ACU ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា «ស្រី្ត និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម តុប សំ និងឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី

ព័ត៌មានសង្គមថ្ងៃពុធ ទី06 ខែមិីនា ឆ្នាំ2024 ម៉ោង 9:40 នាទី ល្ងាច

 

អត្ថបទ សូរ្យសែង៖

ពិធីអបអរទិវាអន្តរជាតិនារី ៨មីនា ខួបទី ១១៣ ឆ្នាំនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ.ប.ព. ឬ ACU និងលោកជំទាវ ចិន ច័ន្ទមុនី ឧបការី ប្រធានក្រុមប្រឹក្សាវិន័យ និងបទបញ្ជាផ្ទៃក្នុង និងជាប្រធានសមាគម​នារីនៃ អ.ប.ព. ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» សរុបចំនួន ២៥០រូប នារសៀលថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំ អ.ប.ព. ។

លោកជំទាវ ប្រធានសមាគមនារី បានជម្រាបអង្គពិធីឲ្យដឹងថា មហាគ្រួសារនារី អ.ប.ព. មានចំនួនសរុប ២៨០ រូប ក្នុងនេះ មានតួនាទីជា ឧបការី អគ្គនាយករង អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ មន្ត្រី បំពេញភារកិច្ចដោយភាពទទួលខុសត្រូវខ្ពស់ សុចរិតភាព រស់នៅភាពស្អាតស្អំ សាមគ្គីភាព និង គ្មានការ​រើសអើង ថែមទាំងមានសមត្ថភាពបំពេញភារកិច្ចប្រឆាំងអំពើពុករលួយ និងការងារសង្គមផ្សេងៗ ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន អ.ប.ព. បានសំណេះសំណាល​ដោយភារតភាព ភាពស្និទ្ធស្នាល ជាមួយមហាគ្រួសារនារីរបស់ អ.ប.ព. ។ ឯកឧត្តមបានលើកឡើងចំពោះវីរៈនារីគំរូរបស់សម្តេចកិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក្នុងការបម្រើជាតិ នាំមកនូវភាពសុខុដុមចំពោះស្តី្រខ្មែរ ដូច្នេះនារី អ.ប.ព. ត្រូវនាំយកគំរូនេះដាក់ខ្លួនសម្រាប់អនុវត្តភារកិច្ច ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា «ខ្ញុំមានមោទនភាពណាស់ចំពោះ​មហាគ្រួសារ​នារី អ.ប.ព. ដែលឆ្លងកាត់ព្យុះភ្លៀង ក្តៅ ត្រជាក់ យប់ថ្ងៃ ការលំបាកទាំងឡាយ ធ្វើការមិន​ចាញ់​បុរស ធ្វើដោយក្លាហាន ធ្វើដោយការទទួលខុសត្រូវខ្ពស់ក្នុងភារកិច្ចប្រឆាំងអំពើ​ពុករលួយរបស់ខ្លួន... និង​ឲ្យបន្តភាពល្អ រាប់អានគ្នាជាបងប្អូនតែមួយ​របស់​នារីអង្គភាពបន្តទៅទៀត»

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា «ការប្រារព្ធពិធីរំលឹកខួបទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ គឺក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថល ស្របតាមប្រសាសន៍ដាក់ចេញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថាឆ្នាំ ២០៣៥ គឺជាយុគសម័យក្នុងបរិវត្តនៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថលពេញលេញ នោះ រដ្ឋឌីជីថល ពលរដ្ឋឌីជីថល អាជីវករឌីជីថល និងគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង បង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី»

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យាសម្បូរណ៍បែប យើងសង្កេតឃើញថា មិនមែនត្រឹមតែស្ត្រី និងក្មេងស្រីទេ ដែលកំពុងរងការប្រឈមក្នុងបរិបទនៃសម័យឌីជីថល គឺមនុស្សគ្រប់ភេទ គ្រប់អាយុ សុទ្ធតែកំពុងទទួលរងផលប៉ះពាល់ពីបច្ចេកវិទ្យាឌីជីថល។ ដូច្នេះត្រូវទាមទារឲ្យអាណាព្យាបាលទាំងអស់ ផ្តោតការយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការតាមដាននូវរាល់សកម្មភាពនៃការប្រើប្រាស់ទូរស័ព្ទ កុំព្យូទ័រ ឬថាប្លេតផ្សេងៗ របស់កូនៗ ដែលជាការចូលរួមចំណែកក្នុងការកាត់បន្ថយនូវគ្រោះថ្នាក់ និងផលប៉ះពាល់នៃការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ។

ពីធីបានបញ្ចប់ដោយស្នាមញញឹមរបស់គណៈអធិបតី ជាមួយយុទ្ធនារីអង្គភាពប្រឆាំងអំពើពុករលួយ ដោយការថតរូប ជាមួយនឹងដៃយួរកាដូក្រណាត់ហូលរបស់ខ្មែរចម្រុះពណ៌ ក្នុងភាតរភាព រវាងប្រធាន និងមន្ត្រី ៕

Photo by SeyUdom + Bora + Ratha

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម