំងពីឆ្នាំ 2012 មក លោកស្រី អ៊ុង សានស៊ូឃ្យី បានផ្លាស់ទៅនៅក្នុងទីក្រុង ណៃពិដោ ក្នុងតួនាទី សមាជិក​សភា និង​ជា​មេ​ដឹក​នាំ​រដ្ឋាភិបាល​រហូត​ដល់​គាត់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ឡើង​វិញ​នៅ​ឆ្នាំ 2021 ។

   បងប្រុសរបស់គាត់ អ៊ុង សាន អ៊ូ បានដាក់ពាក្យបណ្តឹងទាមទារសំណងពាក់កណ្តាលនៃគេហដ្ឋាននេះក្នុងឆ្នាំ 2000 ប៉ុន្តែតុលាការបានបដិសេធមិនទទួលយកការទាមទារនេះដោយសារតែបញ្ហានីតិវិធី មុន​ពេល​គាត់​ត្រឡប់​ទៅ​ដាក់​ពាក្យ​បណ្ដឹង​ជា​ច្រើន​ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ។

   ក្នុងឆ្នាំ 2016 តុលាការជាន់ខ្ពស់ទីក្រុងយ៉ាងហ្គូន បានសម្រេចថា ទ្រព្យសម្បត្តិនឹងត្រូវបែងចែកស្មើៗគ្នារវាងបងប្អូន ប៉ុន្តែលោក អ៊ុង សាន អ៊ូ បានហៅការសម្រេចចិត្តនេះថា អយុត្តិធម៌ ហើយបានប្តឹងឧទ្ធរណ៍ម្តងហើយម្តងទៀតឱ្យលក់ផ្ទះដើម្បីចែករំលែកលុយជាមួយប្អូនស្រី ប៉ុន្តែ​ការ​ព្យាយាម​បែប​នេះ​មិន​បាន​ជោគជ័យ​ទេ។ រហូត​ដល់​តុលាការ​កំពូល​បាន​សម្រេច​នៅ​ខែ​សីហា ឆ្នាំ 2022 ថា​ទ្រព្យ​សកម្ម​នេះ​ត្រូវ​បាន​លក់​ដេញ​ថ្លៃ។

   ប៉ុន្តែចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀតគឺ លោក ឌូវ៉ា ឡាស៊ី ឡា ប្រធានស្តីទីនៃរដ្ឋាភិបាលរួបរួមជាតិ (NUG) ដែលជារដ្ឋាភិបាលស្រមោលប្រឆាំងនឹងរដ្ឋាភិបាលយោធា និងទាមទារសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងប្រទេសថា ផ្ទះនេះត្រូវបានប្រកាសជាបេតិកភណ្ឌវប្បធម៌របស់ប្រទេស និងហាមឃាត់មិនឱ្យលក់ ឬបំផ្លាញ ហើយ​ប្រសិន​បើ​មាន​ការ​ល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ៕

ប្រភព sanook


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម