កម្ពុជា-ថៃ ចុះអនុស្សរណៈយោគយល់គ្នាចំនួន៥ ច្បាប់ លើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ សហការគ្នាក្នុងគ្រប់វិស័យ

នយោបាយថ្ងៃពុធ ទី07 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 6:33 នាទី ល្ងាច

 

ប្រភពពី mgronline+prachachat

ដោយ សូរ្យរិទ្ធៈ

     នៅថ្ងៃនេះ (៧ កុម្ភៈ) វេលាម៉ោង ១១.៤០ នាទី នៅអគារសន្តិមេត្រី នៃវិមានរដ្ឋាភិបាលថៃ លោក សេដ្ឋា ទ្វីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រថៃ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នាចំនួន ៥ ច្បាប់ ដូចខាងក្រោម៖

    ១) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបជាបន្ទាន់រវាងប្រទេសថៃ និងកម្ពុជា (ក្រសួងមហាផ្ទៃថៃ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន) ដែលភាគីថៃចុះហត្ថលេខាដោយលោក អានុធិន ឆានវីរគុន (Anutin Charnvirakul) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ខាងភាគីកម្ពុជា គឺឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា ((Senior Minister and First Vice-President of National Committee for Disaster Management of Cambodia) ។

    ២) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ ដែលភាគីហត្ថលេខីរបស់ថៃ គឺលោកស្រី ស៊ុប៉ាម៉ាស អ៊ីសារ៉ាផាក់ក្ឌី រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ ហើយភាគីកម្ពុជាគឺ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

    ៣) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការឆ្លងកាត់ទំនិញ រវាងនាយកដ្ឋានគយថៃ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលភាគីថៃចុះហត្ថលេខាដោយលោក ធីរ៉ាត់ អាត់តាវ៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានគយ ហើយ​ភាគី​កម្ពុជា គឺឯកឧត្តម​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។

    ៤) អនុស្សរណៈយោគយល់គ្នារវាង ធនាគារនាំចេញ-នាំចូលថៃ និងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសថៃ និងកម្ពុជាដែលភាគីហត្ថលេខីរបស់ថៃដោយលោកបណ្ឌិត រ៉ាក់ វរ៉ាគីតផូកាថន នាយកគ្រប់គ្រងនៃ ធនាគារ EXIM Bank និងភាគីកម្ពុជា គឺអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ។

    ៥) អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ និងសភាពាណិជ្ជកម្មកម្ពុជា ភាគីថៃចុះហត្ថលេខាដោយលោក សាណាន់ អង់អុបគុល ប្រធានសភាពាណិជ្ជកម្មថៃ ភាគីកម្ពុជា គឺអ្នកឧកញ៉ា គិត ម៉េង ប្រធានសភា ពាណិជ្ជកម្មកម្ពុជា ។

   បន្ទាប់​មក នាយក​រដ្ឋមន្ត្រី​ថៃ និង​សម្តេចធិបតី ​បាន​រួម​គ្នា​ធ្វើ​សន្និសីទ​កាសែត ​ដែលលោក ឆៃ វ៉ាត់ចារុង អ្នក​នាំ​ពាក្យ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី បង្ហាញពីសេចក្តីសង្ខេបសំខាន់ៗ ដូចខាងក្រោម៖

   បង្កើនកម្រិតនៃទំនាក់ទំនងឆ្ពោះទៅ «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលនឹងផ្តល់ឱកាសធ្វើការកាន់តែជិតស្និទ្ធ និងលើកកម្ពស់សក្តានុពលរបស់ប្រទេសទាំងពីរ ហើយថៃនឹងបើកស្ថានអគ្គកុងស៊ុលថ្មីនៅខេត្តសៀមរាប ឯកម្ពុជា​នឹង​បើក​ស្ថាន​អគ្គកុងស៊ុល​ថ្មី​នៅ​ខេត្ត​សុងក្លា​នៅ​ចុង​ឆ្នាំ​នេះផងដែរ ។

   វិស័យសន្តិសុខ ជាពិសេស​នៅ​ជុំវិញ​ព្រំដែន​កម្ពុជា​-​ថៃ​ ថៃ​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ប្រើ​ទឹកដីថៃ​ជា​កន្លែង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ឡើយ ឬធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ប្រទេសជិតខាង ។ មេដឹកនាំ​​ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាពិសេសបណ្តាញក្លែងបន្លំតាមសាយបឺរ ។

   ខាង​ផ្នែក​សេដ្ឋកិច្ច ថៃ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​នៃ​គណៈកម្មាធិការ​ពាណិជ្ជកម្ម​ចម្រុះ កម្រិតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទី៧ នៅដើមខែមីនា ព្រមទាំងមានគោលនយោបាយ quick win ក្នុងការនាំយក MOU ដែលបានចុះហត្ថលេខាលើការនាំទំនិញឆ្លងដែនភ្លាមៗ ដើម្បីបង្កើនទំហំពាណិជ្ជកម្ម ជាពិសេស ពាណិជ្ជកម្មតាមព្រំដែន ។ ភាគីទាំងពីរក៏បានស្វាគមន៍ចំពោះការចុះ MOU រវាងធនាគារ EXIM Bank និងសភាពាណិជ្ជកម្មកម្ពុជា ដែល នឹង​ជួយ​ជំរុញ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ទាំង​ពី​រ ​ថៃនិង​កម្ពុជា។

   ការអភិវឌ្ឍតំបន់ព្រំដែន ភាគីទាំងពីរបានពិភាក្សា និងឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ថាមពល និងការពិភាក្សាបន្ថែមទៀតអំពីការធ្វើអាជីវកម្មរួមគ្នានៃធនធានអ៊ីដ្រូកាបូននៅក្នុងតំបន់ត្រួតស៊ីគ្នាផង ដែរ។ មេដឹកនាំទាំងពីរបានប្តេជ្ញាចិត្តក្នុងការបោសសម្អាតមីនមនុស្សធម៌នៅក្នុងតំបន់ ក្នុងគោលដៅធ្វើឱ្យតំបន់ព្រំដែនមានសុវត្ថិភាព ព្រម​ទាំង​ចាត់​វិធាន​ការ​កែ​លម្អ​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា-ថៃ ដែល​នៅ​មិន​ទាន់​សម្រេច។ យើងក៏មានសេចក្តីសោមនស្សរីករាយក្នុងការចុះហត្ថលេខាលើ MOU ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយ ហានីភ័យគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់ ដែលនឹងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅ នឹងភាពអាសន្ននៅតាមតំបន់ព្រំដែន ។

   វិស័យទេសចរណ៍ ភាគីទាំងពីរបានឯកភាពបញ្ចូលគ្នានូវភាពខ្លាំងផ្នែកទេសចរណ៍ក្នុងតំបន់ តាមរយៈគម្រោង « ប្រទេស៦ គោលដៅតែមួយ» ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់ ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​កែ​លម្អ​កិច្ច​ព្រម​ព្រៀង​លើ​ការ​ឆ្លង​កាត់​ព្រំដែន ហើយ​នឹង​ត្រឡប់​ទៅ​ចរចា​កិច្ចព្រមព្រៀង​ទ្វេភាគី​លើ​ការ​ដឹកជញ្ជូន​ឆ្លងដែន​តាម​ផ្លូវថ្នល់​ ដើម្បីអាចឆ្លងព្រំដែនដោយរថយន្តឯកជន ។

   បញ្ហាផ្សែងអ័ព្ទឆ្លងដែន បានឯកភាពបង្កើតក្រុមការងាររួម បង្កើតផែនការសហប្រតិបត្តិការ ដើម្បីបង្កើតបណ្តាញទំនាក់ទំនងបន្ទាន់សម្រាប់ការផ្លាស់ប្តូរព័ត៌មាន និងការព្រមានអំពីភ្លើងឆេះ កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងភាពអាសន្ន និងកសាងសមត្ថភាព និងចែករំលែកការដោះស្រាយជាមួយនឹងការឆេះក្នុងវិស័យកសិកម្ម ក្នុង​នោះ​ថៃ​បាន​អញ្ជើញ​កម្ពុជា​ឱ្យ​ចូល​រួម​ក្នុង​ផែនការ​សកម្មភាព CLEAR Sky Strategy ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​នៅ​ថ្នាក់​តំបន់។

   សម្រាប់ពលករ ​លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ថៃ​ផ្តល់​សារៈសំខាន់​ដល់​ការ​ថែទាំ​ពលករ​គ្រប់​ប្រទេស រួម​ទាំង​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ថៃ ដើម្បីបំពេញការងារក្នុងភាពយុត្តិធម៌ និងការរ៉ាប់រងហានិភ័យសេដ្ឋកិច្ចឲ្យវបានសមស្រប ។

   ចំពោះស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា ថៃនិង​កម្ពុជា​ចង់​ឃើញ​មីយ៉ាន់ម៉ា​មាន​សន្តិភាព ស្ថិរភាព និង​ឯកភាព​ ដែលរដ្ឋាភិបាលនឹងដើរតួនាទីយ៉ាងសកម្មក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា និងជំរុញការដោះស្រាយដោយសន្តិវិធី ដោយអនុវត្តកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ។

   នៅចុងបញ្ចប់ មេដឹកនាំថៃ និងកម្ពុជាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយរួមគ្នារៀបចំសកម្មភាពអបអរសាទរខួបលើកទី 75 នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ 2025 ដែលនឹងផ្តោតលើសកម្មភាពដែលលើកកម្ពស់ការយល់ដឹងរវាងប្រជាជន ហើយ​បាន​បញ្ជាក់​ថា នឹង​ជួប​ពិភាក្សា​គ្នា​ជា​បន្តបន្ទាប់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្តទៀត ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម